ខេត្តក្រចេះ ៖ រថយន្តស៊ីរ៉ែនចំនួន៦គ្រឿងត្រូវបានធ្វើពិធីប្រគល់ដល់ស្នងការដ្ឋាន និងអធិការដ្ឋានស្រុកក្រុងទាំង៦សម្រាប់ប្រើប្រាស់ដល់កិច្ចការងារបង្ការបង្ក្រាបទប់ស្កាត់ បទល្មើសក៏ដូចជា ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងមុន និងក្នុងថ្ងៃបោះឆ្នោត ។
អគ្គស្នងការរងនគរបាលជាតិលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញ ក្នុងពិធីប្រគល់រថយន្តទាំង៦គ្រឿងដល់ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកក្រុង នៅថ្ងៃទី២៦ កក្កដា នៅមុនថ្ងៃបោះឆ្នោត៣ថ្ងៃ ។
ស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ទោ លន់ សុផាត លើកឡើងថា ដោយ មានការយកចិត្តទុកដាក់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន កន្លងមក បានផ្ដល់ជូននូវសម្ភារសម្រាប់ការពារដល់កងកម្លាំងអន្តរាគមន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ យ៉ាងណាមិញមានរថយន្តស៊ីរ៉ែនចំនួន៦គ្រឿងនេះ គឺជាការផ្តល់ជូនថ្មីមួយសម្រាប់ផ្សេងទៀត ពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការផ្តល់ជូនដល់នគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះសម្រាប់ប្រើប្រាស់បម្រើដល់កិច្ចប្រតិបត្តិការការពារ សន្តិសុខ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗ និងកិច្ចប្រតិបត្តិការជួយសង្គ្រោះ នៅឧបទ្ទវហេតុដែលកើតឡើងជាយថាហេតុ ក្នុងភូមិសាស្ត្ររបស់ខ្លួនដែលទទួលខុសត្រូវ ។
បើតាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានឲ្យដឹងទៀតថា ស្នងការដ្ឋាននគរ បាលខេត្តក្រចេះបានត្រៀមកម្លាំងអន្តរាគមន៍ចំនួន២០០នាក់ ជាកម្លាំងប្រចាំការ និងមានកម្លាំងចំនួន១២៨៤នាក់សម្រាប់ការពារការិយាល័យបោះឆ្នោតទាំង៥៥៥ការិយាល័យនៅក្នុងខេត្តក្រចេះ ។

ដោយឡែកសម្រាប់កម្លាំងប្រជាការពារក៏មានការត្រៀមអន្តរាគមន៍នៅតាមបណ្ដាស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន៧៤៤នាក់ ជាមួយគ្នានេះ កម្លាំងទាំងនោះក៏បានសិក្សាអំពីច្បាប់ ក្រមសីលធម៌ និងនីតិវិធីនៃការបោះឆ្នោតផងដែរ ។
អគ្គស្នងការរងនគរបាលជាតិលោក ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការត្រៀមអន្តរាគមទប់ស្កាត់ បង្ក្រាបបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាពក្រុមប្រឆាំងខុសច្បាប់ និងពួកអមិត្តដែលប៉ុនប៉ង ឬបង្កភាពចលាចលតាមគ្រប់រូបភាព ពិសេសការកៀងគរប្រមូលកម្លាំងធ្វើបាតុកម្មខុសច្បាប់ អំពើហិង្សាក្នុងឧបាយកលបំផ្លិចបំផ្លាញការបោះឆ្នោត ។ លោក បានបន្តថា កងកម្លាំងទាំងអស់ត្រូវមានវត្តមានប្រចាំការនៅក្នុងអង្គភាព និងការគ្រប់គ្រងថែរក្សាត្រួតពិនិត្យមធ្យោបាយយានយន្តអាវុធគ្រាប់រំសេវគ្រឿងសម្ភារបរិក្ខារគ្រឿងបំពាក់ធានាបានគុណភាពក្នុងកិច្ចប្រតិបត្តិការ ៕

ចែករំលែកព័តមាននេះ