សហរដ្ឋអាមេរិក ៖ រដ្ឋការអាមេរិកកាលពីថ្ងៃទី៩ សីហាបានប្រកាសពីការបង្កើត កងកម្លាំងអវកាស ជាសាខាទី៦ នៃកងទ័ពតាមបំណងប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលក៏ចង់ឲ្យសហរដ្ឋអាមេរិកគ្របដណ្ដប់ទីអវកាសសីុដាច់គេ ។
អនុប្រធានាធិបតីអាមេរិកលោក MIKE PENCE បានថ្លែងនៅមុខពួួកយោធានាមន្ទីរប៉ង់តាហ្គោនថា ពេលវេលាមកដល់ហើយដើម្បីសរសេរទំព័រប្រវត្តិសាស្ត្រថ្មីនៃកងទ័ពរបស់យើង ក្នុងការរៀបចំខ្លួនសម្រាប់ទីលានប្រយុទ្ធនាពេលខាងមុខ ។ ពេលវេលាមកដល់ហើយសម្រាប់បង្កើតកងកម្លាំងអវកាសរបស់សហរដ្ឋអាមេរិក ។
ចំណែកលោក ត្រាំ វិញបានសរសេរតាម TWITTER ថា កងកម្លាំងអវកាសត្រូវបង្កើតឲ្យបាន ។ការរៀបចំនានាកំពុងតែធ្វើលើកងកម្លាំងអវកាសនេះដែលជាសាខាទី៦របស់កងទ័ព អមកងទ័ពជើងគោក កងទ័ពជើងអាកាស កងម៉ារីន កងទាហានម៉ារីននិងកងឆ្មាំឆ្នេរសមុទ្រ ។
លោក ត្រាំ ធ្លាប់ថ្លែងថា ដើម្បីការពារអាមេរិក វត្តមានធម្មតានៅទីអវកាសពុំគ្រប់់គ្រាន់ឡើយ យើងត្រូវគ្រប់គ្រងទីអវកាស ។ កងយោធាលើពិភពលោកពឹងផ្អែកកាន់តែខ្លាំងលើបណ្ដាឧបករណ៍នៅទីអវកាសសម្រាប់ប្រតិបត្តិការរបស់ពួកគេ ហើយការពារសន្តិសុុខរបស់បណ្ដាផ្កាយ
រណប ដែលកាន់តែមានសារសំខាន់ខ្លាំងឡើង ។
លោក PENCE បន្តថា ទីអវកាសមានការផ្លាស់ប្ដូរចាប់តាំងពីមួយជំនាន់មនុស្សមកហើយ ។ បច្ចុប្បន្នប្រជាជាតិឯទៀតៗស្វះស្វែងរាំងខ្ទប់បណ្ដាប្រព័ន្ធរបស់យើងមានមូលដ្ឋានក្នុងទីអវកាស ហើយប្រឆាំងខ្លាំងជាងពេលណាៗទាំងអស់ដល់ឧត្ដមភាពរបស់អាមេរិក ។
លោកបានលើកពីការបាញ់មីសីុលមួយរបស់ចិនកាលពីឆ្នាំ២០០៧ដែលពេលសាកល្បងអាចកម្ទេចផ្កាយរណបមួយក្នុងចំណោមផ្កាយរណបរបស់គេ ។ នោះបង្ហាញពីការបង្កហេតុកាន់តែខ្លាំងរបស់ចិនក្នុងការធ្វើយោធូបនីយកម្មនៅទីអវកាស ។ លោកក៏លើកដែរពីបណ្ដាគម្រោងអាវុធឡាស័រ និងមីសីុលរបស់រុស្សុីសម្រាប់កម្ទេចផ្កាយរណបអាមេរិក ៕
ចែករំលែកព័តមាននេះ