ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ប្រមាទ អ្នក​នោះ​នឹង​បរាជ័យ

5 ឆ្នាំ មុន

បុគ្គល​មិន​គួរ​ធ្វេសប្រហែស​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​ឡើយ ព្រោះ​ពេលវេលា​សំខាន់​ណាស់ គួរ​តាំងចិត្ត​ព្យាយាម​ខ្នះខ្នែង​ក្នុង​វិធានការ​នានា គឺ​រៀបចំ​ចាត់ចែង​កិច្ចការ​ទាំងឡាយ​ដែល​ខ្លួន​ទទួលខុសត្រូវ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ទើប​ជោគជ័យ តែបើ​បុគ្គល​យក​ការ​ប្រមាទ​មក​ទុកដាក់​ក្នុង​ខ្លួន​ហើយ អ្នក​នឹង​បរាជ័យ​។ បុគ្គល​ដែល​បរិបូណ៌​ដោយ​គុណសម្បត្តិ​នៃ​សេចក្តី​មិន​ប្រមាទ ជា​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ សេចក្តីសុខ​ចម្រើន និង​ផលប្រយោជន៍​ត្រឡប់​មក​វិញ​ដោយ​ប្រពៃ​។…

បុគ្គល​មិន​គួរ​ធ្វេសប្រហែស​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​ឡើយ ព្រោះ​ពេលវេលា​សំខាន់​ណាស់ គួរ​តាំងចិត្ត​ព្យាយាម​ខ្នះខ្នែង​ក្នុង​វិធានការ​នានា គឺ​រៀបចំ​ចាត់ចែង​កិច្ចការ​ទាំងឡាយ​ដែល​ខ្លួន​ទទួលខុសត្រូវ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ទើប​ជោគជ័យ តែបើ​បុគ្គល​យក​ការ​ប្រមាទ​មក​ទុកដាក់​ក្នុង​ខ្លួន​ហើយ អ្នក​នឹង​បរាជ័យ​។
បុគ្គល​ដែល​បរិបូណ៌​ដោយ​គុណសម្បត្តិ​នៃ​សេចក្តី​មិន​ប្រមាទ ជា​អ្នក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ សេចក្តីសុខ​ចម្រើន និង​ផលប្រយោជន៍​ត្រឡប់​មក​វិញ​ដោយ​ប្រពៃ​។ សម​ដូច​សុភាសិត​លើក​ឡើង​ថា សេចក្តី​មិន​ប្រមាទ​ក្នុង​កិច្ច​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

ការ​មិន​ប្រមាទ​គឺ​មិន​ធ្វេសប្រហែស​ក្នុង​កិច្ចការ និង​កង​ការ​កុសល ហើយ​សេចក្តី​មិន​ប្រមាទ​នេះ​ជា​ឧបាយ​នាំ​ខ្លួន​ទៅ​កាន់​សេចក្តីសុខ​ជា​អង្វែង​។ អ្នក​ដែល​មិន​ប្រមាទ គឺ​អ្នក​ដែល​មិន​ស្លាប់​ស្មារតី ស្មារតី​នៅ​រស់​រវើក​ជា​និច្ច ទាំង​យប់​ទាំង​ថ្ងៃ​ឥត​រលត់​ឡើយ ។ រមែង​មាន​សតិ​ដាស់តឿន​ចិត្ត​ឱ្យ​រឭក​ដល់​ការងារ និង​អំពើ​ល្អជា​កុសល ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្តី និង​កំពុង​ធ្វើ​ក្តី​។ ភារកិច្ច ឬ​កុសល​ឯណា​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ សតិ​នឹង​ដាស់តឿន​ចិត្ត​ឱ្យ​ប្រញាប់ប្រញាល់​ធ្វើ​ឡើង កុំ​បង្អែបង្អង់​ទុក​ថា ចាំ​ថ្ងៃនេះ ថ្ងៃ​នោះ ខែ​នេះ ខែ​នោះ ឆ្នាំ​នេះ ឆ្នាំ​នោះ​ទើប​ធ្វើ ព្រោះ​នៅ​ក្រ ឬ​នៅ​ក្មេង​ជាដើម ទាំង​អស់នេះ​ហៅ​ថា មិន​ប្រមាទ ។

បុគ្គល​ដែល​ត្រេកអរ​ពេញចិត្ត​ស៊ប់​ក្នុង​សេចក្តី​មិន​ប្រមាទ មិន​ឱ្យ​ពេលវេលា​កន្លង​ហួស​ទៅ​ទទេ​ៗ ដោយ​សេចក្តី​ប្រមាទ​ធ្វេសប្រហែស ឬថា​ជា​អ្នក​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ បុគ្គល​នោះ​នឹង​ដល់ត្រើយ​នៃ​សុភមង្គល ។
ចំណែក​ផល​នៃ​សេចក្តី​ប្រមាទ​ជា​មូលហេតុ​នាំ​សត្វ​ឱ្យទៅ​កើត​ក្នុង​អបាយភូមិ​ទាំងឡាយ​មាន​នរក​ជាដើម ឯ​បុគ្គល​មិន​ប្រមាទ​មាន​គតិ​ទៅ​កាន់​សុគតិភព​ជាទី​អស់​ទៅ​នៃ​សេចក្តី​ទុក្ខ​ទាំងពួង​ដោយ​សេចក្តី​មិន​ប្រមាទ​។