ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ញ៉ែម មរកត ​ចាត់ទុក​ការតស៊ូរបស់ អ៊ិន លក្ខិណា ជាគំរូដល់យុវជន និងយុវតី ក្រោយបង្កើត​កំណត់ត្រា​ចូល Top 40 Miss World

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ លោក​ជំទាវ ញ៉ែ​ម មរកត បាន​ចាត់​ទុក​ការ​ខិតខំ​ប្រឹង​ប្រឹង និង​តស៊ូ​របស់ អ៊ិ​ន ល​ក្ខិ​ណា គឺជា​គំរូ​មួយ​សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​ នៃ​ការ​មិន​ចុះចាញ់​ចំពោះ​ពាក្យ​រិះគ.ន់ ដោយសារ​ជីវភាព មុខមាត់ រូបរាង ពណ៌​សម្បុរ​ និង​ភាសា ក្នុង​ដំណើរ​លើ​វិស័យ​បវរកញ្ញា ។ គួររំលឹកថា អ៊ិន ល​ក្ខិ​ណា បង្កើត​កំណត់​ត្រា​ថ្មី​ជូន​កម្ពុជា ដោយ​បាន​ចូល​ដល់​វគ្គ Top 40 នៃ​កម្មវិធី Miss World

លោក​ជំទាវ​បាន​គូសបញ្ជាក់​បន្ថែម​ថា ដំណើរ​របស់ អ៊ិ​ន ល​ក្ខិ​ណា មិនមែន​ជា​ផ្លូវ​ដែល​មាន​តែ​ភាព​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​ជា​ផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង ការ​ប្រឈម និង​ការ​រិះគន់​ពី​ម​ជ្ឈ​ដ្ឋា​ន​មួយ​ចំនួន ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ​លោកជំទាវ ញ៉ែ​ម មរកត បាន​លើក​ឡើង​ថា កញ្ញា អ៊ិ​ន ល​ក្ខិ​ណា គឺជា​យុវតី​ម្នាក់​ដែល​មានការ​ខិតខំ​ប្រឹងប្រែង និង​ការ​តស៊ូ​យ៉ាង​ខ្លាំង ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ទាំង​ផ្នែក​សម្រស់ បុគ្គលិកលក្ខណៈ ការ​សិក្សា កីឡា និង​ជា​ពិសេស​ក្នុង​វិស័យ​បវរកញ្ញា​។ ដំណើរ​របស់​កញ្ញា​មិនមែន​ជា​ផ្លូវ​ដែល​មាន​តែ​ភាព​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​ជា​ផ្លូវ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ខិតខំ ការ​ប្រឈម និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​។

លោក​ជំទាវ​បន្ត​ថា កាលពីដើម កញ្ញា អ៊ិ​ន ល​ក្ខិ​ណា ធ្លាប់​ប្រឈម​មុខ​នឹង​ពាក្យ​រិះគន់​ដែល​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​នាង ដោយ​មាន​អ្នកខ្លះ​លើក​ឡើង​ថា «ក្មេង​ខ្មៅ មិន​ស្អាត មិន​ចេះ​ភាសាបរទេស​និង​មិន​អាច​ក្លាយជា​បវរកញ្ញា​បាន​»។

លោក​ជំទាវ​បញ្ជាក់​ថា ពាក្យ​ទាំងនោះ​មិន​បាន​ធ្វើ​ឱ្យ​កញ្ញា​បោះបង់​ក្តី​ស្រមៃ​ឡើយ ផ្ទុយ​ទៅ​វិញ វា​បាន​ក្លាយជា​កម្លាំង​ចិត្ត​ជំរុញ​ឱ្យ​នាង​ខិតខំ​កែ​លម្អ​ខ្លួនឯង និង​បង្រៀន ព្រមទាំង​បង្ហាញ​ថា « មនុស្ស​ម្នាក់​មិន​គួរ​ត្រូវ​បាន​វាស់​ត្រឹម​ពណ៌​សម្បុរ ឬ​រូបរាង​ខាងក្រៅ​តែ​ប៉ុណ្ណោះ​ទេ​» ។

បើ​តាម​លោក​ជំទាវ ញ៉ែ​ម មរកត អ្វី​ដែល​ពិសេស​នោះ​គឺ ល​ក្ខិ​ណា ក៏​ជា​កីឡាការិនី​ដែល​មាន​ទេព​កោសល្យ និង​បទ​ពិសោធន៍​ក្នុង​វិស័យ កីឡាហែលទឹក​។ លក្ខណៈ​ទាំងនេះ​ក៏​បាន​ក្លាយជា​មូលដ្ឋាន​សំខាន់​សម្រាប់​នាង​ក្នុង​ការ​បន្តដំណើរ​នៅ​ក្នុង​វិស័យ​បវរកញ្ញា​រហូត​ដល់​កញ្ញា​ក្លាយជា Top 40 Miss World ហើយ​ជា​លើក​ទី​មួយ​ហើយ​ដែល​កម្ពុជា​យើង​ទទួល​បាន top 40 ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ឯតទគ្គ​កម្ម​របស់​កម្ពុជា​ក្នុង​កំណត់​ត្រា​នៃ​ស្ថាប័ន​បវរកញ្ញា​ពិភពលោក​ផង​ដែរ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា កញ្ញា អ៊ិ​ន ល​ក្ខិ​ណា អាច​ចាត់ទុកជា​គំរូ​មួយ​សម្រាប់​យុ​វ័យ​និង​ជំនាន់​ក្រោយ​នៃ «​ការ​មិន​ចុះចាញ់​ចំពោះ​ពាក្យ​រិះគន់ មើលងាយ» ពី​មនុស្ស​ខ្លះ​ដែល​ធ្លាប់​ត្រូវ​គេ​មើលងាយ​ដោយសារ​ជីវភាព មុខមាត់ រូបរាង ពណ៌​សម្បុរ ភាសា ចុង​ក្រោយ​នាង​យក​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ដោយ​បាន​បង្ហាញ​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​ថា « ក្តី​ស្រ​មៃអាច​សម្រេច​បាន ប្រសិនបើ​មនុស្ស​ម្នាក់​មាន​ឆន្ទៈ វិន័យ និង​ការ​តស៊ូ » និង​មានការ​ជួយ​ជ្រោម​​ជ្រែង​លើកទឹកចិត្ត​ពី​យើង​គ្រប់​គ្នា ។ ជា​ពិសេស​រូប​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​កិច្ចការ​នារី សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​លោក​ឧកញ៉ា ជិន សំណាង ក្នុង​នាម​ចាស់ទុំ​ដែល​គាំទ្រ​ល​ក្ខិ​ណា រួម​ជាមួយ​ក្រុមការងារ​របស់​នាង ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​ច្រើន​ដែល​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​រហូត ល​ក្ខិ​ណា ទទួល​បាន​ជោគជ័យ​និង​កិត្តិយស​ដ៍​ឧត្តុង្គឧត្តម​មក​ជូន​ជាតិ និង​យើង​គ្រប់​គ្នា ។

គួរ​បញ្ជាក់​ថា អ៊ិ​ន ល​ក្ខិ​ណា ទើបបាន​បញ្ចប់​នូវ​បេ​សក​កម្ម​របស់​ខ្លួន​នៅ​ក្នុង​នាម​ជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី Miss world 2026 ដែល​បាន​រៀបចំ​នៅ​ប្រទេស​វៀតណាម ដែល​មាន​បេក្ខភាព​ចូលរួម​ប្រមាណ​ជា​១០០​ប្រទេស​មក​ពី​ជុំវិញ​ពិភពលោក ។

បើ​ទោះបីជា​មិន​បាន​គ្រង​ម្កុដ ប៉ុន្តែ អ៊ិ​ន ល​ក្ខិ​ណា អាច​ទម្លុះ​រនាំង​ជា​​លើក​ដំបូង​នៅ​ក្នុង​ការ​ឈាន​ដល់​វគ្គ Top ៤០ នៅ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ដ៏​ធំ​នេះ ខ​ណៈពេល​ដែល​នាង​ក៏​បាន​សម្តែង​នូវ​មោទនភាព​របស់​ខ្លួន​ដែល​ឈាន​ដល់​វគ្គ​នេះ និង​អាច​កាន់​ទង់ជាតិ​កម្ពុជា​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​ផង​ដែរ ៕