បុគ្គលត្រូវយល់ពីតម្លៃនៃការអត់ធន់ឱ្យច្បាស់ថា សេចក្តីអត់ធន់អាចញ៉ាំងផលប្រយោជន៍ឲ្យសម្រេចបានគ្រប់យ៉ាង និងមានតម្លៃដ៏មហាសាល។ ខាងក្រោមនេះជាប្រសិទ្ធភាពនៃការអត់ធន់ៈ
១-អត់ធន់ក្នុងរឿងដែលគួរអត់ធន់ គឺត្រូវអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ ការដេក ការរៀនសូត្រជាដើម ។
២-អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទា ធ្វើល្អដល់គេត្រូវប្រទូស្តតបវិញ និយាយពិត ធ្វើដោយស្មោះ មិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយ ការអត់ធន់បែបនេះលំបាកជាទីបំផុត តែបើបុគ្គលធ្វើបានឈ្មោះថា ល្អដ៏ក្រៃលែង ផលនឹងកើតមានជាក់ជាមិនខាន ។
៣-សេចក្តីអត់ធន់ ធ្វើឲ្យបានជាមនុស្សមានចិត្តធ្ងន់ ធន់នឹងកិច្ចការគ្រប់យ៉ាង
៤-ការអត់ធន់ធ្វើឲ្យរួចពីក្រញាំតណ្ហា មិនលុះក្នុងអំណាចនៃចំណង់
៥-សេចក្តីអត់ធន់ធ្វើឲ្យមានរបៀបរៀបរយ មានវិន័យត្រឹមត្រូវ
៦-សេចក្តីអត់ធន់ អាចបញ្ឈប់សេចក្តីក្រោធបានភ្លាម
៧-ការអត់ធន់ ធ្វើឲ្យតម្កល់ខ្លួនបានក្នុងផ្លូវល្អ
៨-ការអត់ធន់ ជាដៃគូមិនអាចអត់បានក្នុងការងារ
៩-សេចក្តីអត់ធន់ ជាគ្រឿងឃុំគ្រងរបស់ចិត្ត
១០-ការអត់ធន់ នាំឲ្យមានមិត្តល្អៗជាបរិវារ
១១-សេចក្តីអត់ធន់ ជាកំពូលនៃគុណធម៌ ។
តាមធម្មតាដែកដែលគេយកទៅដុត ហើយយកមកលត់ យកមកដំឱ្យទៅជាឧបករណ៍ផ្សេងៗ រមែងរឹងជាដែកថែប និងមានតម្លៃច្រើន យ៉ាងណាបុគ្គលដែលអត់ធន់បានល្អ ក៏ជាមនុស្សរឹងប៉ឹង និងមានគុណតម្លៃដ៏មហាសាលក៏យ៉ាងដូច្នោះដែរ ។
ចែករំលែកព័តមាននេះ