រាជធានីភ្នំពេញ ៖ ក្នុងពេលវិស័យទេសចរណ៍កម្ពុជាកំពុងតែទទួលបាននូវកិត្យានុភាពជាបន្តបន្ទាប់ ជាពិសេសតំបន់រមណីយដ្ឋានល្បីៗរបស់កម្ពុជា ក៏ទទួលបានការគាំទ្រ និងជាប់ចំណាត់ថ្នាក់កំពូលនៅលើពិភពលោក ដែលធ្វើឲ្យទេសចរបរទេសកាន់តែចាប់ចិត្ត និងចង់មកទស្សនា ។ ដោយសារតែកត្តាទាំងនេះហើយបានធ្វើឲ្យវិនិយោគិនក្នុង និងក្រៅស្រុក បោះទុនវិនិយោគសេវាកម្មបម្រើឲ្យវិស័យទេសចរណ៍ និងបានធ្វើឲ្យមានតម្រូវការកាន់តែខ្ពស់នូវបុគ្គលិកជំនាញសម្រាប់វិស័យមួយនេះ ។
បើតាមលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ក្នុងវិស័យទេសចរណ៍ត្រូវការធនធានជំនាញរហូតដល់ជាង១ម៉ឺននាក់ ដើម្បីគ្រប់គ្រងនៅតាមភោជនីយដ្ឋាន សណ្ឋាគារ បម្រើការនៅតាមការិយាល័យជួរមុខ និងសេវាកម្មផ្សេងៗទៀត ជាដើម ។ លោកថា ៖« ខ្ញុំលើកជាឧទាហរណ៍មួយចុះ ក្នុងមួយឆ្នាំៗ យើងត្រូវការចុងភៅជំនាញពិតប្រាកដប្រមាណពី៤ពាន់ទៅ៥ពាន់នាក់ ដើម្បីបម្រើការនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារនានាទូទាំងប្រទេស តែនៅកម្ពុជាពុំទាន់មានសាលាបណ្ដុះបណ្ដាលជំនាញនេះច្រើនប៉ុន្មានទេ » ។ លោកបន្តថា ៖« បច្ចុប្បន្ននេះ យើងនៅមានការខ្វះខាតធនធានក្នុងវិស័យទេសចរណ៍នេះច្រើនណាស់ ពីព្រោះសេវាកម្មទេសចរណ៍បានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីបម្រើភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា និងភ្ញៀវទេសចរក្នុងស្រុកទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាផងដែរ »។ លោកថា ៖« រាល់ថ្ងៃនេះ បើតាមខ្ញុំសង្កេត និងសាកសួរពីអ្នកបម្រើសេវាកម្មទេសចរណ៍ ឃើញថា មានការខ្វះខាតបុគ្គលិក និងធនធានជំនាញច្រើន មិនថាតែក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សូម្បីតែនៅភ្នាក់ងារទេសចរណ៍ ក៏មានការខ្វះច្រើនដែរ ។ អីចឹងហើយទាមទារឲ្យមានការបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើឲ្យវិស័យស្នូលសម្រាប់សេដ្ឋកិច្ចមួយនេះ » ។
ប្រធានសហព័ន្ធទេសចរណ៍រូបនេះបានបន្ថែមទៀតថា ធនធានជំនាញក្នុងវិស័យទេសចរណ៍ មិនមែនចេះតែយកធនធានក្នុងវិស័យផ្សេងមកបម្រើការនោះទេ ។ និយាយឲ្យចំទៅ ជំនាញនេះត្រូវការបង្រៀនតាំងពីអត្តចរិតរបស់បុគ្គលិកនោះឲ្យបានត្រឹមត្រូវ ពីទំនាក់ទំនងជាមួយភ្ញៀវ ។ ក្រៅពីនោះ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ត្រូវការឲ្យចេះភាសាបរទេសបន្ថែមទៀតដែរ ដូចជា ភាសាអង់គ្លេស និងភាសាចិន ខណៈចិនគឺជាទេសចរកំពូលនៅក្នុងប្រទេសកម្ពុជា ។ ដូចនេះហើយទើបត្រូវការឲ្យធនធានមនុស្សទេសចរណ៍ ត្រូវចេះភាសាចិនបន្ថែមទៀត ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកផងដែរនោះ បានឲ្យដឹងថា ជាការពិតណាស់ ពាក់ព័ន្ធនឹងបញ្ហាធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះ វាបានខ្វះខាតយូរមកហើយ មិនមែនទើបតែពេលនេះទេ ។ លោកថា ៖« បើតាមបទពិសោធន៍អី្វដែលខ្ញុំធ្លាប់ដឹងនោះ បញ្ហានេះបានកើតឡើងក្នុងរយៈពេល១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីកម្ពុជាត្រូវបានអន្តរជាតិចាប់អារម្មណ៍ និងមកទស្សនាច្រើននៅតាមរមណីយដ្ឋាន
នានា » ។
លោកបន្តថា ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដែលមានសព្វថ្ងៃនេះ មិនមែនទទួលបានពីសាលាបណ្ដុះបណ្ដាលពិតប្រាកដ១០០%នោះទេ ភាគច្រើនគឺយកមកបណ្ដុះបណ្ដាលបន្ថែម មានន័យថា ធ្វើការបណ្ដើរ រៀនបណ្ដើរ។ សម្រាប់សិស្ស-និស្សិតដែលរៀនជំនាញទេសចរណ៍តែម្ដង ពេលចេញពីសាលា ក៏មិនប្រាកដថា នឹងធ្វើការនៅក្នុងវិស័យទេសចរណ៍ដែរ គឺគាត់ទៅធ្វើការនៅកន្លែងផ្សេងទៅវិញ ។
លោកបានសំណូមពរ ក៏ដូចជាការបើកច្រកមួយសម្រាប់សិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ សូមឲ្យជ្រើសរើសយកមុខជំនាញណា ដែលកំពុងមានទីផ្សារ ជៀសវាងប្រើពេល៤ឆ្នាំក្នុងសាលា តែបែរជាព្រួយបារម្ភ ឬពិបាកក្នុងការស្វែងរកការងារធ្វើ ខណៈជំនាញមួយចំនួន ម្ចាស់អាជីវកម្មពិបាកស្វែងរកបុគ្គលិកទៅវិញ ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១ឆមាសឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅតាមតំបន់រមណីយដ្ឋាននានា ប្រមាណ៣លាននាក់ ហើយក្រសួងទេសចរណ៍កម្ពុជាក៏រំពឹងថា រយៈពេល១ឆ្នាំពេញក្នុងឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ ក្នុងនោះចិនគឺជាភ្ញៀវទេសចរជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ ៕
ចែករំលែកព័តមាននេះ