តារាចម្រៀង ប៉ាច គីមមួយ បញ្ជាក់រឿងតាមទាន់គូដណ្ដឹងនៅជាមួយស្រីក្នុងបន្ទប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងប៉ាច គីមមួយ បានសម្តែងការសោកស្តាយ បន្ទាប់ពីនាងរងការរិះគន់ខ្លាំងពីមហាជន ចំពោះការបង្ហោះវីដេអូឃ្លីបបង្ហាញដែលនាងតាមទាន់គូដណ្តឹង គឺលោកសយ រតនៈ កំពុងមានស្រីនៅក្នុងបន្ទប់ ។
ជាមួយនឹងការបញ្ចញវីដេអូនោះ ប៉ាច គីមមួយ សរសេរថា «អស់ទ្រាំហើយ ខ្មាសគេខ្មាសចុះ ខ្ញុំឆ្អែតគ្រប់យ៉ាង មិនមែនម្តងទេ លើកលែងក៏ធ្លាប់លើកលែងឱ្យច្រើនដងដែរ តែអ្នកមិនចេះគ្រប់គ្រាន់។
នាងសំណាងហើយខ្ញុំបិទមុខ ទុកកិត្តិយសឱ្យ ។ បើចង់បានណាស់យកចុះ ខ្ញុំលែងត្រូវការហើយ» ។
អ្នកខ្លះចាត់ទុកឈុតឆាកវីដេអូនេះគឺគ្រាន់តែជាការថតសម្តែងប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកជាច្រើនទៀតរិះគន់ថា វាគឺជាការបំពុលសង្គម ដោយសារតែវាមិនមែនជាការពិត ។
ក្រោយពីផ្ទុះការរិះគន់ពីមហាជននោះមក ថ្មីៗកន្លងមក ប៉ាច គីមមួយ បានអះអាងថា «នេះគឺជាឈុតមួយនៅក្នុងបទមានសង្សារលាក់ប្រពន្ធ ដែលបងប្អូនទាំងអស់គ្នាកំពុងផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គម នាងខ្ញុំពុំមានចេតនា ឬចង់បំពុលសង្គមអ្វីនោះឡើយ គ្រាន់ជាឈុតមួយនៅក្នុង MV យកមកបង្ហោះប្រម៉ូតមុនពេលចេញបទចម្រៀង ។
នាងខ្ញុំតែងតែបង្ហើបសាច់រឿងខ្លះៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់ទស្សនិកជន ប៉ុន្តែការផុសវីដេអូលើកនេះគឺធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនមហាជនទាំងអស់គ្នា ។
ទទួលស្គាល់ថាការផលិតបទចម្រៀង MV គឺតែងតែចង់បានការគាំទ្រពីបងប្អូន ប៉ុន្ដែការបញ្ចេញវីដេអូនេះ យើងខ្ញុំក៏ទទួលបានការរិះគន់ ក៏ដូចជាការមិនសប្បាយចិត្តពីបណ្តាអ្នកគាំទ្រ ។
ពួកយើងក៏មានការសោកស្ដាយដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនទាំងអស់។ យើងខ្ញុំសុំទោសរាល់កំហុសឆ្គងដែលបានកើតមានឡើងផងចុះ» ៕





ចែករំលែកព័តមាននេះ