ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ខែមិថុនា កម្ពុជា​មាន​រោងចក្រ​ជិត ​1.600 ផ្ដល់​ការងារ​ជាង​1​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ បាន​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​បណ្តាក់ទុន​លើ​វិស័យ​ឧស្សាហកម្ម​យ៉ាងច្រើន ។ ជាក់ស្ដែង គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ បាន​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​បណ្តាក់ទុន​លើ​វិស័យ​ឧស្សាហកម្ម​យ៉ាងច្រើន ។ ជាក់ស្ដែង គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​រោងចក្រ​បើក​ថ្មី​ចំនួន​៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​រោងចក្រ​កើន​ដល់​ជិត​១.៦០០ និង​កំពុង​ស្រូប​យក​កម្លាំង​ពលកម្ម​ជាង​១​លាន​នាក់ ។ នេះ​បើ​តាម​អគ្គនាយករង​ឧស្សាហកម្ម នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣ សីហា កន្លង​មក ។

លោក ហ៊​ត ផេង អគ្គនាយករង​រូប​នេះ​បាន​បន្ដ​ថា ការ​ចុះបញ្ជី​ឧស្សាហកម្ម គិត​ពី​ដើម​ខែមករា មក​ដល់​ខែមិថុនា ឆ្នាំ​២០១៨ នៅ​កម្ពុជា​មាន​រោងចក្រ​បង្កើត​ថ្មី​ចំនួន​៧៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​រោងចក្រ​សរុប​ទាំងអស់​ជិត​១.៦០០ ខណៈ​ដែល​ឆ្នាំ​២០១៣ មាន​រោងចក្រ​ត្រឹមតែ​១.១០៨ ប៉ុណ្ណោះ ។  លោក​បន្ត​ថា ៖« ការ​កើនឡើង​រោងចក្រ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​កំពុង​មាន​សក្តានុពល​ស្រូប​យក​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង ។ ជាក់ស្តែង គិត​មក​ដល់​ខែមិថុនា ឆ្នាំ​២០១៨​នេះ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង មាន​កម្លាំង​អតិពលកម្ម​សរុប​ជាង​៨០​ម៉ឺន​នាក់ » ។

លោក​បន្ត​ថា ៖« បើ​បូក​រួម​ជាមួយ​ផ្នែក​ផ្សេង​ទៀត កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ជាង​១​លាន​នាក់ ខណៈ​នៅ​ក្នុង​ឆ្នាំ​២០១៣ កម្លាំង​ពលកម្ម​បម្រើ​ក្នុង​វិស័យ​ការងារ​មាន​ត្រឹម​ជាង​៦០​ម៉ឺន​នាក់​ប៉ុណ្ណោះ » ។
វិស័យ​ឧស្សាហកម្ម​កម្ពុជា​កាន់តែ​ធ្វើ​ពិពិធ​កម្ម ដោយសារ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ឧស្សាហកម្ម ដែល​អាច​បង្កើត​និង​ទាញ​យក​តម្លៃបន្ថែម​បាន​កាន់តែ​ច្រើន ដោយ​ផ្លាស់​ប្តូរ​ទីផ្សារ​ការងារ​ពី​អតិពលកម្ម ទៅ​ជា​ការងារ​ប្រើប្រាស់​កម្លាំង​ជំនាញ ដែល​ទាញ​យក​តម្លៃបន្ថែម​កាន់តែ​ច្រើន ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា វិស័យ​ឧស្សាហកម្ម​កម្ពុជា​កំពុង​រីក​ចម្រើន តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​នាំ​ចេញ​បាន​កាន់តែ​ច្រើន ប៉ុន្តែ​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង នៅ​តែ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ហើយ​ក៏​ជា​មូលដ្ឋាន​ឬ​ជា​ជ​ន្ទ​ល់​សំខាន់​មួយ ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ឡើង​ទៅ​កាន់​កម្រិត​ថ្មី​មួយ ។ លោក​បន្ត​ថា ៖« ទាំង​អ្នកជំនាញ និង​រដ្ឋាភិបាល​នៅ​តែ​មើលឃើញ​ឧស្សាហកម្ម​កាត់ដេរ​មាន​ភាព​សំខាន់ ដែល​ត្រូវ​ថ្នាក់ថ្នម ។ ហេតុនេះ ទើប​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​វាយនភ័ណ្ឌ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​កម្មករ និយោជិត និយោជក និង​ភាគី​ពាក់ព័ន្ធ អាច​ធ្វើការ​ជាមួយ​គ្នា​ប្រកបដោយ​ភាព​សុខដុម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ