សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា អ្នកស្រីប៉ាទ្រីសុីយ៉ា ហុីល(Patricia Hill) រស់នៅរដ្ឋអាខាន់សាស់ សហរដ្ឋអាមេរិក អាយុ៦៩ឆ្នាំ បានបាញ់លោកហ្វ្រែង(Frank) ជាប្ដីអាយុ៦៥ឆ្នាំបណ្ដាលឲ្យស្លាប់នៅក្នុងផ្ទះព្រោះមិនពេញចិត្តដែលលោកមើលវីដេអូសិចតាមប៉ុស្ដិ៍ខ្សែកាប ។
ស្ត្រីបង្កហេតុឲ្យដឹងថា កាលពីមុនខ្លួន និងប្ដីមិនធ្លាប់ទាស់សំដីគ្នាទេ ប៉ុន្តែកាលពីពេល ថ្មីៗកន្លងមកបែរជាឈ្លោះគ្នា ក្រោយពីឃើញប្ដីទិញវីដេអូអាសអាភាសពីប៉ុស្ដិ៍ខ្សែកាប ហើយគាត់ក៏បានលុបចោលបញ្ជាទិញម្ដងរួចមកហើយ ប៉ុន្តែប្តីនៅតែលួចទិញទៀត ។
ប៉ូលិសឲ្យដឹងថាក្រោយពីលោកស្រីប៉ាទ្រីសុីយ៉ាមិនពេញចិត្ត ក៏បានដើរចូលទៅក្នុងផ្ទះ និងបណ្ដេញលោកហ្វ្រែងចេញពីផ្ទះ ប៉ុន្តែគេមិនព្រមចេញទើបគាត់ទាញកាំភ្លើងមកបាញ់២គ្រាប់នៅត្រង់ជើង និងក្បាល ។ ក្រោយមកក៏ទុកកាំភ្លើង និងទូស័ព្ទហៅប៉ូលិសមកចាប់ខ្លួនដោយគាត់រង់ចាំប្រគល់ខ្លួននៅក្នុងផ្ទះ ។
ក្រោយពីកើតហេតុក្រុមជួយសង្គ្រោះក៏នាំលោកហ្វ្រែងទៅមន្ទីរពេទ្យ និងស្លាប់បាត់បង់ជីវិតក្នុងពេលបន្ទាប់ ។ ស្ត្រីនោះរងការចោទប្រកាន់ថាធ្វើឃាតដោយចេតនាអាចមានទោសប្រហារជីវិត ខណៈពេលប៉ូលិសកំពុងឃុំខ្លួន និងមិនទទួលការធានាឲ្យនៅក្រៅឃុំទេ ៕
ចែករំលែកព័តមាននេះ