នួន ភិរម្យ ហួសចិត្តរឿងក្លិបមួយប្រកាសប្ដឹងខ្លួនករណីកីឡាករវ័យ13ឆ្នាំម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេដែលអតីតកីឡាករល្បីឈ្មោះលោក នួន ភិរម្យ បានប្រកាសបិទទ្វារក្លិបប្រដាល់របស់ខ្លួន ដោយអះអាងថាមិនមានអ្នកស្នេហាប្រដាល់ណាម្នាក់ជួយទ្រទ្រង់ និងដោយសារតែហេតុផលកីឡាករថ្មីៗដែលហ្វឹកហាត់នៅក្នុងក្លិបរបស់លោក ក៏មិនមានប៉ុស្ដិ៍ណាស្វាគមន៍ឱ្យឡើងប្រកួតក្រៅពីប៉ុស្ដិ៍បាយ័នដែលផ្ដល់ឱកាសឱ្យតិចតួចនោះ ។

ម្ចាស់ក្លិបភារម្យគុនខ្មែរ ថ្លែងថា មកទល់ម៉ោងនេះ លោកអត់មានកម្លាំងតស៊ូក្នុងការបន្តក្លិបប្រដាល់របស់ខ្លួននោះទេ បន្ទាប់ពីទទួលសម្ពាធដោយត្រូវរកសិស្សថ្មីមកហ្វឹកហាត់ផងនិងត្រូវរកលុយមកចិញ្ចឹមសិស្សក្នុងក្លិបផង ស្រាប់តែមកទទួលសម្ពាធរឿងអត់សង្វៀនឱ្យសិស្សឡើងប្រកួត និងមិនមានអ្នកស្នេហាវិស័យប្រដាល់ណាម្នាក់ជួយជ្រោមជ្រែងក្លិបលោកផង ។
ទោះបីយ៉ាងណា ដោយសារលោកស្ដាយមិនចង់បាត់បង់អាជីពជាគ្រូបង្វឹកនិងជាម្ចាស់ក្លិបប្រដាល់ទើបចេះតែនៅបន្តទាំងបាក់ទឹកចិត្តនៅពេលឃើញក្លិបរបស់ខ្លួនខ្វះការគាំទ្រគ្រប់ផ្នែកបែបនេះ ។ លោកកាន់តែបាក់ទឹកចិត្តនៅពេលស្នើសុំសិស្សឱ្យឡើងសង្វៀនប្រដាល់របស់ទូរទស្សន៍ស្ទើរទាំងអស់ ត្រូវអ្នករៀបចំកម្មវិធីទូរទស្សន៍ទាំងនោះបដិសេធ និងលើកហេតុផលថា ដោយសារតែសិស្សរបស់លោកជាកីឡាករថ្មីទើបគេមិនទទួលឱ្យឡើងរេញ ។

មកទល់សព្វថ្ងៃនៅក្នុងក្លិបលោកមានសិស្សត្រឹមតែ៣នាក់ប៉ុណ្ណោះប្រចាំការ ដោយសារតែការហ្វឹកហាត់របស់ពួកគេមិនត្រូវបានផ្ដល់ឱកាសពីសំណាក់ម្ចាស់ក្លិបផ្សេងៗ និងបណ្ដាលមកពីសិស្សទាំងអស់មិនអាចរកចំណូលបានពីការហ្វឹកហាត់ប្រដាល់ផង ទើបធ្វើឱ្យសិស្សរបស់លោកលាឈប់ម្ដងម្នាក់ៗ ។
លោកថា ខ្លួនខាតបង់មិនតិចនោះទេចាប់តាំងពីបានដំណើរការបើកក្លិបប្រដាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសក្នុងពេលដែលត្រូវប្រឹងរកលុយយកមកផ្គត់ផ្គង់ការចំណាយប្រចាំក្លិបរហូតមក ក្នុងពេលកីឡាករដែលមកហ្វឹកហាត់តម្រូវឱ្យលោកផ្គត់ផ្គង់។
លោកបានទាំងហៅទូរទស្សន៍ប៉ុស្ដិ៍បាយ័នថា គឺជាបង្អែកដ៏សំខាន់ដែលអាចឱ្យលោកមានលទ្ធភាពបន្តការប្រដាល់នោះផង ដោយសារតែប៉ុស្ដិ៍នេះបានផ្ដល់ការងារឱ្យលោកទាំងប្ដីទាំងប្រពន្ធ ដែលនាំឱ្យលោក និងភរិយា មានលទ្ធភាពទិញអង្ករ និងម្ហូបមកផ្គត់ផ្គង់ក្នុងក្លិបនៅពេលបើកលុយការងារប្រចាំសប្ដាហ៍ម្ដងៗ។

លោកថា កាលពី៥ខែមុន មានម្ដាយរបស់ក្មេងម្នាក់បានយកកីឡាករវ័យ១៣ឆ្នាំមួយរូបមកផ្ញើនៅក្នុងក្លិបលោក និងបានស្នើឱ្យលោកជួយបណ្ដុះបណ្ដាលផ្នែកប្រដាល់ អ៊ីចឹងហើយទើបលោកសម្រេចចិត្តទទួលឱ្យស្នាក់នៅ ដោយបានទាំងចុះឈ្មោះឱ្យក្លាយជាសិស្សផង ។
ប៉ុន្តែនៅពេលលោកមានបំណងឱ្យសិស្សវ័យ១៣ឆ្នាំនេះឡើងប្រដាល់នៅក្នុងសង្វៀនដែលទទួលកីឡាករក្មេងៗ ស្រាប់តែមានក្លិបមួយនៅខេត្តបាត់ដំបងប្រកាសថា កីឡាករនោះគឺជាសិស្សប្រចាំក្លិបគេ និងថាបើចង់បានសិស្សនោះឱ្យក្លាយជាសិស្សរបស់ក្លិបលោកគឺលុះត្រាតែបង់៣០០ដុល្លារ ។ លោកបានស្នើម្ដាយរបស់ក្មេងឱ្យបង់ទៅឱ្យក្លិបចាស់ចំនួន១០០ដុល្លារ ប៉ុន្តែម្ចាស់ក្លិបមុនមិនទទួល និងបានប្រកាសថានឹងដាក់ពាក្យប្ដឹងបើនៅតែបន្តឱ្យក្មេងអាយុ១៣ឆ្នាំនោះស្នាក់នៅហ្វឹកហាត់ក្នុងក្លិបភិរម្យគុនខ្មែរ ។
លោកថា ខ្លួនមិនចង់បានសិស្សនោះមកហាត់ក្នុងក្លិបរបស់ខ្លួនទេ ប៉ុន្តែបណ្ដាលមកពីក្មេងនោះប្ដូរមករៀននៅភ្នំពេញ ហើយចង់បន្តការប្រដាល់ និងបានបញ្ជាក់កាលពីហ្វឹកហាត់ក្នុងក្លិបនៅខេត្តបាត់ដំបងមិនបានធ្វើឯកសារជាមួយក្លិបទើបលោកហ៊ានទទួល ។ លោកសម្ដែងការខកចិត្តដែលគ្រាន់តែក្មេងវ័យ១៣ឆ្នាំសោះ ម្ចាស់ក្លិបមួយនោះមិនលើកលែងឱ្យដោយនៅតែប្រកាន់ជំហរមិនបានលុយ៣០០ដុល្លារគឺនឹងប្ដឹងក្លិបលោក ។

លោកមិនទាន់សម្រេចចិត្តបញ្ចេញឈ្មោះក្លិបនោះនៅឡើយទេ ដោយអះអាងថា ចាំមើលចំណាត់ការរបស់ភាគីម្ខាងទៀតបន្តទៀតសិន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក នួន ភិរម្យ លោក ញាណ សុធី ដែលជាអ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំឱ្យផ្អាកទទួលកូនសិស្សលោក នួន ភិរម្យ គឺដោយសារលោកផ្ដល់ឱកាសឱ្យឡើងប្រកួតកន្លងមកគេធ្វើមិនបានល្អ និងដោយសារតែកូនសិស្សរបស់លោកមានមិនសូវច្រើន ខណៈដែលការលើកឡើងនេះ ក៏មានចម្លើយស្រដៀងគ្នានឹងសម្ដីរបស់លោក សេង កដិកា អ្នករៀបចំការប្រកួតនៅប៉ុស្ដិ៍លេខ៥ផងដែរ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ