ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកណ្តាលឱ្យអាជ្ញាធរចុះស្រង់ស្ថិតិពលរដ្ឋខ្មែរត្រលប់ពីថៃ ងាយស្រួលជួយពួកគាត់ឱ្យមានការងារធ្វើក្នុងស្រុកវិញ

3 ម៉ោង មុន

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១៣ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ដល់​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​មានការ​ងារ​ធ្វើ​អោយ​បាន​គ្រប់​គ្នា…

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១៣ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ដល់​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​មានការ​ងារ​ធ្វើ​អោយ​បាន​គ្រប់​គ្នា ពិសេស​ការ​ចុះបញ្ជី​ធ្វើ​អត្តសញ្ញាណប័ណ្ណ អា​ត្រា​នុ​កូ​ល​ដ្ឋា​ន​ជាដើម​ជូន​ពួក​គាត់ ពិសេស​កូនចៅ​របស់​ពួក​គាត់​បាន​ចូល​រៀន​អោយ​បាន​គ្រប់​គ្នា និង​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់ គឺ​ស្រង់​ស្ថិតិ​បងប្អូន​ពលរដ្ឋ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ ដើម្បី​ងាយស្រួល​ជួយ​ពួក​គាត់​ឱ្យ​ទទួល​បានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក​វិញ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តកណ្តាល​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។

ឯកឧត្តម​មាន​ប្រសាសន៍​បែប​នេះ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ពលករ​ខ្មែរ ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហោ សុខ​ណា​ក់ អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សាលា​ខេត្តកណ្តាល ។

ឯកឧត្ដម គួ​ច ចំរើន អភិបាល នៃ​អភិបាលខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖ ការ​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ ត្រូវ​ស្រង់​ស្ថិតិ​ឡើង​វិញ​អោយ​បាន​ច្បាស់ នូវ​បងប្អូន​ដែល​ជា​ពលករ​ទើបនឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ គឺ​ដើម្បី​ងាយស្រួល​ជួយ​ដល់​ពួក​គាត់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​របស់​យើង ។

ឯកឧត្តម​បាន​បន្ត​ថា ៖ បន្ទាប់​ពី​មានការ​បង្ក​អរិភាព និង​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ពី​សំណាក់​ទាហាន​សៀម បងប្អូន​ចំណាកស្រុក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា​វិញ ។ ការ​វិល​ត្រឡប់​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ផ្តល់​ការ​បណ្តុះ បណ្តាល​ជំនាញ​វិជ្ជាជីវៈ ក៏​ដូច​ជា​ផ្តល់​ការងារ​ជូន​ពួក​គាត់​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា​៖ ខេត្តកណ្តាល មាន​បងប្អូន​ពលករ​បាន​វិល​ត្រលប់​មក​ស្រុក​វិញ​ប្រមាណ ២៦៦៨​នាក់​។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ក្នុង​ចំណោម​អ្នក​វិល​មក​វិញ​នេះ មាន​អ្នក​មក​ចុះ​ឈ្មោះ​រក​ការងារ​ធ្វើ​តែ​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ ។ ដូច្នេះ​យើង​ត្រូវ​ស្រង់​ស្ថិតិ​ពួក​គាត់​អោយ​បាន​ច្បាស់ ដើម្បី​ដឹង​ថា​ពួក​គាត់​ដែល​មក​វិញ គាត់​ធ្វើ​អ្វី នៅ​ទីកន្លែង​ណា ។

សូម​បញ្ជាក់​ថា​៖ ពាក់ព័ន្ធ​អ្នក​ចំណាកស្រុក​ដែល​វិល​ត្រលប់​មក​វិញ​នេះ តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ស្រុក​នានា មួយ​ចំនួន​បាន​ចេញពី​មូលដ្ឋាន​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខេត្ត​ផ្សេង រីឯ​ពួក​គាត់​មួយ​ចំនួន​ក៏​បាន​រស់នៅ​បង្កបង្កើន​ផល នៅ​ក្នុងភូមិ​របស់​ពួក​គាត់ ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ​មាន​ចំនួន​តិច​។​បើ​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ខេត្ត​នៅ​តែ​ជំរុញ​ឲ្យ​មានការ​ចុះ​ធ្វើ​សម្រង់​ស្ថិតិ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ជួយ​ពួក​គាត់​ឲ្យ​ចំ​គោលដៅ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ដទៃ ជា​ពិសេស​ប្រទេស​ថៃ ។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ការងារ​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​ខេត្តកណ្តាល មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ២០៣១ ដែល​មាន​កម្មករនិយោជិត​សរុប​ចំនួន ២១៥,៤៧២ នាក់ ស្រី​១៤៣,០៦៧​នាក់ ។ ក្នុង​នោះ​វិស័យ​ផលិតកម្ម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង ផលិតផល ធ្វើ​ដំណើរ និង​ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ មាន​ចំនួន ២៨៣ មាន​កម្មករនិយោជិត​សរុប​ចំនួន ១៧៧,៧៥៦ នាក់ ស្រី ១២៧,៤២៥​នាក់ ។ ក្នុង​នោះ​ពលករ​ដែល​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​វិល​ត្រឡប់​មក​ខេត្តកណ្តាល​វិញ​មាន​ចំនួន ២៦៦៨​នាក់ ស្រី​១២៧៥​នាក់ និង​មាន​កុមារ​នៅ​ក្នុង​បន្ទុក គ្រួសារ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ចំនួន​៣៧៧​នាក់ ស្រី​១៩៤​នាក់​។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ២៦៦៨​នាក់ នៅ​ក្នុង​ខេត្តកណ្តាល ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ពលករ​ចំនួន ១៣៩៨​នាក់ ស្រី ៦៤៤​នាក់ បាន​ទទួល​ការងារ​ធ្វើ​ក្នុង​នោះ​ក៏​មាន​ពលករ​ដែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នៅ​ក្នុង​ខេត្តកណ្តាល មិន​ទាន់​មានការ​ងារ​ធ្វើ​មាន​ចំនួន ៨៩៣​នាក់ ស្រី ៤៣៧​នាក់​។ (​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ