ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ជំរុញ​ប្រតិបត្តិ​ករ​ទេសចរណ៍​រៀបចំ​កញ្ចប់​សេវាកម្ម​ទេសចរ​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ភ្នាក់​ងារ​ទេសចរណ៍​នានា​បង្កើន​ការ​រៀបចំ​សេវាកម្ម​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ខណៈ​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៅ​ក្រៅប្រទេស បាន​កើនឡើង​ខ្ពស់​រួច​ទៅ ហើយ ។ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ភ្នាក់​ងារ​ទេសចរណ៍​នានា​បង្កើន​ការ​រៀបចំ​សេវាកម្ម​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ខណៈ​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​នៅ​ក្រៅប្រទេស បាន​កើនឡើង​ខ្ពស់​រួច​ទៅ
ហើយ ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វ​ថ្ងៃនេះ ការ​ផ្ដល់​កញ្ចប់​សេវាកម្ម​ទេសចរណ៍ ទៅ​ក្រៅប្រទេស ហាក់​មាន​ច្រើន​ជាង​ការ​រៀបចំ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ទេស​ចរ​ក្នុងស្រុក​មាន​សារសំខាន់​ជា​ខ្លាំង ដែល​មិន​អាច​មើល​រំលង​បាន ។

លោក​ថ្លែង​ថា ៖« វា​ចាំបាច់​ក្នុង​ការ​ជួយ​សម្រួល​ពី​ក្រុមហ៊ុន​សេវា​ឯកជន​រៀបចំ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​សម្រាប់​ប្រជាជន​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត »។

លោក​បន្ត​ថា ៖« កញ្ចប់​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក​នេះ ត្រូវធ្វើ​ឡើង​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​ជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​កម្រិត មិន​ថា​ជា​សិស្ស​-​និស្សិត មន្ត្រីរាជការ ឬ​អាជីវករ​នោះ​ទេ » ។

លោក​បន្ត​ថា ៖« ការ​រៀបចំ​សេវាកម្ម​ទេសចរណ៍​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​កម្សាន្ដ ក្រៅពី​ផ្ដល់​ផល​ចំណេញ​លើ​សេដ្ឋកិច្ចជាតិ វា​ក៏​ជា​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ពី​ទឹកដី​របស់​ខ្លួន​កាន់តែ​ច្បាស់ ឈ្វេងយល់​ពីសារ​សំខាន់ និង​បណ្ដុះ​គំនិត​ស្នេហា ស្រឡាញ់​ទឹកដី​ខ្លួនឯង​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​រួមចំណែក​ប្រមាណ​៦០% នៃ​ចំណូល​សរុប​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ។ កាលពី​ឆ្នាំ​២០១៧​កន្លង​មក ទេសចរ​ក្នុងស្រុក​បាន​ដើរ​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ជិត​១១​លាន​នាក់ ហើយ​ជា​ចក្ខុវិស័យ ក្រសួងទេសចរណ៍​រំពឹង​ថា នឹង​មាន​ទេសចរ​ជាតិ​ប្រមាណ​១៩​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ការ​រៀបចំ​កញ្ចប់​ទេសចរណ៍​ក្នុងស្រុក​ពិតជា​មាន​សារសំខាន់ ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង និង​សេដ្ឋកិច្ច​ដល់​មូលដ្ឋាន ព្រោះ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​កន្លែង​ណាមួយ ពួក​គេ​តែងតែ​ចាយ​ប្រាក់​នៅ​ទីនោះ ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដោយ​ផ្ទាល់ និង​ប្រយោល​ផង​ដែរ ។

លោក​បន្ត​ថា ៖« ទេសចរណ៍​តែងតែ​នាំមុខ​សេដ្ឋកិច្ច ជា​ពិសេស ទេសចរណ៍​ទៅ​ដល់​ទីណា សកម្មភាព​សេដ្ឋកិច្ច​តែងតែ​កើត​មាននៅ​ទីនោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ