កម្ពស់ទឹកមានការហក់ឡើងពីមធ្យមទៅខ្លាំង អាជ្ញាធរនៅតំបន់ភ្នំគូលេនលិង្គមួយពាន់ និងតំបន់ដែលនៅក្បែរៗនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ បើគិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១៥ កញ្ញានេះ កម្ពស់មានស្រក់ចុះបណ្តើរក៏ដោយ ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ថា កាលពីយប់ថ្ងៃទី១៤ និងទី១៥ ខែកញ្ញានេះ ជំនាន់ទឹកភ្លៀងមានកើតឡើងពីមធ្យមទៅខ្លាំងជាប់ៗគ្នា ដោយធ្វើអោយទឹកស្ទឹងអូរ នៅតំបន់ភ្នំគូលេន មានការកើនឡើង ពិសេសតំបន់លិង្គ១០០០ និងតំបន់ទឹកធ្លាក់ភ្នំគូលេន ។ ក្នុងនោះដែរ លោកបញ្ជាក់ថា មានការហូរពីមាត់ច្រាំងដល់ផ្លូវផងដែរ ។

លោក អៀង ពិសិដ្ឋ ក្នុងនាមជាអាជ្ញាធរ ដោយសំណូមពរទៅដល់ម្ចាស់ទីតាំងអាជីវកម្ម ភ្ញៀវទេសចរដែលមកលេងកម្សាន្ត គួររកទួលសុវត្ថិភាព ។
លោក អៀង ពិសិដ្ឋ បញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកញ្ញានេះ កម្ពស់ទឹកមានការស្រក់ជាបណ្តើរៗហើយ ដោយស្រក់ចុះកន្លះម៉ែត្រ បើធៀបត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែកញ្ញា។

គួរបញ្ជាក់ដែរថា បញ្ហាទឹកភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនេះ គឺអាជ្ញានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងសូមបងប្អូនមានការសហការចូលរួមទាំងអស់គ្នា ប្រសិនមានព័ត៌មានអ្វីថ្មីនោះអាជ្ញានៅតំបន់ភ្នំគូលេន និងជើងភ្នំជម្រាបជូន ។
សូមជម្រាបឡើងវិញដែរថា ជំនាន់កម្ពស់ទឹកភ្លៀងឡើងខ្លាំង អាជ្ញាធរសម្រេចបិទតំបន់ទឹកធ្លាក់ភ្នំ គូលែនបណ្តោះអាសន្ន ព្រោះនៅតំបន់មួយចំនួន មានការជន់លិចតំបន់អូរនានា ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ៕ ដោយ៖លីហួ គីមឆាយ

ចែករំលែកព័តមាននេះ