អាមេរិក-ចិន ៖ បន្ទាប់ពីការចរចាអស់ពេល២ថ្ងៃនៅក្រុងម៉ាឌ្រីដ ចិននិងអាមេរិកឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយហើយស្ដីពីTIK TOKដែលគ្រោងថា បណ្ដាញសង្គមដ៏មានប្រជាប្រិយនោះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិកមួយ ដែលនោះជាការសម្របសម្រួលមួយ ដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងសមភាគីចិនត្រូវសម្រេចចុងក្រាយនាថ្ងៃទី១៩កញ្ញា។
តាមបណ្ដាញសង្គមTRUTH SOCIALលោកត្រាំបានសម្ដែងការអបអរសាទរថា ការពិភាក្សាខាងពាណិជ្ជកម្មធំៗនៅអឺរ៉ុប រវាងសហរដ្ឋអាមេរិកនិងចិន ពិតជាប្រព្រឹត្តទៅល្អខ្លាំងណាស់។ កិច្ចព្រមព្រៀងមួយក៏ត្រូវបានរកឃើញដែរលើឥរិយាបថមួយចំនួន ដែលយុវជនប្រទេសយើងពិតជាចង់ថែរក្សា។ ពួកគេពិតជារីករាយបំផុត។ ខ្ញុំនឹងនិយាយជាមួយលោកសីុជីនពីងនាថ្ងៃទី១៩កញ្ញា បន្ទាប់ពីបញ្ចប់ការចរចា រវាងគណៈប្រតិភូប្រទេសទាំង២នៅក្រុងម៉ាឌ្រីដ។
យោងតាមរដ្ឋមន្ត្រីរតនាគាអាមេរិកលោក SCOTTT BESSENTដែលមានវត្តមាននៅក្រុងម៉ាឌ្រីដថា ពិធីសារមួយរវាងអាមេរិកនិងចិនគ្រោងថា TIK TOK ជាកម្មសិទ្ធិមួយរបស់អាមេរិក តែមិនបានប្រាប់បន្ថែមពីកិច្ចព្រមព្រៀងមួយ រវាងក្រុមហ៊ុនឯកជនទាំង២ឡើយ។ កិច្ចព្រមព្រៀងនោះសំដៅផ្ទេរTIK TOKឲ្យស្ថិតក្រោមការត្រួតត្រារបស់អាមេរិក។
ខាងភាគីចិនវិញតំណាងពាណិជ្ជកម្មអន្តរជាតិចិន លោកLI CHENGGANG ដកស្រង់សម្ដីដោយទូរទស្សន៍ចិនCCTV រៀបរាប់ពីកុងសង់ស៊ុសស្ដីពីក្របខណ្ឌទូទៅមួយ ទាក់ទិននឹងTIK TOK។ បណ្ដាញសង្គមនោះជាចំណុចស្នូលមួយនៃទំនាស់រវាងប្រទេសទាំង២ ចាប់តាំងពីច្រើនខែមកហើយ។ ក្រុងវ៉ាស៊ីនតោនស្នើឲ្យTIK TOK ត្រូវលក់ត្រឹមថ្ងៃទី១៧កញ្ញា ទៅឲ្យម្ចាស់មួយដែលមិនមែនចិន បើមិនដូច្នេះទេត្រូវហាមឃាត់នៅសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ