ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​1​ឆ្នាំ​នេះកម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​3​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣​លាន​នាក់ កើនឡើង​១៣%…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣​លាន​នាក់ កើនឡើង​១៣% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ក្នុង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​៨ សីហា កន្លង​មក ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៣​លាន​នាក់ កើនឡើង​១៣% ហើយ​ជា​ការ​រំពឹង​ទុក​ពេញ​មួយ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​៦,២​លាន​នាក់ ។ ក្នុង​នោះ កំណើន​ទេសចរ​ចិន​រំពឹង​នឹង​កើនឡើង​ជាង​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខណៈ​គោលដៅ​កម្ពុជា គ្រោង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន ត្រឹម​២​លាន​នាក់​ប៉ុណ្ណោះ » ។

លោក​បន្ដ​ថា កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ដែល​ជា «​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​» ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា «​មាស​បៃតង​» បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម បង្កើត​ឱកាស​មុខរបរ និង​បង្កើន​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ធនធានធម្មជាតិ ជា​ពិសេស រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន ។

លោក​បន្ត​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​បាន​ផ្តល់​កាលានុវត្តភាព​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយ​វិស័យ​នេះ​បាន​រួមចំណែក​ក្នុង​ផលទុនជាតិ​សរុប​១១,៨% កាលពី​ឆ្នាំ​មុន » ។
តាម​ការ​ព្យាករ នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​៧​លាន​នាក់ ជាមួយនឹង​ចំណូល​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់​លាន​នាក់​បន្ថែម​ទៀត ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ហូ វ​ណ្ឌី បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទាក់ទង​នឹង​កំណើន​នេះ​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​យើង​ទទួល​បាន នឹង​កំណត់ ឬ​អាច​ជឿជាក់​បាន​នៅ​ពេល​ដំណាច់ឆ្នាំ​នេះ ខណៈ​និន្នាការ​ភ្ញៀវ​ទេសចរ​ចិន​ឆ្នាំ​នេះ កើនឡើង​រហូត​ដល់​៧៨% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ភ្ញៀវ​មក​ពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អឺរ៉ុប​បាន​ថយ​ចុះ ។ លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា យើង​រីករាយ​នឹង​កំណើន​ភ្ញៀវ​ដែល​កម្ពុជា​ទទួល​បាន ពិសេស​ភ្ញៀវ​ទេសចរ​ចិន តាម​រយៈ​កំណើន​នៃ​កា​រត​ភ្ជាប់​ផ្នែក​អាកាសចរណ៍ » ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ គឺ​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត ដោយសារ​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​សម្រេច​បាន ។ លោកស្រី​បន្ត​ថា ៖« យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​នេះ ហើយ​យើង​ឃើញ​ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​ភាព​ទាក់ទាញ » ។

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​ដែរ​ថា ភ្ញៀវ​ទេសចរ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​នៅ​តែ​បន្ត​កើនឡើង​ល្អ​ប្រសើរ បើ​ទោះជា​ភ្ញៀវ​មក​ពី​អា​មេ​រិ​ក និង​អឺរ៉ុប​មួយ​ចំនួន​មាន​សញ្ញា​ទ្រឹង​ក្តី ឬ​ថយ​ចុះ​តិចតួច​ក្ដី ប៉ុន្តែ​ជា​រួម គឺ​លំហូរ​ភ្ញៀវ​អន្តរជាតិ​នៅ​តែ​បន្ត​កើនឡើង ។ លោក​បន្ត​ថា ៖« អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ភ្ញៀវ​អន្តរជាតិ​ហាក់​មិន​បាន​សួរនាំ​ពី​ស្ថានភាព​នៅ​កម្ពុជា​ច្រើន​ទេ មាន​ន័យ​ថា ពួក​គេ​ជឿជាក់​លើ​ស្ថិរភាព និង​សុខ​សន្តិភាព​របស់​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ