រាជធានីភ្នំពេញ ៖ ហាងអីុនធឺណែតយីហោពេជ្រ ដែលមានទីតាំងនៅផ្ទះលេខ១០៥Eo ផ្លូវលេខ១៣ ភូមិទី១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ត្រូវខ្មាន់កាំភ្លើងភ្ជង់ប្លន់យកលុយអស់១ពាន់ដុល្លារកាលពីវេលាម៉ោង១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មេសា ដោយសុវត្ថិភាព ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះឈឹម ចាន់សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមើលការក្នុងហាងអីុនធឺណែតពេជ្រ ស្នាក់នៅផ្ទះលេខ៨៥អឺ១ផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានឱ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ មេសា គាត់ជាម្ចាស់ហាងកំពុងអង្គុយនៅតុគិតលុយអែបជញ្ជាំងខាងស្តាំហើយនិយាយទូរស័ព្ទ។ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ខោអាវប៉ារ៉ាពាក់មួកសុវត្ថិភាពពណ៌ខ្មៅរុញទ្វារកញ្ចក់ដើរចូល ដៃម្ខាងលូកចង្កេះខាងស្តាំ ដៃម្ខាងទៀតចង្អុលនិងគំរាមមិនឱ្យគាត់ស្រែករួចបញ្ជាឱ្យយកលុយក្នុងថតតុប្រគល់ឱ្យគេ ។ ពេលនោះជនរងគ្រោះបានទាញថតតុដកលុយប្រគល់ឱ្យជនដៃដល់ ហើយជននោះក៏យកលុយដាក់ក្នុងហោប៉ៅខោ រួចបានស្រែកគំរាមថា«បើហ៊ានស្រែកនឹងបាញ់ ចោល» ។ បន្ទាប់មកជនដៃដល់បានដើរចេញទៅខាងក្រៅ ហើយឡើងជិះម៉ូតូបក្សពួករបស់វាដែលបញ្ឆេះម៉ាស៊ីនរង់ចាំជាស្រេច ។ ភ្លាមៗជនដៃដល់បានបើកម៉ូតូទៅតាមផ្លូវលេខ១៣ឆ្ពោះទៅទិសខាងត្បូងបាត់ដោយសុវត្ថិភាព ។
ទាក់ទិននឹងករណីប្លន់ក្នុងហាងអីុនធឺណែតយីហោពេជ្រ នេះ មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា ករណីប្លន់នៅក្នុងហាងអីុនធឺណែតនៅចំណុចខាងលើ នគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវហើយនេះក៏ជាករណីប្លន់ក្នុងហាងអីុនធឺណែតលើកទី១ដែលកើតឡើងនៅវេលារំលងអធ្រាត្រក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ