ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​បំពាក់​បច្ចេកវិទ្យា ត្អូញ​រឿង​តម្លៃ​ App​ ឡើងថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​បច្ចេកវិទ្យា​លើ​យានយន្ដ​ដែល​ផ្ដល់​សេវា​សម្រាប់​ដឹក​អ្នក​ដំណើរ ពិតជា​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​អ្នក​រត់​កង់​បី តាក់ស៊ី ក៏​ដូច​ជា​អ្នក​ស្វែងរក​សេវា​​នេះ​ជាដើម ប៉ុន្ដែ​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ អ្នក​រត់​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា​នេះ បាន​ចាប់ផ្តើម​រអ៊ូរទាំ​ពី​តម្លៃ​App​ឡើងថ្លៃ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រក​ចំណូល​សម្រាប់​ទប់ទល់​នឹង​ការ​ចំណាយ…

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​បច្ចេកវិទ្យា​លើ​យានយន្ដ​ដែល​ផ្ដល់​សេវា​សម្រាប់​ដឹក​អ្នក​ដំណើរ ពិតជា​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​អ្នក​រត់​កង់​បី តាក់ស៊ី ក៏​ដូច​ជា​អ្នក​ស្វែងរក​សេវា​​នេះ​ជាដើម ប៉ុន្ដែ​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ អ្នក​រត់​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា​នេះ បាន​ចាប់ផ្តើម​រអ៊ូរទាំ​ពី​តម្លៃ​App​ឡើងថ្លៃ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រក​ចំណូល​សម្រាប់​ទប់ទល់​នឹង​ការ​ចំណាយ និង​ស្ទើរតែ​គ្មាន​ប្រាក់​ចំណេញ​សម្រាប់​សន្សំទុក​ដោះស្រាយ​ពេល​យានយន្ដ​របស់​ពួក​គាត់​ខូច ស្រប​ពេល​ការ​ប្រកួតប្រជែង​កើនឡើង​ខ្លាំង ។

តាម​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា លោក ញឹ​ប ភា​រិ​ទ្ធ បាន​ប្រាប់​កោះសន្ដិភាព​ថា សព្វ​ថ្ងៃនេះ អ្នក​​ប្រកប​របរ​រត់​កង់​បី កំពុង​ជួប​ឧបសគ្គ​ជា​ច្រើន ដូច​ជា ការ​ប្រកួតប្រជែង​កើនឡើង​ខ្លាំង, សេវា​ដឹក​ជញ្ជូន​កាន់តែ​មាន​តម្លៃ​ទាប​, ចំនួន​អ្នក​ជិះ​បាន​ថមថយ ហើយ​ថ្លៃ​សេវា​បំពាក់​App របស់​ក្រុមហ៊ុន​កើនឡើង ។

លោក​បន្ដ​ថា ៖« អ្នក​រត់​កង់​បី​ភាគច្រើន អត់​មាន​លុយ​ទិញ​កង់​បី​ទេ គឺ​ខ្ចី​លុយ​ពី​ធនាគារ​ឬ​ទិញ​ដោយ​បង់​រំលស់ ហើយ​ពេល​នេះ រក​ចំណូល​មិនសូវ​បាន អីចឹង ពួក​គាត់​ជួប​បញ្ហា​ច្រើន​» ។ លោក​ថា ៖« ឥឡូវ​App​ក្រុមហ៊ុន​មាន​កាន់តែ​ច្រើន ទីផ្សារ​កាន់តែ​ធំ​ទូលាយ ។

រីឯ​តម្លៃ​សេវា​ធ្វើ​ដំណើរ​កាន់តែ​ធូរ​ថ្លៃ អីចឹង​ហើយ​រក​ពុំ​សូវ​សល់​នោះ​ទេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បង់​កម្រៃ​ឲ្យ​ក្រុមហ៊ុន​App ឥឡូវ ឡើងថ្លៃ​ទៀត ដូច្នេះ កាន់តែ​ពិបាក​ឡើងៗ» ។

លោក​បន្ត​ថា ៖« បើសិនជា​អាច ខ្ញុំ​ចង់​សុំ​ឱ្យ​ក្រុមហ៊ុន​App​ទាំងអស់ ជួយ​សម្រួល​កាត់​អត្រា​ភាគរយ​ហ្នឹង​ឲ្យ​ធូរ​ថ្លៃ​ជាង​មុន​បន្ដិច​ទៅ » ។

ទាក់ទង​នឹង​ការ​បង់​ភាគរយ​ដល់​ក្រុមហ៊ុន​នេះ បើ​តាម​អគ្គនាយក​ក្រុមហ៊ុន PassApp បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​និង​កំពុង​សិក្សា​រៀបចំ​ការ​ប្រូ​មូ​៉​សិន​បញ្ចុះតម្លៃ​ផ្សេង​ៗ​ជូន​ដល់​សមាជិក​ក្នុង​ពេល​ខាង​មុខ​នេះ ។

លោក តុ​ប និមល អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា ៖«​ពាក់ព័ន្ធ​នឹង​ការ​គិត​កម្រៃ​សេវា​នេះ ខាង​ខ្ញុំ​កំពុង​តែ​រៀបចំ​ជូន​ទៅ​ពួក​គាត់​ដែរ តាម​រយៈ​ការ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ផ្សេង ឬ​ជា​កញ្ចប់​តម្លៃ​អ្វី​ផ្សេង​ទៀត ដើម្បី​លើក​ស្ទួយ​ជូន​គាត់​វិញ»។

លោក​បញ្ជាក់​ថា ៖« ខ្ញុំ​យល់​អំពី​ទីផ្សារ​ថា ចំនួន​អតិថិជន​មាន​កំណត់ ហើយ​អ្នកបើកបរ​មានការ​កើនឡើង​គំហុក​លើស​ពី​តម្រូវការ​បែប​នេះ អីចឹង ពួក​គាត់​ក៏​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ដែរ ។ ចំណូល​ពី​មុន​ធ្លាប់​រកបាន​ច្រើន តែ​ឥឡូវ​ធ្លាក់​ចុះ ខ្ញុំ​ក៏​យល់​ដែរ ។ អីចឹង ខ្ញុំ​ក៏​មាន​គម្រោង​ពិភាក្សា​ជាមួយ​ក្រុមការងារ​ពី​ប្រូ​មូ​៉​សិន ផ្សេង​ៗ​បញ្ចុះតម្លៃ​ជូន​ពួក​គាត់ ឬ​យើង​មាន​កញ្ចប់​អ្វី​ផ្សេង​ទៀត​ដើម្បី​លើក​ស្ទួយ​ជូន​គាត់​វិញ យើង​មិន​បណ្តែត​បណ្តោយ​ឱ្យ​ពួក​គាត់​នៅ​អីចឹងទេ » ។

ប្រធាន​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ទទួលស្គាល់​ថា អ្នក​ប្រកប​របរ​នេះ​ពិតជា​កំពុង​ជួប​ផល​ប៉ះពាល់​មែន ហើយ​លោក​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ចង់​ប្រកប​របរ​នេះ​ចាប់​យក​ជំនាញ​ផ្សេង ព្រោះ​ទីផ្សារ​រត់​កង់​បី​នេះ បាន​ចាប់ផ្តើម​ចង្អៀត​ហើយ ។

លោក ឯ សុភា​ស់ ប្រធាន​សមាគម​រូប​នេះ​មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​បាន​ប៉ាន់​ប្រមាណ​និង​ព្យាករណ៍​ពី​មុន​មក​ថា នឹង​មាន​បញ្ហា​ប៉ះពាល់​ហ្នឹង​មែន ហើយ​យើង​ទទួលស្គាល់​ថា មានការ​ប៉ះពាល់​ទៅ​លើ​បញ្ហា​នេះ ព្រោះ​សព្វថ្ងៃ ទាំង​ការ​នាំ​ចូល​កង់​បី​ឥណ្ឌា​ហ្នឹង ទាំង​អ្នក​ប្រកប​របរ​រត់​កង់​បី​វា​ច្រើន ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​គាត់​កាត់​កម្រៃ​សេវា​ក៏​ខ្ពស់ អីចឹង ធ្វើ​ឱ្យ​គាត់រ​កមក​គឺ​ចិញ្ចឹម​តែ​ក្រុមហ៊ុន​ហ្នឹង ដល់​ពេល​យានយន្ដ​ពួក​គាត់​ខូច គ្មាន​លុយ​ជួសជុល » ។

លោក ឯ សុភា​ស់ និយាយ​ថា ៖« ក្រុមហ៊ុន​Application គាត់​មិន​ទាន់​យល់​ពី​ទុក្ខ​លំបាក​បងប្អូន​យើង​ប៉ុន្មាន​ទេ ហើយ​រឿង​នេះ​វា​មាន​តែ​មួយ​ទេ គឺ​ខាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​​សាធារណការ​និង​ដឹក​ជញ្ជូន រួម​នឹង​ក្រសួង​ពាក់ព័ន្ធ គួរ​កោះ​អ​ញ្ចើ​ញ​ក្រុមហ៊ុន App ទាំងនោះ មក​ប្រជុំ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ឱ្យ​ក្រុមហ៊ុន​បន្ត​រក​ចំណូល​បាន ហើយ​អ្នក​រត់​រ៉ឺ​ម៉ក​ក៏​មាន​លទ្ធភាព​រក​ចំណូល​បាន​ដូច​គ្នា មាន​ន័យ​ថា រស់​ទាំងអស់​គ្នា » ។

យ៉ាងនេះ​ក្ដី លោក​ថា ៖« បងប្អូន​យើង​គួរ​រក​ជំនាញ​ផ្សេង ឬ​ធ្វើការ​ផ្សេង ។ បើ​អាច​បងប្អូន​គួរ​រៀន​ជំនាញ​ខាង​សំណង់ ឬ​ជំនាញ​បច្ចេកទេស​ជា​ច្រើន​ផ្សេង​ទៀត កុំ​ធ្វើ​តាម​គ្នា​ដោយ​ពុំ​បាន​ពិចារណា ដោយ​ឃើញ​គេ​ថា​រកបាន បែរជា​នាំ​គ្នា​ទៅ​ខ្ចីបុល​គេ​ទៅ​ទិញ ដើម្បី​មក​សន្សំ​ប្រាក់​រាយ ហើយ​រក​ចំណូល​មិន​បាន ។

អីចឹង ខ្ញុំ​សំណូមពរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង ឬ​ចង់​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ សូម​ពិនិត្យ​មើល​ស្ថានភាព​សេដ្ឋកិច្ច ទំហំ និង​ចំនួន ដែល​រាល់​ថ្ងៃនេះ មាន​ទំហំ​ច្រើន​ណាស់ ។ ដូច្នេះ គួរ​បង្វែរ​ការងារ​នេះ​ទៅរ​ករៀន​ជំនាញ​ផ្សេង ព្រោះ​របរ​មួយ​នេះ​វា​ចង្អៀត​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ