ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កែសម្រួល​ឯកសារ​ប្រវត្តិសាស្ត្រ ប្រតិបត្តិការ​នយោបាយ​ឈ្នះ​ឈ្នះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ កែសម្រួល​ឯកសារ​ប្រវត្តិសាស្ត្រ ប្រតិបត្តិការ​នយោបាយ​ឈ្នះ​.​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ទិស​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ កែសម្រួល​ឯកសារ​ប្រវត្តិសាស្ត្រ ប្រតិបត្តិការ​នយោបាយ​ឈ្នះ​.​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុង​ឆ្នាំ​(១៩៩៦​ដល់​១៩៩៨) វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​បើក​កិច្ចប្រជុំ​នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ទីក្រុង​បាត់ដំបង។

ដើម្បី​ចូលរួម​ស្តាប់ ពិគ្រោះ​យោបល់​រក​ការ​ឯកភាព​បំពេញបន្ថែម លើ​ពង្រាង​ខ្លឹមសារ​ប្រវត្តិសាស្ត្រ ប្រតិបត្តិការ​នយោបាយ​ឈ្នះ​.​ឈ្នះ​(១៩៩៦-១៩៩៨) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៥ ចូលរួម​ចំណែក ជូន​ប្រទេស​កម្ពុជា​យើង ដែល​ធ្លាប់តែ​បែកបាក់ ហែកហួរ​ដោយ​សង្គ្រាម​ផ្ទៃក្នុង អស់​រយៈពេល​ជិត​៣ ទស​វត្ស​(១៩៧០-១៩៩៨)​កន្លង​ទៅ​។

អង្គប្រជុំ​ជា​រួម​ផ្តោត​លើ​នយោបាយ​ឈ្នះ​.​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឱសថ​ទិព្វ​បញ្ចប់​បាន​ដោយ ជោគជ័យ​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា នាំ​មក​នូវ​សុខ​សន្តិភាព ឯកភាព​ជាតិ ស្ថិរភាព​សង្គម ទាំងស្រុង​។ ហើយ​ក្នុង​នេះ​ផង​ដែរ ក៏​បាន​ផ្លាស់​នូវ​បរិយាកាស​សង្គម​បង្ក​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ដាក់​ជូន​ថ្នាក់លើ​ពិនិត្យ និង​សម្រេច យក​ជា​ផ្លូវការ តម្កល់​ទុក​ក្នុង​សារ​:​មន្ទីរ​ជាតិ​<​វិមាន​ឈ្នះ​.​ឈ្នះ​> នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​។

លោក​ឧត្តមសេនីយ៍ឯក​បាន​លើក​ឡើង​ថា នេះ​គឺជា​លើក​ទី​៥ ហើយ​សម្រាប់​ការ​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កែសម្រួល​លើ​ឯកសារ​មួយ​នេះ ដោយ​បាន​អញ្ជើញ ឯកឧត្តម អស់លោក ដែល​ជា​អតីត​ប្រតិបត្តិ​ករ (​អតីត​មេទ័ព​ខាង​ខ្មែរក្រហម អតីត​ខាង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ស៊ឺ​ន​សាន​។​ល​។​) ចូលរួម​អនុវត្តន៍​ផ្ទាល់ តាម​នយោបាយ​ឈ្នះ​.​ឈ្នះ កន្លង​មក តាម​បណ្តា​ទិស​អង្គភាព ដែល​ជា​នាយទាហាន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ និង​អតីត​មេដឹកនាំ​ខ្មែរក្រហម​កម្ពុជា​ប្រជាធិបតេយ្យ រណសិរ្ស​តំបន់​៩០៩​សំឡូត ខេត្តបាត់ដំបង​,​តំបន់​ស្រុក​វាល​វែង​ខេត្តពោធិសាត់​, ៤១៥​តំបន់​ខេត្ត​ប៉ៃលិន​,២៥០,​តំបន់​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ និង​ទិស​ទន្លេសាប​ក្នុង​ខេត្តបាត់ដំបង ព្រមទាំង​មានការ​ចូលរួម​ពី​ឯកឧត្តម អស់លោក​មេបញ្ជាការ​រង សេនាធិការ​រង ក្រុមការងារ​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ​យោធា​របស់​យោធភូមិ​ភាគ​ទី​៥​ផង​ដែរ សរុប​រួម​ចំនួន​៤៨ រូប​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ទៀត​ថា ទិស​យោធភូមិ​ភាគ​ទី​៥ នេះ​គឺជា​ចំណែក​មួយ​ធំ​នៃ​ការ​បញ្ចប់សង្គ្រាម​ពី​ភាគី​ទាំង​៤ កាលពី​សម័យ​មាន​សង្គ្រាម​ជាមួយ​គ្នា​កន្លង​មក ហើយ​យើង​បាន​រួមរស់​សុខទុក្ខ ថែរ​រក្សា​បាន​សុខ​សន្តិភាព ជាមួយ​គ្នា​រហូត​មក​ដល់​ថ្ងៃនេះ​។ ក្នុង​កិច្ចប្រជុំ​អតីត និង​បច្ចុប្បន្ន​ជា​មេទ័ព ដែល​មាន​លោក នី កន លោក ជា​ភួង ភិ​រម្យ លោក សុខ គង់ លោក អៀង ផា​ន លោក ឈឿ​ន សា​រិ​ទ្ធ លោក គុយ ច័ន្ទ​មុន្នី និង​ច្រើន​រូប​ទៀត​បាន​ចូលរួម​ផ្តល់​មតិយោបល់ ផ្ទៀងផ្ទាត់ កែសម្រួល បំពេញបន្ថែម យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​សមាជិក​នៃ​កិច្ចប្រជុំ ឈរ​លើ​ការ​ពិត​ជាក់ស្តែង និង​ទំនួល​ខុស​ត្រូវ​ក្នុង​ន័យ​ស្ថាបនា​។

ពីព្រោះ នេះ​ជា​ឯកសារ​រស់ ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ពិត ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក ដ៏​ឧត្តុង្គឧត្តម ដែល​មិន​អាច​កាត់ថ្លៃ​បាន នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ថ្មី នៃ​ប្រទេស​កម្ពុជា​យើង សម្រាប់​យក​ទៅ​តម្កល់​ទុក​ជូន​ប្រជាជាតិ ក៏​ដូច​ជា​សម្រាប់​ឲ្យ​កូនចៅ​ខ្មែរ​យើង​ជំនាន់​ក្រោយ​ៗ រៀនសូត្រ ដក​បទ​ពិសោធន៍ សិក្សា​ស្រាវជ្រាវ ស្វែង​យល់ បន្ត​ៗ​រាប់​ជំនាន់ តទៅ​មុខ​ទៀត​យូរអង្វែង​កាល និង​ដើម្បី​ចូលរួម​ក្នុង​មហា​បុព្វហេតុ​ដ៏​ពិសិដ្ឋ​បំផុត ការពារ​ជាតិ បូរណភាព​ដែនដី ថែរក្សា​ការពារ​ស្ថិរភាព សន្តិភាព​សន្តិសុខ​សង្គម និង​ដើម្បី​ការ​អភិវឌ្ឍ​ជាតិ ឈាន​ឆ្ពោះទៅ​កាន់​អារ្យ​ប្រទេស ឲ្យ​បាន​ឆាប់​ៗ​នៅ​ពេល​ខាង​មុខ​ទាន់​បណ្តា​ប្រទេស​ជឿនលឿន​នានា នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ