ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​៤​យ៉ាង​កំពុង​ជំរុញ​ការ​វិនិយោគ​តំបន់ឧស្សាហកម្ម​កើនឡើង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កត្តា​សំខាន់​ៗ​ចំនួន​៤​បាន​និង​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​បន្ត​រីក​ចម្រើន​ខ្ពស់ ដោយនៅ​ដំណាច់ត្រីមាស​ទី​២​ឆ្នាំ​នេះ តំបន់ឧស្សាហកម្ម​ចំនួន​២៦​បាន​បង្កើត​ឡើង និង​មាន​ផ្ទៃក្រឡា​២៤​ម៉ឺន​ម៉ែត្រការ៉េ ។ យោង​ការ​សិក្សា​របស់​ក្រុមហ៊ុន​CBRE Cambodia ដែល​ទើបបាន​បញ្ចប់​របាយការណ៍​របស់​ខ្លួន​នៅ​ដំណាច់ត្រីមាស​ទី​២​ឆ្នាំ​នេះ…

រាជធានី​ភ្នំពេញ ៖ កត្តា​សំខាន់​ៗ​ចំនួន​៤​បាន​និង​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​បន្ត​រីក​ចម្រើន​ខ្ពស់ ដោយនៅ​ដំណាច់ត្រីមាស​ទី​២​ឆ្នាំ​នេះ តំបន់ឧស្សាហកម្ម​ចំនួន​២៦​បាន​បង្កើត​ឡើង និង​មាន​ផ្ទៃក្រឡា​២៤​ម៉ឺន​ម៉ែត្រការ៉េ ។

យោង​ការ​សិក្សា​របស់​ក្រុមហ៊ុន​CBRE Cambodia ដែល​ទើបបាន​បញ្ចប់​របាយការណ៍​របស់​ខ្លួន​នៅ​ដំណាច់ត្រីមាស​ទី​២​ឆ្នាំ​នេះ បាន​រក​ឃើញ​ថា គិត​ត្រឹម​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ តំបន់ឧស្សាហកម្ម​បាន​កើនឡើង​រហូត​ដល់​២៦​កន្លែង ដែល​មាន​ទំហំ​ផ្ទៃក្រឡា​សរុប​ចំនួន​២៤​ម៉ឺន​ម៉ែត្រការ៉េ ។ តម្លៃ​ជួល​ឃ្លាំង ឬ​រោងចក្រ ដែល​បាន​សាងសង់​ចប់​រួចរាល់ គឺ​ចាប់ពី​៣,២​ដុល្លារ​ឡើង​ទៅ​ក្នុង​១​ម៉ែត្រការ៉េ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា តម្រូវការ​សេវាកម្ម​ជួល​នានា​នៅ​តាម​តំបន់ឧស្សាហកម្ម​បន្ត​កើនឡើង​ខ្ពស់ អាស្រ័យ​លើ​ផែនការ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ទីតាំង និង​គោលដៅ​នៃ​ការ​វិនិយោគ ។
នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ថា កំណើន​នៃ​ការ​វិនិយោគ​តំបន់ឧស្សាហកម្ម​កើនឡើង ដោយសារ​កត្តា​៤​សំខាន់ ទី​១ កម្ពុជា​ជា​គោលដៅ​នៃ​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​។ ទី​២ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​មាន​តម្លៃ​ទាប ធៀប​ជាមួយ​ប្រទេស​ថៃ គឺ​កម្ពុជា​អាច​ទាប​ជាង​២​ដង ។ ទី​៣ ការ​អនុគ្រោះ​ពន្ធ និង​ទី​៤ ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា ។

អ្នក​នាង​បន្ត​ថា ៖« ទោះជា​យ៉ាងណា កម្ពុជា​ក៏​មាន​បញ្ហា​ប្រឈម​របស់​ខ្លួន​ផង​ដែរ ទាក់ទង​នឹង​តម្លៃ​ទឹក និង​អគ្គិសនី នៅ​ថ្លៃ​ជាង​ប្រទេស​ជិតខាង » ។ អ្នក​នាង​បន្ថែម​ថា ៖« យ៉ាងណា ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​សម្រាប់​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាង​មុខ ដោយសារ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​និង​កំពុង​វិនិយោគ​វា​រី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ជា​ច្រើន » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ការ​រីក​ចម្រើន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយសារ​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​បាន​ដាក់​ឲ្យ​ដំណើរការ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារពលកម្ម និង​សេដ្ឋកិច្ច​កម្ពុជា ។ លោក​បន្ត​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ថៃ​បូក​១ បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ផង​ដែរ ដោយសារ​រោងចក្រ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ បាន​មក​កាន់​តំបន់​ជាយ​ដែនកម្ពុជា ដើម្បី​ផលិត ហើយ​ធ្វើការ​នាំ​ចេញ ។

លោក​បន្ត​ថា ៖« គោលនយោបាយ​ថៃ​បូក​១ ពិតជា​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា ដោយសារ​កម្ពុជា​មាន​កម្លាំង​ពលកម្ម​ថោក​ជាង​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ទាក់ទាញ​ការ​វិនិយោគ​មួយ » ។
លោក​បន្ត​ថា ៖« មានការ​លើក​ឡើង​ថា​ប្រទេស​ដែល​ស្ថិត​នៅ​ក្បែរ​ប្រទេស​អភិវឌ្ឍន៍​លឿន នឹង​ជួយ​ប្រទេស​នោះ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ