ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្ម​ជាតិ​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ មហន្ត​រាយ​ខ្យល់​កួច​បំផ្លាញ​ផ្ទះ​និង​សាលា​ព្រម​ទាំងរ​ន្ទះ​បា.ញ់

12 ឆ្នាំ មុន

ស្ថាន​ភាព​អាកាសធាតុ​ដែល​បង្ក​ឱ្យ​មាន​​ភ្លៀង​​ផ្គរ ​រន្ទះ ​​​ខ្យល់​​កន្ត្រាក់​ និងខ្យល់​កួច​ ​បាន​បង្ក​ឱ្យ​មាន​​​មហន្ត​រាយ​ជាបន្ត​បន្ទាប់​ដល់​លំនៅឋាន ​សាលារៀន​និងសំណង់​ផ្សេង​ៗ​ទៀត ​ជា​មួយ​នឹងការ​រងគ្រោះ​ដោយ​រន្ទះ​បា.ញ់​ផងដែរ ​។ ​បើ​យោង​​តាម​​សេចក្តី​​​ប្រកាស​ជូនដំណឹង​លើក​ទី​៣​របស់​ក្រសួង​​​ធនធាន​ទឹក​​​និង​ឧតុនិយម​ កាលពីថ្ងៃ​ទី​២៦ ​មីនា ​​​​ឱ្យដឹងថា ​ចាប់​ពី​ចុង​ខែ​មីនា​ដល់​ចុងខែ​មេសា​​ខាង​​មុ​ខ​នេះ​ បាតុ​​ភូត​ធម្ម​

ស្ថាន​ភាព​អាកាសធាតុ​ដែល​បង្ក​ឱ្យ​មាន​​ភ្លៀង​​ផ្គរ ​រន្ទះ ​​​ខ្យល់​​កន្ត្រាក់​ និងខ្យល់​កួច​ ​បាន​បង្ក​ឱ្យ​មាន​​​មហន្ត​រាយ​ជាបន្ត​បន្ទាប់​ដល់​លំនៅឋាន ​សាលារៀន​និងសំណង់​ផ្សេង​ៗ​ទៀត ​ជា​មួយ​នឹងការ​រងគ្រោះ​ដោយ​រន្ទះ​បាញ់​ផងដែរ ​។ ​បើ​យោង​​តាម​​សេចក្តី​​​ប្រកាស​ជូនដំណឹង​លើក​ទី​៣​របស់​ក្រសួង​​​ធនធាន​ទឹក​​​និង​ឧតុនិយម​ កាលពីថ្ងៃ​ទី​២៦ ​មីនា ​​​​ឱ្យដឹងថា ​ចាប់​ពី​ចុង​ខែ​មីនា​ដល់​ចុងខែ​មេសា​​ខាង​​មុ​ខ​នេះ​ បាតុ​​ភូត​ធម្ម​ជាតិ​ដែល​បង្ក​ជា​គ្រោះ​​ថ្នាក់​មួយ​ចំនួន​នឹងកើតឡើង​នៅ​តំបន់​​​ទំនាប​កណ្តាល​ ដោយ​​ត្រូវ​ទទួល​រង​នូវការ​ធ្លាក់​ភ្លៀង​​ ផ្គរ​ រន្ទះ ​ខ្យល់​កន្ត្រាក់ និង​ខ្យល់កួច ​​​​ចំណែក​​សី​តុណ្ហ​​ភាព​អតិ​បរមា​ក៏​មានការ​កើន​ខ្លាំង​ដែរ ពី​៣៩​ទៅ​៤០​អង្សា​សេ​ ។ តាម​ប្រភព​ព័ត៌​មាន​ពី​​ខេត្ត​មួយ​ចំនួន​បាន​ឱ្យដឹង​ថា ​មហន្តរាយ​ដោយ​ខ្យល់​កួច​​នៅ​តែ​បន្ត​កើត​មាន​មិ​ន​ឈប់​ឈរ​ដែល​គ្រាន់​តែ​​នៅ​រសៀល​ថ្ងៃទី​​២៥ មីនា ​លំនៅ​ឋាន​ និង​សំណង់​​ផ្សេង​ៗ​ជាង​​​២០០​ខ្នង​ត្រូវ​​​​ខូច​ខាត​និង​​​បណ្តាល​ឱ្យ​​របួស​​មនុស្ស​​ច្រើន​​នាក់​ផង​​ដែរ ។

ខាង​ក្រោម​នេះ គឺជាសេចក្តី​រា​យការណ៍​ពី​បណ្តា​​​​ខេត្ត​ដែល​ជួប​គ្រោះ​មហន្ត​រាយ​នៃ​គ្រោះ​ធម្ម​ជាតិ​នេះ​​​​ ។

ខេត្ត​ស្វាយ​រៀង ៖ មាន​ភ្លៀង​ធ្លាក់​​មួយ​​មេ​ធំ​លាយ​ឡំ​​ដោយ​​ខ្យល់​បោក​បក់​យ៉ាងខ្លាំង​ បណ្តាល​ឱ្យ​រលំ​ផ្ទះ​​​​ប្រជាពលរដ្ឋ​អស់​​២៣​ខ្នង​ ​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អស់​ជា​ច្រើន​ ។ ​​គ្រោះ​​ធម្ម​ជាតិ​នេះ​ក៏​​បាន​​​​បណ្តាល​​​ឱ្យ​មនុស្ស​២​​​​នាក់​រង​របួស​ផងដែរ ។ ​ បើ​តាម​​មន្ត្រី​​អាជ្ញាធរ​​​ប្រាប់​ឱ្យ​ដឹង​​ថា​​ ​ភ្លៀង​មួយមេ​ធំ​លាយឡំ​​នឹង​ខ្យល់​កួច​​បណ្តាល​ឱ្យ​​រលំ​ផ្ទះ​ប្រជា​ពលរដ្ឋ​នេះ បាន​កើត​ឡើង​​​កាលពីថ្ងៃ​ទី​២៥​ មីនា ​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល​ ​។

​លោ​ក​សរ ​វណ្ណា ​នាយក​​សាខា​កាក​បាទ​​ក្រហម​​កម្ពុជា​ខេត្ត​​​​​​ប្រាប់​​ឱ្យ​ដឹងថា ​ខ្យល់​​ខ្លាំង​ដែល​បណ្តាល​ឱ្យ​​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​​គឺ​​នៅ​ស្រុក​ស្វាយ​​ទាប​៣​ខ្នង​ ស្រុកំពង់​រោទ៍​៣​ខ្នង​ ស្រុក​រមាស​ហែក​​​ខ្នង ​​ក្រុងស្វា​យ​​រៀង ៨ខ្នង ​​និង​​​ស្រុក​ស្វាយ​ជ្រំ​១​ខ្នង ​រី​ឯ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​​ម្នាក់​ ។ ចំពោះ​ទ្រព្យ​សម្បត្តិ​ពុំ​ទាន់​វាយ​តម្លៃ​បាន​​ថា ខូច​ខាត​អស់ប៉ុន្មាន​​​នៅ​ឡើយ​ទេ​​ព្រោះ​​កំពុង​ធ្វើ​ការវាយ​តម្លៃ ​ហើយ​​នៅ​ថ្ងៃ​ទី​២៧​ មីនា ​នឹ​ងចុះ​ទៅធ្វើការ​​​វាយ​តម្លៃ​និង​ឧបត្ថម្ភ​គ្រឿង​​ ឧប​ភោគ​បរិភោគ​​ជូន​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដែល​ជា​អំណោយ​របស់​សាខា​​​កាក​បាទ​​ក្រហ​ម​​កម្ពុជា​​​​ខេត្ត​ស្វាយ​រៀង ​។

ខេត្ត​កំពង់ស្ពឺ ៖ ខ្យល់​លាយ​ឡំ​នឹង​ភ្លៀង​បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​​ឱ្យ​​ខូចខាត​អស់​៣​៧​ខ្នង ​នៅ​ភូមិ​ច្រក​ពពូល​ ឃុំ​​ជម្ពូព្រឹក​្ស​ ស្រុក​ឧដុង្គ​។ បាតុ​ភូត​ធម្ម​​ជាតិ​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​​នេះ​ កើត​​ឡើង​​កាលពីវេលាម៉ោង​៤​រសៀល​ថ្ងៃទី​២៥​ មីនា ​។

តាម​ប្រជាពលរដ្ឋ​រស់នៅ​​ក្នុង​​ភូមិ​​​ខាង​លើ​​​ឱ្យ​ដឹង​ថា ​នៅ​​វេលា​​ម៉ោង​​ប្រមាណ​៤​រសៀល​​នោះ​​​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាងខ្លាំង​​ លុះ​​ក្រោយ​ពេល​រាំង​ភ្លៀង​គាត់​ក្រឡេក​មើល​ទៅ​​ក្រៅ​ផ្ទះ​ស្រាប់តែ​​​ឃើញ​មេឃ​ខ្មៅ​ងងឹត​និងមាន​ខ្យល់​បក់​មក​យ៉ាង​ខ្លាំង​ ។ ​ពេល​នោះ​ខ្យល់​បាន​កួច​ដំបូល​​ផ្ទះរបស់​គាត់​ដែល​ប្រក់​​​​​ក្បឿង​​ប៉ើង​ឡើង​ទៅ​លើ​​ជា​ច្រើន​ផ្ទាំង​​ហើយធ្លាក់​​​មក​វិញ​បណ្តាល​ឱ្យ​បែក​ក្បឿង​អស់​ជា​ច្រើន​សន្លឹក​​ ​។
​លោក យន់ កល់ អាយុ​៣៧​ឆ្នាំ បាន​ឱ្យដឹង​​ដែរថា ​ផ្ទះ​របស់​​គាត់​​​សង់​អំពី​ឈើ​ប្រក់​ស័ង្ក​សី​មាន​​​ទំហំ​៥​ម៉ែត្រ​គុណ​៦ម៉ែត្រ​ជាប្រភេទ​ផ្ទះ​
​តៀម ​។ ក្រោយ​​ពី​​រាំង​ភ្លៀង​ មាន​ខ្យល់​បក់​មក​យ៉ា​ង​​ខ្លាំង​ហើយ​​​មិន​ដល់​២​នាទី​ផង​ផ្ទះ​របស់គាត់​ត្រូវ​ខ្យល់​បំបើុង​​រ​​បើក​​ដំបូល​ស័ង្ក​សី​និងសសរ​ឈើ​មួយដើម​ហើ​រ​ទៅ​ធ្លាក់​​នៅ​មុ​ខ​ផ្ទះ​​​អ្នក​ភូមិ​ម្នាក់​​ទៀត​របាត់​រប៉ាយ​ពេញ​ដី ចំណែក​តួ​ផ្ទះ​ត្រូវ​ខ្យល់​កួច​រលំ​​បាក់​រាប​ដល់​ដី​ ។ ​គាត់​បន្ត​ថា ​ក្នុង​​ពេល​នោះ​កូនប្រុស​របស់​​គាត់​​ម្នាក់ដែល​ជ្រក​ភ្លៀង​នៅ​​ក្នុង​ផ្ទះ​​សំណាង​ល្អ​គ្មាន​រង​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ក្នុង​ហេតុ​ការណ៍​នេះ​ក្មេង​ប្រុស​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ដោយ​សារ​តែបំណែក​ក្បឿង​ធ្លាក់​​ចំ​​​​ដេរ​​អស់​​៣​ថ្នេរ​ផងដែរ ​។

នៅព្រឹក​ថ្ងៃទី​២៦ មីនា ​គេ​​​​ឃើញ​ក្រុម​ការ​ងារ​ខេត្ត​​​ចុះ​ទៅ​ដល់​ទី​នោះ​​​ដើម្បី​​​ស្រង់​យក​តួលេខ​នៃ​ការ​​ខូច​ខាត​ធ្វើ​របាយ​ការណ៍​ជូន​​ថ្នាក់​លើ​ ​និងស្នើ​សុំ​គោល​ការណ៍​ពីអាជ្ញា​ធរ​ខេត្ត​ក្នុងការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នេះ ។

ខេត្ត​ព្រៃវែង ​៖ ​ភ្លៀង​​​មួយមេ​ធំ​បាន​បង្អុរ​ចុះ​ជា​មួយ​នឹង​ខ្យល់​បក់​បោក​ខ្លាំង​អស់​រយៈ​ពេល​ជាង​២​ម៉ោង​​​បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណ​​​ជាង​១០០​ខ្នង ​នៅ​ក្នុង​ស្រុកចំនួន​៣​​​ត្រូវ​​រលំ​​​និង​ប៉ើង​ខ្ចាត់​ខ្ចាយ ។

​ព្យុះ​ភ្លៀង​ដ៏​ធំ​នេះ​បានចាប់​ផ្តើម​នៅ​វេលា​ម៉ោង​​ប្រមាណ​ជាង​​៤រសៀល ​ថ្ងៃទី​២៥ មីនា ​នៅ​​ស្រុកចំនួន​៣គឺ ​ស្រុក​ស្វាយ​អន្ទរ ​ស្រុក​មេ​សាង ​និងស្រុក​បាភ្នំ។ តាម​​មន្ត្រីអ្នកនាំ​ពាក្យ​​​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​​​ខេត្ត​ព្រៃវែង​​​ឱ្យដឹង​ថា ​ព្យុះ​ភ្លៀង​​មួយ​មេ​នេះ​​​បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​ជាង​១០០​ខ្នង​ត្រូវ​ដួល​រលំ​​ និង​បើុង​ខ្ចាត់​ខ្ចាយ​ ក្នុង​នោះ​ស្រុក​ស្វាយ​អន្ទរ​៩៣​ខ្នង ​ស្រុក​មេសាង​២៤​ខ្នង ​និងស្រុក​បា​ភ្នំ​ចំនួន​១២​ខ្នង ​និង​​​បណ្តាល​​​​​ឱ្យ​របួស​ស្រាល​​​​​មនុស្ស​ចំនួន​២​នាក់​ និងមេគោ​ផើម​១​ក្បាល​ របួស​ធ្ងន់ ។

គួរកត់​សម្គាល់​​​ថា ​នៅ​ដើម​ឆ្នាំ​២០១៣ នេះ​​សម្រាប់​ខេត្ត​ព្រៃវែង​គ្រោះ​​ធម្ម​​ជាតិ​ដែល​កើត​ឡើង​​​ហាក​់​មាន​ភាព​សាហាវ​ជាងឆ្នាំ​មុនៗ​ខ្លាំង​ណាស់ ​ដោយ​គ្រាន់​តែ​មានភ្លៀង​ធ្លាក់​កក់ខែ​១មេ​​ដំបូង​ភ្លាម​ ក៏​​មាន​រន្ទះ​បាញ់​​ស្លាប់​មនុស្ស​អស់​ចំនួន​២នាក់​ ​។ ​ក្រោយ​មក​មិនទាន់​បាន​ប៉ុន្មាន​ផង​ភ្លៀង​ធ្លាក់​មួយ​មេ​​ទៀតក៏​នាំ​មក​ជា​មួយ​​​នូវ​​​ខ្យល់​កួច​ដ៏​ធំ ​ដែល​ធ្វើ​​ឱ្យមាន​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​​​​​​​​មិន​ធ្លាប់​មានពីមុន​មកសម្រាប់​ខេត្ត​​ព្រៃវែង ​ហើយ​​ក៏​ជាហេតុ​ដែល​មិន​នឹក​ស្មានដល់ គឺ​ផ្ទះ​ប្រជា​ពលរដ្ឋ​​រហូត​ដល់​ទៅ​ជាង​១០០​ខ្នង ​ត្រូវ​រលំ​ប៉ើង​ដំបូល​និង​ជញ្ជាំង​ដោយ​របួស​ទាំង​មនុស្ស​និងសត្វ​ថែម​ទៀត​​ ​។

​ទោះ​ជា​យ៉ាងណា​ក៏ដោយ​​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​​​ខេត្ត​ព្រៃវែង​ កំពុង​តែមមាញឹក​ក្នុងការ​ចុះ​ប្រមូល​ស្ថិតិ​ជន​រងគ្រោះ​ដើម្បី​រៀប​ចំ​​គម្រោង​នាំ​យក​អំណោយ​សង្គ្រោះ​របស់​កាក​បាទ​ក្រហម​ទៅចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោ​យសារ​តែ​គ្រោះ​ធម្មជាតិ​នេះ ។

ខេត្ត​តាកែវ ៖ ​គ្រោះ​ធម្មជាតិ​ដ៏​ធំ​មួយ​​បាន​កើតឡើង​​នៅ​​រសៀល​ថ្ងៃ​ទី​២៥ មីនា ​​នៅ​ឃុំ​អូរ​សា​រា​យ​ ​​ស្រុក​ត្រាំ​កក់​ ក្បែរ​តំបន់​​ខ្ពប​ត្របែក ​។ តាម​​​លោកចេង ​ចិត្រា ​អធិការ​រង​​នគរ​បាល​ស្រុក​ត្រាំ​កក់​​ទទួល​បន្ទុក​រដ្ឋបាល​​​ឱ្យ​ដឹងថា ​នៅវេលា​រសៀល​​​​នោះ​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​បានបក់​បោក​ខ្លាំង​ បណ្តាល​ឱ្យ​​​​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​​អស់​២៨​​ខ្នង ។

ខេត្តកណ្តាល ៖ ​ភ្លៀង​មួយ​មេ​​​​មិនជា​ខ្លាំង​នោះ​ទេ តែ​​លាយ​ឡំ​​ជា​មួយ​នឹ​ងខ្យល់​​​​បោក​បក់​​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យលំនៅឋាន​​មួយ​ចំនួន​និង​រោង​​​មាន់ប្រជា​ពលរដ្ឋ​ព្រម​ទាំងដើម​ឈើ​ និង​បង្គោល​ភ្លើង​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​​ដំណាក់​​អំពិល ស្រុក​អង្គ​ស្នួល​​ ​បើុង​ដំបូល​និង​ដួល​រលំ​ជាបន្ត​បន្ទាប់​ ប៉ុន្តែសំណាង​ល្អមិន​​បណ្តាល​​​ឱ្យ​មាន​មនុស្សណា​ម្នាក់​រងរបួស​​​​​​ឡើយ ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​​​​​ល្ងាច​ថ្ងៃទី​២៥ មីនា ​នៅ​ក្នុង​ភូមិសេរី​សុខា ​និងភូមិ​ក្តាន់​ ព្រម​ទាំង​ភូមិ​មួយចំនួន​ទៀតស្ថិត​ក្នុងឃុំ​ដំណាក់​អំពិល ​​។ ប្រជា​ពលរដ្ឋបាន​ឱ្យដឹងថា ​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្នុងរដូវ​ប្រាំង​ឆ្នាំ​២០១៣​​ នេះ​ មេឃមិន​​ដែលមាន​​ធ្លាក់​ភ្លៀង​កក់ខែ​​​​ទេ ​អាកាស​ធាតុ​​មាន​សភាព​ក្តៅ​ហួតហែង​ ទើបតែ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ​មេឃបានចាប់​ផ្តើម​ងងឹត​ហើយ​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​មក​តិច​ៗ​ ស្រប​ពេល​នោះ​ដែរ​​ស្រាប់តែ​មានលាយឡំ​មក​ជា​មួយ​នូវ​​​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ ។ ខណៈ​នោះ​​​ធ្វើ​ឱ្យ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​ត្រូវ​ប៉ើង​ដំបូល​ក្នុង​នោះ​មាន​ផ្ទះ​​​​ប្រក់​ដំបូល​ក្បឿង​ និង​​ដំបូល​ ​ស័ង្ក​សី​ ព្រម​ទាំង​​​មាន​រោង​មាន់​ចំនួន​បី​ខ្នង​​ដែល​​ក្នុង​មួយ​​ខ្នង​ៗ​ទំហំ​៨​ម៉ែត្រគុណ​នឹ​ង​១៥០​​ម៉ែត្រ​​ត្រូវ​រលំ​បាក់​​រាបដល់​ដី​​ ។ ​ក្រៅ​ពី​នេះ​ ​ក៏​នៅ​មាន​បង្គោល​ភ្លើង​មួយចំនួន​​​ត្រូវ​​ដួល​​​រលំ​ដែរ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤​ មីនា​ ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ថ្ម​ពួក​ជួប​នឹង​គ្រោះ​មហន្ត​រាយ​ម្តង​ទៀត​ ដែល​នេះ​ជា​លើក​ទី​២​ ដោយ​សារ​ខ្យល់​កំណាច​បាន​បោក​បក់​បណ្តាល​ឱ្យ​ខូច​ខាត​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​៤​ឃុំ​ គឺ​ឃុំ​គំរូ​ ឃុំ​ភូមិ​ថ្មី​ ឃុំ​គោក​រមៀត​ និង​ឃុំ​ថ្ម​ពួក​ សរុប​ចំនួន​៥២ខ្នង​ សាលា​រៀន​៤​ខ្នង​ និង​របួស​មនុស្ស​ម្នាក់​បែក​ក្បាល ។​

យោ​ងតាម​របាយ​ការណ៍​របស់​អធិការ​នគរ​បាល​ស្រុក​ថ្ម​ពួក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​មាន​ខ្យល់​កួច​​នោះ​ ផ្ទៃ​មេឃ​មាន​ពពក​ដុំ​ខ្មៅ​មើ​ល​ទៅ​គួរ​ឱ្យ​ខ្លាច​ ។ ស្រាប់​តែ​បន្តិច​ក្រោយ​មក​ក៏​មាន​ខ្យល់​បាន​បោក​បក់​យ៉ាង​ខ្លាំង​មក​ពី​ទិស​ខាង​​លិច​ ដោយ​បាន​ផ្តួល​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​ជាបន្ត​បន្ទាប់​លាយ​ឡំ​ជា​មួយ​ភ្លៀង​ផ្គរ​រន្ទះ​គួរ​ឱ្យ​តក់​ស្លុត​បំផុត។​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​​ថា​ ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​​រង​នូវការ​ខូច​ខាត​នេះ​មាន​ឃុំ​ភូមិ​ថ្មី​មាន​២​ភូមិ​ គឺ​ភូមិ​កាប់​ចោរ និង​ភូមិ​គោក​ស្វាយ​ សរុប​ចំនួន​៤​ខ្នង របើក​ដំបូល​ ឃុំ​គំរូ​មាន​ភូមិ​ឯក​ភាព​ ភូមិ​គំរូ​ ភូមិ​អណ្តូង​ខ្លុង​ និង​ភូមិ​ផ្សារ​ថ្មី​ សរុប​៣៦​ខ្នង​ របើក​ដំបូល​៣០​ខ្នង​ និង​ធ្លាក់​ពី​លើ​ជើង​​​តាង​៦​ខ្នង​ មាន​សាលា​រៀន​២​អគារ​របើក​ដំបូល ឃុំថ្ម​ពួក​មាន​២​ភូមិ​គឺ​ភូមិ​កសិណ​និង​ភូមិ​ថ្ម​ពួក​របើក​ដំបូល​សរុប​៨​ខ្នង​ ក្នុង​នោះ​ផ្ទះ​៤​ខ្នង​ សាលា​​រៀន​២​ខ្នង​ និង​រន្ទះ​បាញ់​កាំ​ជណ្តើរ​ខូច​១​ និង​ឃុំ​គោក​រមៀត​នៅ​ភូមិ​ស្រែ​ល្អ​របើក​ដំបូល​១១​ខ្នង​ ធ្លាក់​ពី​លើ​ជើង​តាង​១​ខ្នង ។​ សរុប​ទាំង​អស់​ផ្ទះ​ចំនួន​៥២​ខ្នង​ ខូចខាត​ធ្ងន់​៧​ខ្នង​ សាលា​រៀន​៤​ខ្នង​ នៅ​ស្រុក​ថ្ម​ពួក​នេះ​ ។

បើ​យោង​តាម​របាយ​ការណ៍​សរុប​ជា​មួយ​នឹង​លើក​ទី​២​នេះ​ លំនៅឋានរបស់​ប្រជា​ពល​រដ្ឋ​ចំនួន​៣៤៣​ខ្នង​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ មនុស្ស​ស្លាប់​ម្នាក់​ដោយ​សារ​រន្ទះ​បាញ់​ និង​របួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​ ។ តែ​បើ​យើង​គិត​ទូទាំង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​រងគ្រោះ​ដោយ​ធម្ម​ជាតិ​ខ្យល់​ព្យុះ​នេះ​ គឺ​ចំនួន​៤៤៣​ខ្នង​ដែល​ខូច​ខាត​មាន​សាលា​រៀន​៧​ខ្នង​ មនុស្ស​របួស​ចំនួន​៤​នាក់​ និង​ស្លាប់​២​នាក់​ដោយ​សារ​រន្ទះ​បាញ់ ។

ខេត្ត​មណ្ឌល​គិ​រី​ ៖ ភ្លៀង​១​មេ​និង​មាន​ខ្យល់​បោក​បក់​ខ្លាំង​ផង​ បាន​បណ្តាល​ឱ្យ​ផ្ទះ​ឈើ​ប្រក់​សង័្កសី​ និង​ស្បូវ​បី​ខ្នង​ដួល​បាក់​រលំ​និង​ប៉ើង​ដំបូល​ កាល​ពី​ថ្ងៃ​ទី​២៦​ មីនា​ ២០១៣​ វេលា​ម៉ោង​ជិត​៤​រសៀល​ នៅ​ភូមិ​ពូ​តាំង​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​។ ក្នុង​ហេតុ​ការណ៍​ខាង​លើ​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​បី​នាក់​​រង​របួស​ស្រាល​ រួម​នឹង​របស់​របរ​មួយ​ចំនួន​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ។

ជន​រង​គ្រោះ​ឈ្មោះ​តុប​ ផា​​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​  បាន​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​គាត់​បាន​សង្កេត​ឃើញ​ផ្ទៃ​មេឃ​មាន​ពពក​ខ្មៅ​ដុំ​ៗ​ ក្រោយ​បន្តិច​មក​ស្រាប់​តែ​​ពពក​ខ្មៅ​ទាំង​នោះ​ប្រមូល​ផ្តុំ​បង្កើត​ទៅ​ជា​ភ្លៀង​ខ្យល់​ខ្លាំង​បក់​មក​លើ​ផ្ទះ​របស់​កូន​គាត់​ ខណៈ​ពេល​កំពុង​អង្គុយ​លេង​ជាមួយ​ចៅ​និ​ង​កូន​ៗ​ ។ បុរស​វ័យ​ចំណាស់​ដដែល​បាន​បន្ត​ថា​ ភ្លាម​ៗ​នោះ​ខ្យល់​ក៏​បាន​បក់​របើក​ដំបូល​ផ្ទះ​ ហើយ​ដោយ​សារ​តែ​​ភ័យ​ខ្លាច​ខ្លាំង​ពេក​ គាត់​​ក៏​ចាប់​ស្រ​វា​បី​ចៅ​រត់​ចេញ​ជាមួ​យ​កូន​ ពី​ក្នុង​ផ្ទះ​ តែ​ដោយ​ល្បឿន​ខ្យល់​ខ្លាំង​ពេក​ផ្ទះ​ក៏​ដួល​រ​លំ​បាក់​ ។

មនុស្ស​បី​នាក់​ដែល​រង​របួស​ក្នុង​ហេតុ​ការណ៍​ខាង​លើ​បាន​បញ្ជាក់​ថា​ ពួក​គាត់​ពុំ​មែន​របួស​ដោយ​ផ្ទះ​សង្កត់​នោះ​ទេ​ តែ​បណ្តាល​មក​ពី​ពួក​គាត់​ភ័យ​ខ្លាំង​ពេក​ ក្នុង​ពេល​កំពុង​រត់​ចេញ​ពី​ផ្ទះ​ដែល​រៀប​នឹង​ដួល​រ​លំ​នោះ​ ។ ជន​រង​គ្រោះ​មាន​ឈ្មោះ​តុប​ ផា​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ឡឹង​ ជីម​ អាយុ​៤៩​ឆ្នាំ​ និង​ចៅ​តូច​ម្នាក់​ ។ អ្នក​ទាំង​បី​នាក់​បាន​រង​របួស​ស្រាល​ត្រង់​ចង្កេះ​ កែង​ដៃ​ និង​ជង្គង់​ ជា​អ្នក​ភូមិ​ពូ​តាំង​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេជ្រា​ដា​ ។

យោង​តាម​​បុរស​ឈ្មោះ​ឆុំ​ ភើន​ អា​យុ​២៩​ឆ្នាំ​ ត្រូវ​ជា​កូន​ជន​រង​គ្រោះ​ និង​ជា​ម្ចាស់​ផ្ទះ​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ផ្ទះ​របស់​គាត់​សង់​អំពី​ឈើ​ប្រក់​ស្បូវ​ មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​ ដោយ​សង់​នៅ​លើ​ដី​ជួល​ពី​គេ​ ។ ចំណែក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ដូ​ច​ជា​ ម៉ូ​តូ​មួយ​គ្រឿង​ ពូជ​សណ្តែក​សៀង​និង​សណ្តែក​ដី​ចំនួន​៥​បាវ​ និង​សម្ភា​រ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។​

ខេត្ត​ក្រចេះ​ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បួន​​នាក់​​ បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​កណ្តាល​វាល​ស្រែ​​ខាង​ក្រោយ​ផ្ទះ​ ខណៈ​​ជន​រង​គ្រោះ​កំពុង​​ដើរ​ឆ្លុះ​កង្កែប​ពេល​មេឃ​កំពុង​ភ្លៀង​ក៏​ត្រូវ​រន្ទះ​បាញ់​​ ។ គ្រោះ​ធម្ម​ជាតិ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ​ បាន​កើត​ឡើង​កាល​ពី​វេ​លាម៉ោង​៨​យប់​ថ្ងៃ​ទី​២៦​ មីនា​ នៅ​កណ្តាល​វាល​ស្រែ​​ខាង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិ​ច្រ​វា៉​ ឃុំ​កន្ទួត​ ស្រុក​ចិត្ត​បុរី​ ។

លោក​អនុ​សេ​នីយ៍​ទោ​ភី​ គា​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​កន្ទួត​ ​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​មិះ​ សុខា​ អាយុ​២៨​ឆ្នាំ​ មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​ ។ ជន​រង​គ្រោះ​ត្រូវ​​រន្ទះ​បាញ់​ចំ​ភ្លើង​គោម​ ដែល​ពាក់​នៅ​លើ​ក្បាល​ បណ្តាល​ឱ្យ​ឆេះ​ខ្មៅ​រោល​​ពេញ​រាង​កាយ​ និង​ស្លាប់​ភ្លាម​មួយ​  រំពេច ។

តាម​សេច​ក្តី​រាយ​ការណ៍​របស់​នគរ​បាល​ខេត្ត​​ឱ្យ​ដឹង​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​២៦​ មីនា​ នោះ​​មាន​​គ្រោះ​ធម្ម​ជាតិ​ចំនួន​បី​កន្លែង​ បាន​កើត​ឡើង​ គឺ​ករណី​រន្ទះ​បាញ់​​មនុស្ស​ស្លាប់​នៅ​ឃុំ​កន្ទួត​ ស្រុក​ចិត្រ​បុ​រី​ ​ខ្យល់​កួច​បំ​ប៉ើង​ដំបូល​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ ទំ​ហំ​៦​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅ​ក្នុង​ឃុំ​សំ​បូរ​ ស្រុក​សំបូរ​ ​និង​​អគ្គិ​ភ័យ​ ​លេប​ត្របាក់​ផ្ទះ​ឈើ​ប្រក់​ស្បូវ​មួយ​ខ្នង​ នៅ​ក្នុង​ឃុំ​ចង្ក្រង​ ស្រុក​ចិត្រ​បុ​រី​ បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​លុយ​កាក់​មួយ​ចំនួន​ធំ​ផង​ដែរ​ ។

ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​ថ្ងៃ​ទី​២៦​ មី​នា​ នៅ​ស្រុក​ក្រគរ​ ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​តាំង​ពី​ម៉ោង​១​ដល់​ម៉ោង​៣​រសៀល​ និង​មាន​ខ្យល់​ព្យុះ​បោក​បក់​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​៨៣​ខ្នង​ អគារ​សិក្សា​៤​ខ្នង​ បាក់​ដើម​ត្នោត​១៥​ដើម​ និង​រ​លំ​ងាប់​គោ​មួយ​ក្បាល​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ​ ។

តាម​​លោក​ទឹម​ សា​រិន អភិ​បាល​ស្រុក​ក្រ​គរ​ឱ្យ​ដឹង​ថា​ ខ្យល់​កួច​បាន​បោក​បក់​លើ​ឃុំ​ចំនួន​៣​គឺ​ឃុំ​ក្បាល​ត្រាច​​អស់​ផ្ទះ​១០​ខ្នង​ ឃុំ​អន្លង់​ត្នោត​ ១៧​ខ្នង​​ និង​ឃុំ​កំពង់​លួង​៥៦​ខ្នង​ សរុប​៨៣​ខ្នង​ ក្នុង​នោះ​ខូច​ខាត​ទាំង​ស្រុង​១៤​  ខ្នង ។ ផ្ទះ​ទាំង​អស់​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ប្រក់​ស័ង្ក​សី​ និង​ប្រក់​ស្លឹក​ ខ្លះ​របើក​ដំបូល​ ប៉ើង​ជញ្ជាំង​ ទ្រេត​ធ្លាក់​ពី​ជើង​តាង​ ហើយ​ឃុំ​កំពង់​លួង​ខូច​ខាត​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​៥៦​ខ្នង​ ទាំង​ផ្ទះ​ចល័ត​ ផ្ទះ​លើ​ទូក​និង​ផ្ទះ​លើ​គោក​ ដោយ​នៅ​ទី​នោះ​ចំ​មុខ​ខ្យល់​លំ​ហ​បឹង​ទន្លេ​សាប​ និង​ផ្ទះ​ប​ណ្តែត​​​ទឹក ។ លោក​អភិ​បាល​ស្រុក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២៦​ មីនា​ នោះ​ ចាប់​ពី​ម៉ោង​១​ដល់​ម៉ោង​៣​រសៀល​ ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​នៅ​ស្រុក​ក្រ​គរ​ និង​មាន​ខ្យល់​បោក​បក់​ខ្លាំង​ប៉ើង​ដំបូល​ ជញ្ជាំង​ និង​រលំ​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​​ខាង​លើ​ មិន​តែ​ប៉ុណ្ណោះ​មាន​ធ្លាក់​ព្រិល​ ហើយ​គោ​មួយ​ក្បាល​ដែល​ងាប់​នោះ​គឺ​ដោយ​សារ​ដើម​ត្នោត​រលំ​សង្កត់​លើ​ ។

នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧​ មីនា​ ​សាខា​កាក​​បាទ​ក្រហម​កម្ពុជា​ខេត្ត​​បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នៅ​ស្រុក​ក្រ​គរ​ដែល​មាន​ អង្ករ​ មី​ ត្រី​ខ​ សារុង​ ក្រមា​ មុង​ តង់​ ភួយ​ និង​ថវិកា​មួយ​ចំនួន​ ដើម្បី​សង្គ្រោះ​បន្ទាន់​តាម​គោល​ការណ៍​របស់​កាក​បាទ​ក្រហម​ ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ​​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ។​

លោក​វ៉ាន់​ ហ៊ាង​ នាយក​ប្រតិ​បត្តិ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ តាម​​ការ​ពិនិត្យ​ជាក់​ស្តែង​ដល់​កន្លែង​កើត​ហេតុ​ ផ្ទះ​ប្រជា​​ពល​រដ្ឋ​ដែល​ខូច​ខាត​ទាំង​ស្រុង​មាន​តែ​៣៧​គ្រួសារ​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​គ្រាន់​តែ​របើក​ដំបូល​ឬ​ជញ្ជាំង​បន្តិច​បន្តួច​​គឺ​ពុំ​មាន​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ ។

ខេត្ត​ព្រះវិហារ ៖ ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​លាយ​ឡំនឹង​ខ្យល់បោកបក់​​​​ជាមួយនឹង​រន្ទះ​​​បាញ់​ឆុង​ឆាំង​​​បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ព្រះវិហារ​​​ ​បណ្ដាល​ឱ្យ​លំនៅឋាន​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ម​ហន្ត​រាយ​​យ៉ាង​ធ្ងន់​ធ្ងរ​​​​​ខូច​ខា​ត​​ទ្រព្យ​សម្បត្តិ​សាធា​រណៈ​​ និងប៉ាណូ​​​មួយ​ចំនួន​​​រួម​ទាំង​​​​ដំបូល​​​សាលា​​ខេត្តព្រះវិហារ​​ផងដែរ​​ ។ ​នេះ​បើ​តាម​​​របា​យ​​​ការណ៍​​​របស់សមត្ថកិច្ច​​​​ប៉ូលិសក្រុង​​​​ព្រះវិ​ហា​​រ​​​​​បាន​ឱ្យ​ដឹង​ ។

​​ហេតុការណ៍​​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​​​ម៉ោង​​៥ និង​​​​៣០នាទី​​​​រសៀល​ថ្ងៃទី​​​​២៦ មីនា ​បង្ក​ឱ្យមាន​​លំនៅឋាន​​​​ស័ង្កសី​​រលំ​​​អស់​​ចំនួន​​​​១២ខ្នង​​ របើក​​ដំបូល​អស់​​​​៨៨​ខ្នង​ ដាច់​សំយាប​​​បើង​​អស់​​៤ខ្នង​ និង​ម​នុស្ស​​២នាក់​​​រង​របួស​​​ស្រាល​​​ ព្រម​ទាំង​​ខូច​ខាត​សម្ភារ​​ប្រើ​ប្រាស់​​មួយចំនួន​​​​ ។

ក្រោយពី​​ហេតុការណ៍​នោះ​កើ​ត​ឡើង​​សា​ខា​​​កាក​បាទក្រហម​​ខេត្ត ​​ក៏​នាំ​យក​នូវ​​គ្រឿង​​ឧប​ភោគ​​បរិភោ​គទៅចែក​​​​ជូន​អ្នក​រង​គ្រោះ​​ទាំង​នោះ​ផង​​ដែរ​​​​​ ។ ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​ក្នុង​ខេត្ត​ព្រះវិហា​រ​​​​​បាន​ឱ្យ​ដឹង​ដែរ​ថា ​មុន​ឧបទ្ទវហេតុ​​​នេះ​​កើត​ឡើង​​មួយម៉ោង​​ផ្ទៃ​មេឃ​​​​​ក្ដៅ​​​​ខ្លាំង​ ហើយ​មាន​ពណ៌ខ្មៅ​ ។ បន្ទាប់មក​​​នៅ​លើផ្ទៃ​​​​មេឃ​បាន​លាន់​​ស្នូរ​​​​​ផ្គរ​​រន្ទះ​​កក្រើក​មេឃ​​ទើបមាន​ភ្លៀង​​​ធ្លាក់​​លា​យ​​ឡំ​​​ជាមួយ​​​​ខ្យល់​កួច​​​អស់​រយៈ​​ពេល​ប្រហែ​ល​​​​​​ជាង​មួយម៉ោង​​​ទើប​បានស្ងប់​​ស្ងាត់​​ទៅ​វិញ​​ ។ នេះ​​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​គ្រោះធម្មជាតិ​​​គួរ​ឱ្យ​ភ័យ​ខ្លាច​​បែប​នេះ​នោះ​  ៕