តើឃរាវាសធម៌ជាអ្វីទៅ? ឃរាវាសធម៌គឺជាធម៌មួយប្រភេទសម្រាប់ការរស់នៅគ្រប់គ្រងក្នុងផ្ទះ ហើយសមាជិតគ្រប់រូបត្រូវប្រតិបត្តិឱ្យបានទាំងអស់គ្នាមិនថាក្មេង មិនថាចាស់នោះឡើយ គឺត្រូវរក្សាទើបល្អក្នុងគ្រួសារ ។ អ្នកគ្រប់គ្រងផ្ទះសម្បែងត្រូវមានធម៌៤ប្រការនេះគ្រប់ក្រុមគ្រួសារៈ
១-សច្ចៈ សេចក្ដីស្មោះត្រង់ដល់គ្នានិងគ្នា
២-ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់ ឱ្យសុភាពរាបសា
៣-ខន្តី សេចក្តីអត់ធន់គ្រប់យ៉ាងក្នុងភារកិច្ចប្រចាំថ្ងៃ
៤-ចាគៈ លះបង់ទ្រព្យសម្បត្តិដល់អ្នកដទៃដែលគួរឲ្យ ឬធ្វើបុណ្យទាន ។
ព្រោះតែហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងចរិតលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗ ដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីសច្ចធម៌នេះថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាយ៉ាងល្អវិសេសអាចបង្កើតសាមគ្គីភាពក្នុងគ្រួសារនីមួយៗបាន។
បើគ្រួសារណាបានតាំងនៅស្លុបមាំក្នុងសច្ចធម៌ គឺសេចក្ដីទៀងត្រង់រវាងគ្នានិងគ្នាហើយ ក៏តោងមានទមធម៌ គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាហាត់ពត់លត់ដំធ្វើចិត្តឲ្យស្ងប់ស្ងាត់ ទន់ភ្លន់កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នា។
អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្ដីសុខ ដែលជាចំណង់ធំបំផុតរបស់មនុស្សលោក។ ពិតមែនតែចិត្តជាអរូបីយើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបកាយទាំងមូលបាន។ យ៉ាងនេះហើយបានជាព្រះសាស្ដាប្រដៅសត្វលោកឲ្យអប់រំចិត្ត ឲ្យមានសភាពទន់ភ្លន់ល្អ ឲ្យវៀរចាកអកុសលទាំងពួងមានការប្រព្រឹត្តអាក្រក់ ដោយកាយ វាចាជាដើម ទៅលើមនុស្សសត្វដែលនៅជុំវិញខ្លួនយើង។ ចិត្តនេះទោះបីរឹងប៉ឹងរឹងរូសដូចម្ដេចក្ដីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរ។
បើយើងអប់រំលម្អិតចិត្តបានហើយ ទើបបំពេញកិច្ចការបានសម្រេច ក៏អាស្រ័យទៅលើការធ្វើ ដោយសេចក្ដីព្យាយាម និងសេចក្ដីអត់ធន់ ដែលលោកហៅថាខន្តីគឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាងក្នុងការបំពេញកិច្ចការនោះៗ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេ លុះត្រាតែធ្វើហើយអំណត់ទៀតទើបសម្រេច ។
ចែករំលែកព័តមាននេះ