រាជធានីភ្នំពេញ ៖ កញ្ញាស៊ន់ កែវវល័ក្ខ ជាសិស្សរៀនថ្នាក់ទី១២នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាកីឡាការិនីថ្នាលក្នុងក្រុមជម្រើសជាតិទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាយូដូ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស១គ្រឿងពីការប្រកួតកីឡាជាតិលើកទី២ ។ តាមរយៈការរំលេចចេញនូវស្នាដៃដ៏ល្អនេះធ្វើឱ្យនាងកាន់តែមានទំនុកចិត្តប្រកបដោយមោទនភាពខ្ពស់ក្នុងនាមជាកីឡាការិនីថ្នាលដែលកំពុងខំប្រឹងរីកដុះដាលក្នុងថ្នាលកីឡាយូដូដោយសង្ឃឹមថា នឹងទទួលបានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តូចធំទាំងក្នុងនិងក្រៅប្រទេស។
ជួបអ្នកយកព័ត៌មានកោះសន្តិភាពប្អូនស្រីស៊ន់ កែវវល័ក្ខ អាយុ១៨ឆ្នាំបានរៀបរាប់ថា ខ្លួនចូលហ្វឹកហាត់កីឡាយូដូទើបតែបានជាង១ឆ្នាំប៉ុណ្ណោះដោយមានការគាំទ្រពីឪពុកម្ដាយផងដែរ ។ ក្នុងចំណោមបងប្អូន៣នាក់ប្រុស១ស្រី២គឺមានតែរូបនាងជាកូនពៅគេនិងបងប្រុសបន្ទាប់ប៉ុណ្ណោះដែលកំពុងហ្វឹកហាត់កីឡាយូដូដូចគ្នាខណៈបងស្រីបង្អស់មិនចូលចិត្តកីឡាទេ។
ចំណែកនាងមាននិស្ស័យស្រឡាញ់ចូលចិត្តកីឡាតាំងពីនៅតូចម្លេ៉ះប៉ុន្តែពុំមានឱកាសចូលហ្វឹកហាត់ទាល់តែសោះ ។ ទាល់តែដល់អាយុ១៧ឆ្នាំ និងដោយមានការគាំទ្រពីឪពុកម្ដាយផងនោះនាងក៏បានចូលហ្វឹកហាត់កីឡាយូដូនេះតែម្ដង។ដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេលជាង១ឆ្នាំមកនេះ នាងត្រូវបានគ្រូបង្វឹកដំឡើងខ្សែក្រវាត់ពីសទៅលឿង និងផ្ដល់ឱកាសឱ្យនាងចូលហ្វឹកហាត់ក្នុងនាមជាកីឡាការិនីថ្នាលក្នុងក្រុមជម្រើសជាតិទៀតផង ។ មិនតែប៉ុណ្ណោះសហព័ន្ធកីឡាយូដូក៏បានផ្ដល់ឱកាសឱ្យនាងចូលរួមប្រកួតកីឡាជាតិលើកទី២ដែលទើបបញ្ចប់នាប៉ុន្មានខែកន្លងមកនេះ ហើយជាលទ្ធផលនាងដណ្ដើមបានមេដាយមាស១គ្រឿងធ្វើឱ្យក្រេឌីតនាងឡើងមួយកម្រិតទៀត ។
ស៊ន់ កែវវល័ក្ខបន្តថា ពីមុននាងគ្រាន់តែចង់ហាត់កីឡាដើម្បីសុខភាពប៉ុណ្ណោះ ប៉ុន្តែដល់ហាត់យូរៗទៅបែរជាមានមហិច្ឆតាចង់ក្លាយជាកីឡាការិនីឆ្នើមលំដាប់ប្រទេសដូចបងស្រីស៊ន សៀវម៉ី ដែរ។
ទោះបីនាងចូលចិត្តកីឡាយូដូ ក៏នាងមិនបោះបង់ការខិតខំសិក្សារៀនសូត្រនោះដែរព្រោះជាឆ្នាំត្រូវប្រឡងយកសញ្ញាបត្របាក់ឌុបក្នុងពេលមានការរឹតបន្តឹងពេលប្រឡងពីក្រសួងអប់រំផងនោះគឺកាន់តែធ្វើឱ្យខ្វល់ខ្វាយក្នុងការរៀនសូត្រថែមទៀត ។ នាងថា នាងចំណាយពេលហ្វឹកហាត់ក្នុងមួយថ្ងៃតែ១ម៉ោងប៉ុណ្ណោះគឺនៅពេលល្ងាចចាប់ពីម៉ោង៥និង៣០នាទីដល់ម៉ោង៦និង៣០នាទី ដូច្នេះនាងមានពេលវេលារៀនច្រើន។
ជាចុងក្រោយ ប្អូនស្រីស៊ន់ កែវវល័ក្ខ ដែលមានឪពុកឈ្មោះម៉ៅ សុវត្ថិ អាយុជាង៥០ឆ្នាំ ជាមន្ត្រីធ្វើការនៅក្រសួងទេសចរណ៍និងម្ដាយឈ្មោះអ៊ុំ សុទ្ធា អាយុជាង៤០ឆ្នាំជាមេផ្ទះប្រាប់ថា នាងក៏មានបំណងចង់ទៅចូលរួមប្រកួតនៅក្រៅប្រទេសដែរ ប៉ុន្តែភ្លាមៗប្រហែលមិនទាន់ទេដោយសារតែកីឡាយូដូមិនទាន់រីកចម្រើនខ្លាំងដូចកីឡាដទៃទៀត៕
ចែករំលែកព័តមាននេះ