ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​តាមដាន​ចលនា​នំ​បញ្ចុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៨ នេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៨ នេះ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​តាមដាន​ឲ្យ​បាន​ដិត​ដល់​នូវ​យុទ្ធនាការ​មួយ​ដែល​បម្រុង​នឹង​កើត ឬ​ហៅ​ថា​យុទ្ធនាការ «​នំ​បញ្ចុក​» ដែល​មាន​ជន​ណា​នោះ​នឹង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ នេះ ។

យ៉ាងណាមិញ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់​អំពី​រឿង​ចលនា​ការ​នំ​បញ្ចុក​នោះ​ជា​ច្បាស់​នៅឡើយ​ទេ ។ តែ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្សកាន់អំណាច​ក៏​បាន​បញ្ជាក់​ជូន​សមាជិក​សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ព្រោះ​«​យើង​ជា​សមាជិក​លេខ​២០​ត្រូវ​បោះ​ឲ្យ​លេខ​២០» ។ សម្តេច​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​សមាជិក​និង​សមាជិការ​គណបក្ស​របស់​ខ្លួន​នៅ​កោះ​ពេជ្រ​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់ បិទ​ចលនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។ វត្តមាន​សម្តេច តេ​ជោ ហ៊ុន សែន ដឹកនាំ​សមាជិក​ដង្ហែរ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ព្រឹក​នេះ គឺជា​វត្តមាន​លើក​ទី​២ បន្ទាប់​ពី​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ បើ​គិត​ចាប់តាំងពី​បោះ​ឆ្នោត​លើក​ដំបូង​ឆ្នាំ​១៩៩៣​មក ។

សម្តេច​បញ្ជាក់​ថា ៖ «​ឯ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​តាម​ការ​ញុះញង់​របស់​ពួក​ក្បត់ជាតិ និង​អ្នក​បំផ្លាញ គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ។ នោះ គឺ​អាច​នឹង​មានការ​សោកស្តាយ​ដែល​ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើការ​ពិចារណា ។ ឥឡូវ​ចំនួន​ភាគច្រើន​នឹង​ទៅ​ធ្វើការ​បោះ​ឆ្នោត ឯ​ចំពោះ​យើង​ដែល​មិន​ទៅ​ធ្វើការ​បោះ​ឆ្នោត តើ​យើង​អាច​រស់នៅ​ឯ​មូលដ្ឋាន​ជាមួយ​ពលរដ្ឋ​ដទៃ​ទៀត​យ៉ាងម៉េច​ទៅ ។ នេះ គឺជា​ចំណុច​ដែល​ពេល​នេះ​យើង​មិនមែន​គ្រាន់តែ​ធ្វើ​ចលនា​ការ​ឃោសនាបោះឆ្នោត​ដែល​យកឈ្នះ​ចាញ់​រវាង​គណបក្ស ២០ នៅ​ក្នុង​ប្រទេស​របស់​យើង​នោះ​ទេ ក៏​ប៉ុន្តែ​មាន​ក្រុម​របស់​ចលនា​ក្រៅច្បាប់​កំពុង​អំពាវនាវ ដើម្បី​ឲ្យ​ប្រជាជន​ប្រើប្រាស់​នូវ​សិទ្ធ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​» ។

ប្រធាន​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា ៖ «​យើង​សូម​បញ្ជាក់​ថា អ្នក​ដែល​ចូលរួម​បោះ​ឆ្នោត ទើប​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អ្នក​ដែល​មិន​ចូលរួម​បោះ​ឆ្នោត​ដោយ​ចេតនា គឺជា​អ្នក​បំផ្លាញ​ចោល​នូវ​លទ្ធិប្រជាធិបតេយ្យ​តាម​ការ​ញុះ​ញ៉​ង់​របស់​ពួក​ចលនា​ក្រៅច្បាប់​នៅ​ក្រៅប្រទេស​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ទីកន្លែង ពិនិត្យ​មើល អំពី​ការ​ចលនា​នំ​បញ្ចុក​ថ្ងៃ​ទី ២៨ និង​ថ្ងៃ​ទី ២៩ ។ នេះ ​គឺជា​ចំណុច​ដែល​យើង​បាន​រក​ឃើញ រួច​មក​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ