នី មុន្នីនាថ ចាត់ទុកការលះបង់របស់នាង១៨ឆ្នាំ គឺមានន័យ ក្រោយប្អូនប្រឡងជាប់បាក់ឌុប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង កញ្ញា នី មុន្នីនាថ បានចាត់ទុកការលៈបង់របស់ខ្លួនចំពោះប្អូនប្រុសរយះពេល១៨ឆ្នាំគឺមានន័យ និងបានបំពេញបំណងធំបំផុតរបស់នាង ក្រោយពេលដែលប្អុនប្រុសរបស់នាងបានសម្រេចជោគជ័យនៅក្នុងការប្រឡងបាក់ឌុប ដែលបានប្រកាសលទ្ធផលនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។
តារាស្រីរូបនេះបានបង្ហាញក្តីសប្បាយរីករាយក្រៃលែង នៅពេលប្អូនបានឃើញលទ្ធផលល្អនៃការប្រឡងរបស់ប្អូន ខណះពេលដែលនាងចាត់ទុកថា នេះជាការបញ្ចប់ដោយស្នាមញញឹម ហើយវាក៏គ្រប់គ្រាន់សម្រាប់រូបនាងផងដែរ ។
តារាសម្តែង នី មុន្នីនាថ បានលើកឡើងថា ១៨ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ។
ក្នុងរយៈពេល ១៨ឆ្នាំនេះ បងមិនដែលគិតថា បងបានធ្វើអ្វីធំដុំសម្រាប់ប្អូនឡើយ បងគ្រាន់តែគិតថា បើបងអាចធ្វើបាន បងនឹងធ្វើ បើបងអាចលះបង់បាន បងនឹងលះបង់ ព្រោះបងមានបំណងតែមួយ គឺចង់ឃើញប្អូន មានថ្ងៃដែលប្អូនសប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនឯង ។
នាងបន្តថា មានពេលខ្លះ បងក៏ហត់ មានពេលខ្លះ បងក៏លំបាក មានពេលខ្លះ បងក៏ចង់យំដែរ តែពេលនឹកឃើញថា ប្អូននៅត្រូវការបង បងក៏ប្រាប់ខ្លួនឯងថា “មិនអីទេ… បន្តទៅមុខទៀត” ។
ថ្ងៃនេះ ពេលបានឃើញប្អូនឈានមកដល់កន្លែងនេះ បងទើបយល់ថា រាល់ការលះបង់ដែលកន្លងមក… វាមានន័យណាស់ ។
នាងបញ្ជាក់ថា បងមិនចង់បានអ្វីពីប្អូនទេ បងមិនចង់ឱ្យប្អូនសងគុណបងទេ បងគ្រាន់តែចង់ឱ្យប្អូន រស់នៅឱ្យបានល្អ មានអនាគតល្អ និងក្លាយជាមនុស្សល្អម្នាក់ អរគុណប្អូនដែលមិនធ្វើឱ្យការខិតខំរបស់បងកន្លងទៅដោយគ្មានន័យអរគុណដែលថ្ងៃនេះ ប្អូនបានបំពេញបំណងធំបំផុតរបស់បង ។
ប្អូនប្រហែលមិនដឹងទេថា… ថ្ងៃដែលប្អូនជោគជ័យ គឺជាថ្ងៃដែលបងមានអារម្មណ៍ថា បងក៏បានជោគជ័យជាមួយប្អូនដែរ។
ពីនេះទៅ ប្អូនត្រូវដើរទៅមុខដោយក្លាហានណា បងមិនសុំអ្វីក្រៅពីឃើញប្អូនមានសុភមង្គលទេ។
១៨ឆ្នាំនៃការថែរក្សា… បញ្ចប់ដោយស្នាមញញឹមមួយនេះ គឺគ្រប់គ្រាន់សម្រាប់បងហើយ។
ជាការកត់សម្គាល់ ក្នុងសម័យប្រឡងដែលបានធ្វើឡើងកាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២៦ គេបានឃើញតារាសម្តែងនាង នី មុន្នីនាថ បានបង្ហាញវត្តមានរួមដំណើរ ដើម្បីជូនប្អូនប្រុសនៅក្នុងការប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ ទួលស្វាយព្រៃ ។
ជាមួយគ្នានេះ នី មុន្នីនាថ បានបង្ហោះសារលើកទឹកចិត្តប្អូនប្រុសផងដែរ ដោយនៅក្នុងនោះនាង ឱ្យប្អូនប្រុសរបស់នាងខិតខំប្រឹងប្រែង បំពេញវិញ្ញាសាដោយស្ងប់ស្ងាត់ និងជឿជាក់លើសមត្ថភាពរបស់ខ្លួនខណះពេលដែលនាងក៏បានជូនពរបេក្ខជនទាំងអស់ប្រឡងបានលទ្ធផលល្អ និងសម្រេចតាមក្តីប្រាថ្នារៀងៗខ្លួនផងដែរ ៕








ចែករំលែកព័តមាននេះ