ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហារបស់​ខុ​ង​ជឺមិន​ត្រឹម​តែ​អប់រំទេ ថែម​ទាំង​រំភើប​ទៀត

5 ឆ្នាំ មុន

នៅ​តាម​ទន្លេ​លឿង គេ​ឃើញ​ទូក​នេសាទ​ជា​ច្រើន​ដឹកនាំ​ទាសី ល្អ​ៗ និង​ស្រូវ​ភោជ្ជសាលី តម្រង់​ទៅ​ស្រុក​ហាន់​កូវ ។ នាយភេត្រា ជា​មនុស្ស​ឃោរឃៅ​ប្រៀប​បាន​នឹង​ខ្លា​ភ្នំ ហើយ​តែង​ដឹក​ជញ្ជូន​កំណាត់​សំពត់់សូត្រ​យក​ទៅ​ដូរ​ឱ្យ​អ្នក​រស់នៅ​តាម​ភូមិភាគ​ខាងជើង ។…

នៅ​តាម​ទន្លេ​លឿង គេ​ឃើញ​ទូក​នេសាទ​ជា​ច្រើន​ដឹកនាំ​ទាសី ល្អ​ៗ និង​ស្រូវ​ភោជ្ជសាលី តម្រង់​ទៅ​ស្រុក​ហាន់​កូវ ។ នាយភេត្រា ជា​មនុស្ស​ឃោរឃៅ​ប្រៀប​បាន​នឹង​ខ្លា​ភ្នំ ហើយ​តែង​ដឹក​ជញ្ជូន​កំណាត់​សំពត់់សូត្រ​យក​ទៅ​ដូរ​ឱ្យ​អ្នក​រស់នៅ​តាម​ភូមិភាគ​ខាងជើង ។

ពួក​គេ​ដឹកនាំ​យក​មក​វិញ​នូវ​ភោគទ្រព្យ​ដ៏​មាន​តម្លៃ​ដូច​ជា ស្បែក​សត្វ រោមសត្វ​ចចាត​ជាដើ​ម ។ ជួនកាល​គេ​ទិញ​ទាសី ល្អ​ៗ មក​ពី​ភូមិភាគ​ខាងជើង​ដើម្បី​យក​មក​លក់​ឱ្យ​ត្រកូល​លោក​ម្ចាស់​គ្រប់​ស្រុក ។

មក​ដល់​ស្រុក​លូ ឈ្មួញ​សំពៅ​ទាំងនោះ​ដឹក​ជញ្ជូន​ភោគទ្រព្យ​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​បញ្ជា​ឱ្យ​គេ​ដឹកនាំ​យក​ទៅ​លើគោក ។ ក្នុង​ចំណោម​ទំនិញ​ទាំងនោះ​មាន​អាវ​ធ្វើ​ពី​រោម​សត្វ​ចចាត ព្រមទាំង​ស្បែក​សត្វចតុប្បាទ​ដ៏ ល្អ​ៗ ដែល​គេ​ពន្លាត់​យក​តែ​ស្បែក​ដឹក​ជញ្ជូន​តាម​រទេះ​បន្តកន្ទុយ​គ្នា​ហូរហែ ជា​ក្បួន​គួរ​ចាប់អារម្មណ៍​យ៉ាង​ក្រៃ​លែង ។ ពួក ស្រី​ៗ ត្រូវ​គេ​បង្គាប់​ឱ្យ​តែងខ្លួន ព្រមទាំង​លម្អ​ដោយ​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ ស្លៀកពាក់​ដោយ​កំណាត់សំពត់​ភ្លឺ​ផ្លេក ។

នៅ​ក្នុង​វិមាន​លោក​ម្ចាស់ លូ ឈ្មួញ​គ្រប់​គ្នា​បាន​ត្រូវ​ម្ចាស់ផ្ទះ​បង្គាប់​ឱ្យ​រៀបចំ​ពិធី​ជប់​លៀង​យ៉ាង​អធិកអធម ។ បន្ទាប់​មក​គេ​បាន​បញ្ច​ញ​ទាសី ល្អ​ៗ ពី​ក្នុង​បន្ទប់​យក​មក​បង្ហាញ​ទស្សនិកជន​ដែល​ជា​ត្រកូល​អភិជន ម្នាក់​ម្ដង​ៗ​។ ពេល​នោះ ខុ​ង​ជឺ ត្រូវ​ចៅហ្វាយ​របស់​គាត់​បញ្ជា​ឱ្យទៅ​ជញ្ជូន​ស្នែង​សត្វ​ប្រើស​ដែល​រស់នៅ​ក្នុង​តំបន់​ទឹកកក​ចេញពី​សំពៅ ។ ទស្សនវិទូ​កំលោះ​ក្នុង​វ័យ​២០​ឆ្នាំ​មាន​កម្លាំង​មាំមួន ប្រកបដោយ​អវៈយវៈ​តាន់​ដូច​ដែក ។

អ្នកនិពន្ធ លី​វូ​ធី បាន​ពោល​៖« ​ខុ​ង​ជឺ មាន​មាឌ​ខ្ពស់​ស្រលះ ជើងដៃ​មាំ​ដូច​ឪពុក​របស់​ខ្លួន តែ​មាន​សភាព​ស្លូតបូត​ដូច​អ្នកបួស ។ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ដើរ​បាន​មួយ​រយ​គីឡូម៉ែត្រ ដោយ​អត់​មាន​ហត់ ឬ​អស់កម្លាំង​អ្វី​ឡើយ​» ។ លោក ហ្វូង យូ​ឡាន់ បាន​ពោល​៖«​ខុ​ង​ជឺ ជា​គ្រូ​ទស្សន​វេ​ជ្ជា​ផង ជា​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ផង​។ ក្បួន​វិ​ជ្ជ​សាស្ត្រ​ជា​ទេព​កោសល្យ​ដែល​ម្ដាយ​របស់​គាត់​បាន​បង្ហាត់បង្រៀន ព្រោះ​ជីតា​ខាង​ម្ដាយ​របស់​គាត់​ជា​គ្រូពេទ្យ​ជនបទ​យ៉ាង​ចំណាន​ម្នាក់ មាន​ក្បួនតម្រា​ថ្នាំ និង​ក្បួន​ទ​ស្ស៍​ទាយ ទុកជា​មរតក​ឱ្យ​កូនស្រី​គាត់ ដែល​ជា​ម្ដាយ​របស់​ខុ​ង​ជឺ តាំង​តែ​ពី​កូន​របស់​គាត់​ធ្វើ​ដំណើរ​តាម​ប្ដី​មក​ស្រុក ចាន់​តុង » ។

នៅ​ពេល​លោក​ម្ចាស់ លូ បញ្ជា​ឱ្យ ខុ​ង​ជឺ ទៅ​យាម​សំពៅ​នោះ ខុ​ង​ជឺ បានឮ​សូរ​សំឡេង​ច្រវាក់​អូស​ក្រោក​ក្រាក​នៅ​ក្នុង​សំពៅ លាយឡំ​នឹង​សំណើច​ក្អាកក្អាយ​របស់​ពួក​នាវិក ដែល​កំពុង​ស៊ីផឹក​សប្បាយ​នៅ​ក្នុង​ទីនោះ​ដែរ ។ ពេល​នោះ ខុ​ង​ជឺ បាន​ចុះ​ទៅ​មើល​ហេតុ​ពិត​នៅ​ក្នុង​បាត​សំពៅ ។ ទស្សនវិទូ​នេះ​បានឃើញ​ទិដ្ឋភាព​មួយ​គួរ​ឱ្យ​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ត​ក្រៃ​លែង ។ គេ​ឃើញ​មនុស្ស​បួន​ប្រាំ​នាក់​កំពុង​ស៊ីផឹក​ស្រវឹង​ស្រែកច្រៀង​ឡូឡា​អឺង​អាប់ ខុ​ង​ជឺ ក៏​ឃើញ​ស្រី​ម្នាក់​មានមុខ​ខ្មៅ​ជាំ អាក្រាត​នៅ​ខ្លួន​ទទេ មាន​ច្រវាក់​ជាប់​អវៈយវៈ​ទាំង​សងខាង ។

ខុ​ង​ជឺ សួរ​តា​ចាស់​ដែល​ជា​អ្នក​បោសសំអាត​នៅ​បាត​សំពៅ​ពី​បុព្វហេតុ​ដ៏​គួរ​ឱ្យ​សង្វេគ​នេះ ឯ​តា​ក៏​និយាយ​ប្រាប់ ៖ «​ស្រី​នេះ​ជនជាតិ​ម៉ុង​ហ្គោ​លី ចៅហ្វាយ​យើង​ទិញ​យក​មក​ជា​តម្លៃ​អំបិល​១០​នាឡិ ។ ដំបូង​វា​មានមុខ​ស្អាតបាត​ដូច​ស្រី​ក្រមុំ​នៅ​ហាន់​ចូ​វ​ទាំងឡាយ​។ តែ​ក្រោយមក​ស្រី​នេះ​បែរជា​ឆ្កួត​វង្វេង​អត់​ដឹង​អី ចេះ​តែ​យំ និង​សើច និយាយ​ផ្ដេសផ្ដាស​។ គេ​យក​បាវ​ស្រូវ​ឱ្យ​វា​ស្លៀកពាក់ ព្រោះ​វា​តែងតែ​ដេ​លក​ននៀល​នៅ​ជិត​ចង្ក្រាន​បាយ និង​ពាងទឹក​ដែល​គេ​យក​វា​ទៅ​ដាក់​ច្រវាក់​ដៃជើង ព្រោះ​ខ្លាច​វា​រើ​របស់ទ្រព្យ ឬ​បំផ្លាញ​ឆ្នាំង​បាយ និង​ពាងទឹក​ដែល​គេ​ដាក់​នៅ​ជិត​វា !» ។

ពេល​នោះ ខុ​ង​ជឺ ចូល​ទៅ​យក​សម្លៀក​បំពាក់​មួយ​សម្រាប់​មក​បិទ​បាំង​រាង​កាយ​អាក្រាត​របស់​នារី​អភ័ព្វ​នោះ ។ កាយវិការ​នេះ​ធ្វើ​ឱ្យ​នាយភេត្រា ផ្ទុះសំណើច ហើយ​ប្រាប់​អភិជន លូ ថា ក្មេង​កំលោះ​នេះ​សុភាព​គួរ​រាប់អាន ហើយ​នាយសំពៅ​និយាយ​ទៀត​៖ «​បើ​ឯង​ចង់​បាន​​ប្រពន្ធ អញ​នឹង​ឱ្យ​ស្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ ។ ចូរ​ឯង​រើស​តាម​ចំណង់ចិត្ត​ចុះ​!»​។ ខុ​ង​ជឺ ថ្លែង​អំណរគុណ​ដល់​នាយសំពៅ ហើយ​ក៏​ចុះ​ទៅ​បាត​នាវា ដោះ​លែង​ស្រី​ខ្មៅ​ដែល​ជាប់​ច្រវាក់​នោះ​ចេញ​មក​ក្រៅ​។

ខុ​ង​ជឺ បាន​នាំ​នាង​មក​បង្ហាញ​នាយភេត្រា រួច​ពោល​៖ «​បើ​លោក​ម្ចាស់​ចង់​ធ្វើ​អំណោយ​ប្រពន្ធ​ដល់ខ្ញុំ​ៗ​សូម​ស្រី​ល្អ​ម្នាក់​នេះ​យក​ទៅ​រៀប​ការ នៅ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​!» ។ សម្ដី ខុ​ង​ជឺ ធ្វើ​ឱ្យ​គេ​សើច​គ្រប់​ៗ​គ្នា ។ ខុ​ង​ជឺ ក៏​នាំ​ស្ត្រីជាតិ​ម៉ុង​ហ្គោ​លី​នោះ​ទៅ​ឱ្យ​ម្ដាយ​ខ្លួន​ព្យាបាល ។

ម្ដាយ​ខុ​ង​ជឺ ខិតខំ​ស្រាវជ្រាវ​តម្រា​ថ្នាំ​យក​មក​ពិនិត្យ ដើម្បី​ព្យាបាល​ជំងឺ​នាង​ក្រមុំ​ម៉ុង​ហ្គោ​លី​នេះ ។ កន្លះ​ខែ​មក​ហើយ​ដែល​ម្ដាយ ខុ​ង​ជឺ បាន​ជ្រើសរើស​ថ្នាំ​ផ្សេង​ៗ​ជា​ច្រើន​មុខ ដើម្បី​​ព្យាបាល​សុខភាព និង​មុខមាត់​របស់​យុវតី​នេះ ។ ប៉ុន្តែ​ជា​ការ​ឥតប្រយោជន៍ ព្រោះ​ក្បួន​ថ្នាំ​ ឫស​ឈើ​ដែល​មាន​ក្នុង​មហា​គម្ពីរ​ចាំង គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​មុខមាត់​យុវតី​នោះ​ឱ្យ​ល្អ​ដូច​ដើម​វិញ​ឡើយ​។ ដោយ​អស់ចំណេះ ខុ​ង​ជឺ បាន​ជួយ​ណែនាំ​នាង​ឱ្យ​ចេះ​ធ្វើ​កិច្ចការ​ទូទៅ​ដូច ស្រី​ៗ​ឯទៀត​ក្នុងស្រុក មាន​រវៃអំបោះ ក្រសាវ​សូត្រ និង​រៀបចំ​ទុកដាក់​ប្រដាប់ប្រដារ​នៅ​ក្នុងផ្ទះ​ជាដើម ។

ពេល​យប់ ខុ​ង​ជឺ តែង​បង្រៀន​នាង​ឱ្យ​ចេះ​និយាយ​ភាសា​ចិន​ក្នុងស្រុក ព្រមទាំង​បង្ហាត់​ឱ្យ​ចេះ​អាន​អក្សរ​ថែម​ទៀត ។ ពេល​ណា ខុ​ង​ជឺ សង្កេត​ឃើញ​នាង​មានទុក្ខ​ព្រួយ នាយ​តែង​តែ​នាំ​នាង​ដើរ​លេង​កម្សាន្ត​តាម​ជើងភ្នំ បង្ហាត់​នាង​ឱ្យ​ច្រៀង​បទ​កំណាព្យ ដែល ខុ​ង​ជឺ បាន​​និពន្ធ​ខ្លួនឯង​នៅ​ពេលទំនេរ​ម្ដង​ៗ ។ ប៉ុន្តែ​នៅ​ថ្ងៃមួយ ស្រី​ជាតិ​ម៉ុង​ហ្គោ​ល​នេះ​បាន​លួច​​សេះមួយ​របស់ ខុ​ង​ជឺ ហើយ​បំផាយ​យ៉ាង​លឿន​តម្រង់​ទៅ​ភ្នំ​ទឹកកក ប៉ែក​អាគ្នេយ៍​ស្រុក​ចាន់​តុង ដោយ​គ្មាន​ទុក​ដំណឹង​អ្វី​បន្តិច​សោះ​ដល់​គ្រួសារ​ខុ​ង​ជឺ ។

ខុ​ង​ជឺ តែង​គិត​ថា ​អំពើ​ដែល​ខ្លួន​គាត់​ធ្វើ​ទាំង​អម្បាលម៉ាន ជា​ការ​សង្គ្រោះ​មួយ​ដែល «សីល​ធម៌​សាកល​ជំរុញ​នូវ​ឆន្ទៈ​មនុស្ស​ឱ្យ​ដើរទៅ​រក​មា​គ៌ា លូតលាស់​ខាង​ផ្លូវចិត្ត​សាស្ត្រ» ។ ខុ​ង​ជឺ បាន​ទន្ទេញ​៖ «​ធ្វើ​គុណ​ទៅ​ហើយ បើ​គេ​តបគុណ​មក​វិញ ចាត់​ទុក​ដូច​ជា​ពុំ​បាន​ធ្វើ​គុណ​! ធ្វើ​គុណ​ទៅ​ហើយ ត្រឡប់​បាន​ផល​អាក្រក់​វិញ ត្រូវ​ទទួល​ការ​ពិសោធន៍​ដោយ​ដៃ​ពីរ ! ធ្វើ​គុណ​ហើយ បើ​វារ​លាយ​សាបសូន្យ​ទៅ ត្រូវ​បន្ត​ការ​ធ្វើ​គុណ​ទៅ​​ទៀត ប្រៀប​ដូច​ត្រី បើ​វា​ចឹក​នុយ​ហើយ គេ​ត្រូវ​យក​សន្ទូច​មក​បិទ​នុយ​ថែម​ទៀត !» ។

រាត្រី​មួយ​នៅ​ពេល​ម្ដាយ និង​កូន​កំពុង​គិតពិចារណា​ពី​កាតព្វកិច្ច ដែល​គេ​ត្រូវ​អនុវត្ត​ក្នុង​ថ្ងៃ​​មុខ នៅ​ក្រៅ​ផ្ទះ​ព្រិល​ក៏​ចុះ​រុះ​រោយ​យ៉ាង​ខ្លាំង ។ ម្នាក់​ៗអង្គុយ​កម្ដៅ​ភ្លើងចង្ក្រាន ដែល​គេ​​នាំ​គ្នា​បង្កាត់​ក្នុង​ឡ​នៃ​គេហដ្ឋាន​ខ្លួន ។ ខុ​ង​ជឺ ឮ​សូរ​សំឡេង​ជើងសេះ ប្រហែល​ដប់​បាន​មក​​ឈប់​នៅ​មុខ​ផ្ទះ​គេ ។ បន្ទាប់​មក​ស្នូរ​គោះ​ទ្វារ​បន្ទាន់ និង​សំឡេង​ដ៏​ស្រួយស្រែះ​របស់​ស្ត្រី​ម្នាក់​បន្លឺ​ឡើង​។ ម្ដាយ ខុ​ង​ជឺ បាន​ស្គាល់​សំឡេង​នេះ​ច្បាស់លាស់​ណាស់ គឺ​នាង​ជា​កូន​ស្រី​មេកន្ទ្រាញ​ភ្នំ​ម្នាក់​ជាតិ​ម៉ុង​ហ្គោ​ល ។ ក្នុង​ពេល​ពួក​ឈ្មួញ​លួច​ចាប់​យក​មក យុវតី​នេះ​បាន​លេបថ្នាំ​ម្យ៉ាង​ដែល​បំផ្លាញ​សម្រស់​។ ដោយ​កញ្ញា​ម៉ុង​ហ្គោ​ល​ជាប់ចិត្ត​ស្នេហា​នឹង​​គ្រួសារ ខុ​ង​ជឺ ព្រមទាំង​រូប ខុ​ង​ជឺ ផង នាង​ក៏​បាន​លួចរ​ត់ទៅ​ស្រុក​ខ្លួន​វិញ ដើម្បី​ព្យា​បាល​មុខមាត់​ឱ្យ​ដូច​ដើម ​(​ស្រង់​ចាក​សៀវភៅ​ថ្នាក់មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ