រាជធានីភ្នំពេញ ៖ បុរសបើករថយន្តហាំមើរអះអាងថា គាត់រវល់ឱនរើសទូរស័ព្ទទើបបណ្ដាលឱ្យរេចង្កូតទៅបុកបង្គោលភ្លើងបាក់ជាពីរកំណាត់ ឯរថយន្តដាច់កងមុខចំហៀងខាងឆ្វេង ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៧ មេសា តាមផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តហាំមើរ ពណ៌លឿង បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើបានរេចង្កូតទៅបុកបង្គោលភ្លើងបាក់ជាពីរកំណាត់ ចំណែករថយន្តដាច់កង់មុខខាងឆ្វេង និងខូចខាតផ្នែកក្បាល ។អ្នកបើករថយន្តបាននិយាយថា គាត់មិនបានស្រវឹងទេ ដោយសារគាត់រវល់ឱនរើសទូរស័ព្ទរេចង្កូតរថយន្តទៅបុកបង្គោលភ្លើង ។ ក្រោយកើតហេតុរថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕