ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​កំពុង​ប៉ះពាល់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ស្ថាន​អគ្គ​កុងស៊ុល​ចិន ប្រចាំ​ខេត្តសៀមរាប បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​នោះ ក្រុម​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ព្រោះ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។ លោក ម៉ូ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ស្ថាន​អគ្គ​កុងស៊ុល​ចិន ប្រចាំ​ខេត្តសៀមរាប បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​នោះ ក្រុម​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ព្រោះ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។

លោក ម៉ូ យ៉ុ​ន យ៉ុ​ន (Mo Yuan Yuan) អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ការិយាល័យ​ប្រចាំ​ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ចំនួន​ទេសចរ​ចិន ដោយសារ​ហាង​លក់​សម្ភារ​មួយ​ចំនួន​បាន​និង​កំពុង​​លក់​របស់​មិន​ពិត គ្មាន​គុណភាព និង​មាន​តម្លៃ​ខ្ពស់​ដល់​ទេសចរ​ចិន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ថា បញ្ហា​នេះ យើង​បាន​តវ៉ា​រយៈពេល​២០​ឆ្នាំ​មក​ហើយ ព្រោះ​ហាង​ខ្លះ​យក​របស់​តម្លៃ​៣​ដុល្លារ លក់​ក្នុង​តម្លៃ​៨០​ទៅ​១០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ខ្លះ​លក់​ពេជ្រ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ តែ​តម្លៃពិត​របស់​ត្បូង​​ត្រឹមតែ​៨០​ដុល្លារ​អា​មេ​រិ​ក​ក៏​មាន ។ លោក​បន្ត​ថា កន្លង​មក ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ណែនាំ​ពី​បញ្ហា​នេះ ប៉ុន្តែ​ប្រសិទ្ធភាព​នៅ​មាន​កម្រិត ។

លោក​បន្ត​ថា ៖« កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ឯកអគ្គរដ្ឋទូត​ប៉ូ​ឡូញ បាន​ជួប​ខ្ញុំ​ផ្ទាល់​ដើម្បី​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ មិន​ត្រឹមតែ​ស្ថានទូត​ចិន​នោះ​ទេ »​។ លោក​បន្ត​ថា ៖« អាជ្ញាធរ​លើក​ឡើង​ពី​ទីផ្សារសេរី ប៉ុន្តែ​ទីផ្សារសេរី គេ​មិន​អនុវត្ត​បែប​នេះ​ទេ ដូច​នៅ​វៀតណាម សិង្ហ​បុរី ចិន ម៉ា​ឡេ​ស៊ី ជាដើម គេ​ទីផ្សារសេរី​ដែរ តែ​មិន​ប្រព្រឹត្ត​បែប​នេះ​ទេ » ។

លោក ធួន ស៊ី​ណា​ន បាន​បន្ត​ថា ដំណោះស្រាយ​បញ្ហា​នេះ គឺ​អាជ្ញាធរ​ខេត្ត​ដែល​នៅ​មូល​ដ្ឋាន​ផ្ទាល់​ត្រូវ​ចាត់វិធានការ មិនមែន​ក្រសួងទេសចរណ៍​ទេ តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ក្រសួងពាណិជ្ជកម្ម ក៏​គួរ​ចូលរួម​ចាត់វិធានការ​លើ​បញ្ហា​នេះ​ដែរ ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កន្លង​មក ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​លើ​បញ្ហា​នេះ តែ​នៅ​តែ​មាន​អ្នកលក់​ផលិតផល​ក្លែងក្លាយ​ច្រើន ។ ហេតុនេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ធ្វើការ​ណែនាំ​ឡើង​វិញ និង​ចាត់វិធានការ​ពិន័យ ព្រមទាំង​ដាក់ទោស​ទណ្ឌ ព្រោះ​បើ​នៅ​តែ​បណ្តោយ​ឲ្យ​បញ្ហា​នេះ​បន្ត​កើតឡើង វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​របស់​កម្ពុជា ។

លោកស្រី​បន្ត​ថា ៖« ការ​ចាត់វិធានការ គួរ​ធ្វើ​ឡើង​ដើម្បី​មាន​ទំនុកចិត្ត​ឡើង​វិញ ព្រោះ​គោលនយោបាយ​ទេសចរណ៍ គឺ​ចង់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន ទិញ​ទំនិញ​ច្រើន » ។

លោកស្រី​បន្ត​ថា ៖« ប្រតិបត្តិ​ករ​ទេសចរណ៍ ចង់​ណែនាំ​ឲ្យ​ភ្ញៀវ​ទិញ​ទំនិញ តែ​យើង​មិន​ហ៊ាន​ណែនាំ ដោយសារ​តែ​បញ្ហា​ទំនុកចិត្ត ហេតុនេះ​អ្នកលក់​គួរ​និយាយ​ត្រង់ » ។ លោក​ស្រី ឆាយ ស៊ី​វលី​ន បាន​បន្ត​ថា ៖«​យើង​បានឃើញ​ផ្ទាល់ ឮ​ផ្ទាល់ ហើយ​យើង​ពិតជា​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ » ។

ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ហូ វ​ណ្ឌី បាន​ថ្លែង​ផង​ដែរ​ថា កន្លង​មក មាន​ចំណាត់​ការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​មិនសូវ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ក្រសួង និង​វិស័យ​ឯកជន​ឈឺក្បាល​ចំពោះ​បញ្ហា​នេះ ។ លោក​បន្ត​ថា វា​ជា​ជំងឺ​រ៉ាំរ៉ៃ​យូរ​មក​ហើយ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ទីរ​ទេសចរណ៍​ត្រូវ​ចាត់វិធានការ​លើ​បញ្ហា​ទាំង​អស់នេះ ។

លោក​បន្ត​ថា ៖« ការ​បណ្តោយ​ឲ្យ​បញ្ហា​នេះ​កើតឡើង វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត ឈាន​ទៅ​បាត់បង់​ភ្ញៀវ និង​បាត់បង់​ចំណូល​ទាំងអស់​គ្នា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ