សន្តោស គឺសេចក្តីត្រេកអរ, ពេញចិត្តចំពោះវត្ថុជារបស់ខ្លួនគឺបានប៉ុន្មានក៏ល្មមចិត្តត្រឹមប៉ុណ្ណោះគឺមិនរវះរវាមហួសហេតុឬហួសប្រមាណ, មានសន្តោស, ចិញ្ចឹមជីវិតដោយសន្តោស អ្នកសន្តោសឈ្មោះថាមានសេចក្តីសុខដ៏ឧត្តម។ សន្តោសនោះមាន៣យ៉ាងគឺៈ
១-ត្រេកអរតាមផ្លូវដែលខ្លួនមាន គឺយើងមានរបស់ណា យើងក៏គួរប្រើប្រាស់របស់នោះ កុំបាច់ទិញទៀត បែបនេះហៅថា សន្តោសចំពោះរបស់ដែលខ្លួនមាន ។
២-ត្រេកអរចំពោះរបស់ដែលខ្លួនបាន គឺ យើងធ្វើការមានប្រាក់ខែល្មមតែចិញ្ចឹមជីវិតរស់តែម្នាក់ឯង តែយើងបែរជាចង់ចិញ្ចឹមមនុស្សម្នាក់ទៀតគ្រាន់កំដរអារម្មណ៍រហូតរសាប់រសល់ខូចចិត្ត បើទោះជាដឹងខ្លួនថា មិនអាចបានទេក៏ដោយ បែបនេះហៅថា មិនមានសន្តោសចំពោះរបស់ដែលខ្លួនមាន ។
៣-ត្រេកអចំពោះការគួរ។ ឯការគួរនោះបានដល់កម្លាំងកាយ ឬសមគួរដល់សមត្ថភាព ឧទាហរណ៍ ជនដែលមានសមត្ថភាពលើកដែកបានតែ៥០គីឡូក្រាម តែតូចចិត្តដែលខ្លួនលើកមិនបាន៨០គីឡូក្រាមដូចគេ ឈ្មោះថា ខ្វះសន្តោសសមគួរដល់សមត្ថភាព ។
បើតាមន័យមួយទៀតបង្ហាញថា គួរដល់កិត្តិយស ឧទាហរណ៍យើងជាមនុស្សស្អាតស្អំ ដែលគេឯងស្គាល់ និងផ្តល់កិត្តិយសឱ្យគ្រប់គ្នា។ ពេលមួយ គេយកលុយមកសូកប៉ាន់ បើយើងយកលុយនោះនឹងធ្វើឱ្យកិត្តិយសយើងខូច និងបានឈ្មោះថាយើងគ្មានសេចក្តីសន្តោសសមគួរដល់កិត្តិយសរបស់យើង ។
ចែករំលែកព័តមាននេះ