ការងារជាអំពើល្អ អំពើសុចរិតមានច្រើនណាស់ដែលយើងត្រូវធ្វើ ត្រូវសន្សំទុក មិនមែនក្រៅតែពីការងាររកចិញ្ចឹមជីវិតហើយក៏ត្រូវចប់ដែរនោះឡើយ គឺនៅមានការងារដែលត្រូវធ្វើ ឬត្រូវបង្កើតឡើងតាមដួងចិត្តជាច្រើនទៀតដែលយើងត្រូវអនុវត្ត
ត្រូវធ្វើ ត្រូវអប់រំរាល់ថ្ងៃដោយគ្មានពេលសម្រាកឡើយ ។
តាមពិតទៅការងារអាក្រក់ច្រើនណាស់ ដែលអ្នកធ្វើហើយតែមិនបានគិតថា វាជាអំពើបាបនោះឧទាហរណ៍ដូចជា ការមានចិត្តបៀតបៀនគេ ការឈ្នានីសគេ ការនិយាយដើមគេ ដែលករណីនេះមានមនុស្សជាច្រើន ពេលទំនេរក៏ទៅអង្គុយនិយាយពីនេះខ្លះ ពីនោះខ្លះ អ្នកនេះមិនល្អយ៉ាងនេះ អ្នកនោះអាក្រក់យ៉ាងនោះជាដើម នេះគឺជាការងារដ៏អាក្រក់មួយ តែអ្នកមិនបានគិតថាវាបាបទេ ព្រោះអ្នកគិតថាមិនបានទៅធ្វើផ្ទាល់ដៃ ឬទៅសម្លាប់គេ ។
មែនហើយអំពើបាបមិនមែនទាល់តែអ្នកទៅសម្លាប់ជីវិតគេនោះទេ មិនបានសម្លាប់គេក៏បានបាបដូចគ្នាដូចជា យើងមានគំនិតមិនល្អ ការទៅនិយាយដើមគេ នេះជាអំពើបាបមួយកើតឡើងតាមផ្លូវចិត្តពិតៗ ពោលគឺនរណានៅមានអកុសលមូល លោភៈ ទោសៈ មោហៈ បាបនឹងមាននៅក្នុងបុគ្គលនោះ ហើយអពមង្គលក៏កើតឡើងក្នុងពេលដំណាលគ្នាដែរ ។
ព្រះបរមសាស្តាទ្រង់មិនសរសើរការងារណា ដែលជាការងារមិនប្រក្រតី ការងារមានទោសនាំមកនូវអពមង្គលនោះឡើយ ។
ចែករំលែកព័តមាននេះ