ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូស​ច្រើន​ពេក​! ភូមិ​មួយ​នៅ​ហ្វី​លី​ពី​ន​ឱ្យ​ប្រជាជន​ចា.ប់​មូស ចា.ប់​ដង្កូវទឹក ប្តូរ​យក​ប្រាក់​រង្វាន់

1 ថ្ងៃ មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP Arirang News បាន​រាយការណ៍​ថា ភូមិ​មួយ​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន បាន​នឹង​កំពុង​បើក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម…

0:00
0:00

ប្រទេស​ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP Arirang News បាន​រាយការណ៍​ថា ភូមិ​មួយ​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន បាន​នឹង​កំពុង​បើក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម ដោយ​អាជ្ញាធរ​ផ្តល់​ប្រាក់​រង្វាន់​ដល់​ប្រជាជន​ដែល​ចាប់​មូល និង​ដង្កូវទឹក​ទាំង​ងាប់ ឬ​នៅ​រស់​។

យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ប្លែក​មិនធម្មតា​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ភូមិ Addition Hills ស្ថិត​ក្នុង​ទីក្រុង​ម៉ា​ន់​ដា​លូ​យ៉ុ​ង (Mandaluyong) កាលពី​ថ្ងៃ​ពុធ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ បន្ទាប់​ពី​ទីក្រុង​កេ​ហ្សុ​ន (Quezon) នៅ​ក្បែរ​នោះ​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​ជំងឺគ្រុនឈាម កាលពី​ស​ប្តា​ហ៍​មុន​។ តំបន់​៨​ផ្សេង​ទៀត ក៏​បាន​រាយការណ៍​ថា​មានការ​កើនឡើង​ករណី​ជំងឺគ្រុនឈាម ដែល​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ផង​ដែរ​។

យោង​តាម​ស្ថិតិ​របស់​ក្រសួងសុខាភិបាល​ហ្វី​លី​ពី​ន បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ យ៉ាង​ហោច​ណាស់​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន ២៨,២៣៤​ករណី ត្រូវ​បាន​កត់ត្រា​នៅ​ប្រទេស​ហ្វី​លី​ពី​ន សម្រាប់​ឆ្នាំ​នេះ ដែល​កើនឡើង ៤០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ទីក្រុង​កេ​ហ្សុ​ន​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺគ្រុនឈាម កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ករណី​ស្លាប់​នៅ​ឆ្នាំ​នេះ ឈាន​ដល់​១០​នាក់ ភាគច្រើន​ជា​កុមារ ក្នុង​ចំណោម​អ្នកមាន​ជំងឺគ្រុនឈាម ១,៧៦៩​នាក់​។

ភូមិ Addition Hills ដែល​មាន​ប្រជាជន​រស់នៅ​ជាង​១០​ម៉ឺន​នាក់ ដោយនៅ​តាម​សង្កាត់​មាន​មនុស្ស​ច្រើន​កកកុញ អគារ​ខុន​ដូ និង​លំនៅ​ដ្ឋា​ន បាន​នាំ​គ្នា​ធ្វើការ​បោសសម្អាត និង បិទ​ប្រឡាយ លូ និង​យុទ្ធនាការ​អនាម័យ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម​។ ប៉ុន្តែ​នៅ​ពេល​ករណី​ជំងឺគ្រុនឈាម​បាន​កើនឡើង​ដល់​៤២​ករណី​ក្នុងឆ្នាំនេះ ហើយ​សិស្ស​វ័យក្មេង​ពីរ​នាក់​បាន​ស្លាប់​ផង​នោះ លោក Carlito Cernal ដែល​ជា​មេ​ភូមិ​បាន​សម្រេច​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ដ៏​ខ្លាំងក្លា​។ លោក​បាន​ប្រាប់​សារព័ត៌មាន AP ថា លោក​មាន​វិធី​ដ៏​ល្អ​មួយ ដោយ​អ្នកស្រុក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១​ប៉េ​សូ​ហ្វី​លី​ពី​ន ឬ​ស្មើនឹង​ប្រាក់​រៀល​ខ្មែរ ៧០​រៀល រាល់ពេល​ពួក​គេ​ចាប់​មូស​៥​ក្បាល​ទាំង​ងាប់ ឬ​នៅ​រស់​។ ទោះ​យ៉ាងណា ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា យុទ្ធសាស្ត្រ​នេះ គ្មាន​ប្រសិទ្ធិ​ភាព​ទេ ហើយ​សត្វ​មូស​អាច​ត្រឡប់​មក​វិញ ដោយសារ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​នេះ ព្រោះតែ​ប្រាក់​រង្វាន់​ប៉ុណ្ណោះ​។

យ៉ាងណាមិញ នៅ​ពេល​យុទ្ធនាការ​បាន​ចាប់ផ្តើម អ្នកប្រមាញ់​មូស​រាប់​សិប​នាក់​បាន​នាំ​គ្នា​បង្ហាញខ្លួន​នៅ​ការិយាល័យ​ភូមិ​។ ក្រៅពី​ភូមិ Addition Hills ក្នុង​ទីក្រុង​ម៉ា​ន់​ដា​លូ​យ៉ុ​ង អាជ្ញាធរ​នៅ​ឯ​ភូមិ​មួយទៀត​ក្នុង​ទីក្រុង​កេ​ហ្សុ​ន ក៏​កំពុង​តែ​ពិចារណា​លែង​ហ្វូង​សត្វ​កង្កែប ដើម្បី​ឱ្យទៅ​ស៊ី​សត្វ​មូស និង​ដង្កូវទឹក​ផង​ដែរ​។

លោក Teodoro Herbosa លេខាធិការ​សុខាភិបាល​ហ្វី​លី​ពី​ន​បាន​ថ្លែង​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​សម្អាត​កន្លែង​មូស​រស់នៅ ហើយ​សម្រាប់​អ្នក​អាច​ឆ្លង​មេរោគ ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​។ លោក​បន្ត​ថា ទោះបីជា​មានការ​កើនឡើង​នៃ​ការ​ឆ្លង​មេរោគ​គ្រុនឈាម​ក៏​ដោយ ក៏​ប្រទេស​ហ្វី​លី​ពី​ន​បាន​គ្រប់គ្រង​អត្រា​មរណភាព​ទាប​។ ករណី​ជំងឺគ្រុនឈាម​បាន​កើនឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​នៅ​មុន​រដូវវស្សា ដែល​ចាប់ផ្តើម​នៅ​ក្នុង​ខែមិថុនា ទំនងជា​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​មានទឹក​ដក់​ច្រើន​កន្លែង អំណោយផល​ដល់​មូស​បង្ក​ជំងឺគ្រុនឈាម​អាច​បង្កាត់​ពូជ​បាន​។

ជំងឺគ្រុនឈាម​ជា​មេរោគ​ឆ្លង​ដោយ​មូស​ខ្លា មាននៅ​ក្នុង​ប្រទេស​ត្រូពិច​ជុំវិញ​ពិភពលោក​។ ជំងឺគ្រុនឈាម​អាច​បណ្តាល​ឱ្យ​ឈឺសន្លាក់ ចង្អោរ ក្អួត និង​កន្ទួល ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ផ្លូវដង្ហើម ហូរ​ឈាម និង​ខូច​សរីរាង្គ ខណៈ​ពេល​ដែល​មិន​មានការ​ព្យាបាល​ជាក់លាក់​សម្រាប់​ជំងឺ​នេះ ការ​ថែទាំ​វេជ្ជសាស្ត្រ​ដើម្បី​រក្សា​កម្រិត​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​មនុស្ស​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​សារៈសំខាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ