អុិន លក្ខិណា បង្កើតកំណត់ត្រាថ្មីជូនកម្ពុជា ដោយបានចូលដល់វគ្គ Top 40 នៃកម្មវិធី Miss World
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតបវរកញ្ញា Miss World បានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនៅប្រទេសវៀតណាម ដោយនៅក្នុងនោះម្ចាស់ម្កុដ បានទៅបវរកញ្ញាមកពីសាធារណៈដូមីនិច ។
សម្រាប់ អ៊ិន លក្ខិណា បើទោះបីជាមិនអាចដណ្តើមម្កុដ ប៉ុន្តែនាងបានប្រឹងប្រែង មិនធ្វើអោយទស្សនិកខកបំណងឡើយ ដោយបានបំបែកកំណត់ត្រានាំកម្ពុជាចូលក្នុងវគ្គ TOP 40 ជាលើកដំបូងនៅក្នុងវិធីប្រឡងបវរកញ្ញាដ៏ធំមួយនេះ ។
អ៊ិន លក្ខិណា បានឈានជើងចូលវគ្គ TOP 40 នាក់ចុងក្រោយ ក្នុងចំណោមបេក្ខភាពចូលរួម ដែលពីបណ្តាប្រទេសប្រមាណ១០០នាក់ ជុំវិញពិភពលោក ។
អ៊ិន លក្ខិណា បានចាត់ទុកអាចឈានដល់វគ្គ TOP 40 នាពេលនេះ គឺមិនមែនជាជោគជ័យសម្រាប់នាងតែម្នាក់ឯងនោះឡើយ ពោលគឺជាជោគជ័យសម្រាប់ទស្សនិកខ្មែរទាំងអស់នៅក្នុងការរួមគ្នាចូលរួមគាំទ្រដល់រូបនាង គិតចាប់ពីថ្ងៃចូលប្រកួតដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ។
ក្រោយចប់ការប្រកួត អ៊ិន លក្ខិណា បានបង្ហោះសំណេរលើបណ្តាញសង្គមថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ លោកអគ្គនាយក មួយរូប ដែលបានផ្តល់ឱកាសដ៏មានតម្លៃឱ្យរូបនាងបានតំណាងប្រទេសកម្ពុជា និងតែងតែជួយជ្រោមជ្រែង គាំទ្រ និងផ្តល់កម្លាំងចិត្តដល់រូបនាងខ្ញុំ តាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះ។
នាងបន្តថា កម្ពុជាបានឈានចូលទៅកាន់ TOP 40 ក្នុងចំណោមបេក្ខនារីមកពី 101 ប្រទេស ហើយយើងចាត់ទុកវាជាកំណត់ត្រាថ្មីមួយ និងជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ការប្រកួត Miss World Cambodia ជាច្រើនជំនាន់កន្លងមក។
នាងក៏សូមអរគុណយ៉ាងខ្លាំងទៅដល់បងៗម្ចាស់ប្រេនទាំងអស់ ដែលបានចូលរួម Sponsor នឹងជួយ Vote ដល់រូបនាងខ្ញុំ រាល់ការគាំទ្រ និងការជឿជាក់របស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាងខ្ញុំ។
ជាពិសេស សូមអរគុណដល់អ្នកគាំទ្រទាំងអស់ ពុកម៉ែ បងប្អូន និងប្រជាជនកម្ពុជាទាំងមូល ដែលតែងតែផ្តល់កម្លាំងចិត្ត សេចក្តីស្រឡាញ់ និងការគាំទ្រដល់រូបនាងគ្រប់ពេលវេលា។
នាងបញ្ជាក់ថា រាល់គាំទ្រ និងការលើកទឹកចិត្ត រាល់ការចែករំលែក រាល់ការ Vote និងរាល់ការគាំទ្ររបស់អ្នកទាំងអស់គ្នា នឹងក្លាយជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ ដែលនាងនឹងរក្សាទុកក្នុងបេះដូងជានិច្ច។
ជាមួយនឹងមោទនភាពបង្ហាញទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិនាពេលនេះ អ៊ិន លក្ខិណា ក៏បានលើកឡើងបន្ថែមថា «ទង់ជាតិខ្មែររបស់ខ្ញុំពិតជាស្រស់ស្អាត និងមានមោទនភាពបំផុត រាល់ពេលដែលបានកាន់ទង់ជាតិខ្មែរ» ។
នាងបន្តថា នាងមានអារម្មណ៍ថា ខ្ញុំកំពុងកាន់យកក្តីស្រឡាញ់ មោទនភាព និងកម្លាំងចិត្តពីពុកម៉ែបងប្អូនខ្មែរទាំងអស់ទៅជាមួយខ្ញុំ គ្រប់ជំហានដែលខ្ញុំបានដើរ គ្រប់ឆាកដែលខ្ញុំបានឡើង ខ្ញុំតែងតែមានទង់ជាតិខ្មែរនៅក្នុងបេះដូង។
នាងបញ្ជាក់ថា កម្ពុជា មិនមែនគ្រាន់តែជាប្រទេសដែលខ្ញុំតំណាងទេ ប៉ុន្តែជាមោទនភាពរបស់ខ្ញុំជារៀងរហូត ៕






ចែករំលែកព័តមាននេះ