តណ្ហាគឺជាសភាវៈមួយដែលស្ថិតនៅច្របូកច្របល់នឹងអារម្មណ៍របស់យើង បើកាលណាយើងអប់រំចិត្តមិនបានល្អ ក៏ស្ទុះទៅកាន់អារម្មណ៍ផ្សេងៗតាមក្រសែនៃតណ្ហា ព្រោះហេតុនោះបានជាលោកឱ្យអប់រំចិត្តឱ្យបាននឹងនរកុំឱ្យលុះក្នុងអំណាចនៃតណ្ហាបញ្ជាឆ្វេងស្តាំ ។
ពិតណាស់ កើតមកជាមនុស្សបានទាន់ព្រះពុទ្ធសាសនា ត្រូវខិតខំព្យាយាមចម្រើនផ្លូវចិត្ត ឱ្យបានល្អ មិនត្រូវគិតតែពីសប្បាយក្អាក់ក្អាយ ភ្លើតភ្លើនភ្លេចទុក្ខ ហើយបណ្តោយខ្លួនឱ្យនៅតែល្ងង់អាប់ឥតប្រាជ្ញានោះឡើយ ។
ការដែលយើងធ្វើអ្វីៗទៅតាមតែចិត្តចង់របស់ខ្លួនឯងដែលមិនបានសិក្សាអប់រំផ្លូវចិត្ត គឺជាមូលហេតុដ៏ចម្បងនៃការគ្រោះថ្នាក់ដោយសារតែការចាញ់បោកខ្លួនឯងបម្រើតណ្ហាងើបមុខលែងរួច។
បើបុគ្គលចង់ឈ្នះខ្លួនឯងពិតប្រាកដ គប្បីជម្នះប្រឆាំងនឹងចិត្តរបស់ខ្លួនដែលចេះតែចង់បានគ្មានទីបំផុត ដើម្បីឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវព្រះធម៌ដែលមានទ្រឹស្តីអប់រំច្បាស់លាស់ និងមានទិសដៅជាក់លាក់សម្រាប់កសាងជីវិតដើរតាមគន្លងដ៏ត្រឹមត្រូវ។ នេះឯងជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
មែនហើយធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ មិនប្រព្រឹត្តទៅតាមអំណាចនៃតណ្ហាឡើយ បុគ្គលលុះតាមអំណាចនៃតណ្ហា រមែងរស់នៅជាទុក្ខ ជីវិតជួបនឹងការខកចិត្តរាល់ថ្ងៃ ។ ត្រូវចងចាំថា ខ្សែនៃតណ្ហាគឺមិនព្រមស្ថិតទៅតាមការពិតរបស់ធម្មជាតិទេ គឺតណ្ហាចេះតែចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ ចង់បានគ្មានទីបំផុតឡើយ គឺគ្មានទេសេចក្តីស្ងប់ជាមួយនឹងធម្មជាតិនោះ ។
ចែករំលែកព័តមាននេះ