ខេត្តក្រចេះ៖ អាជ្ញាធរស្រុកស្នួលបានអះអាងថា ក្រោយការបញ្ជូនមកសង្គ្រោះភ្លាមៗ ពលរដ្ឋប្រុស-ស្រីរស់នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ដែលមានអការៈពុល ដែលសន្និដ្ឋានជាជំហ៊ានដំបូងថា បណ្តាលមកពីពុលស្រា.សនោះគឺត្រូវបានធូរស្រាល និងបានត្រឡប់ទៅលំនៅឋានជាបណ្តើៗហើយ ខណៈដែលការពុលនេះបណ្តាលឱ្យស្ត្រី២នាក់បានស្លាប់។

អ្នកភូមិយ៉ាងហោចណាស់២នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ និងជាង៤០នាក់ទៀតត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗកាលពីយប់ថ្ងៃទី១៣ កក្កដា បន្ទាប់ពីអ្នកភូមិទាំងនោះបានពុលហើយមាន
អការៈណែនដើមទ្រូង ក្អួត វិលមុខ ឈឺក្បាល ទន់ដៃជើង ហើយអការៈនេះត្រូវបានអាជ្ញាធរសន្និដ្ឋានថា បណ្តាលមកពីការពុលក្រោយពីពួកគាត់នាំគ្នាទទួលទានស្រា.សក្នុងពិធីកំដរបុណ្យសពរបស់អ្នកនៅក្នុងភូមិជាមួយគ្នា។
អ្នកភូមិដែលមានអការៈពុលបាននិយាយប្រាប់ថា កាលដែលពួកគាត់ទាំងអស់គ្នាមានអការៈបែបនេះ គឺកើតមានឡើងក្រោយពីពួកគាត់បាននាំគ្នាហូបស្រាកំដរបុណ្យសពរបស់អ្នកភូមិ២នាក់ ដែលបានស្លាប់បន្តបន្ទាប់គ្នា ហើយការស្លាប់របស់អ្នកភូមិទាំងពីរនាក់នេះក៏ត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីពុលស្រា។ បើទោះជាបែបណា អ្នកភូមិបានឱ្យដឹងថា ស្រាដែលពួកគាត់នាំគ្នាហូបនៅថ្ងៃកំដរបុណ្យបង្កឲ្យមាន អការៈពុលនេះជាស្រាដែលស្ត្រីរងគ្រោះទាំងពីរនាក់បានទិញហូបបណ្តាលឲ្យពុលស្លាប់។
នគរបាលស្រុកស្នួលឲ្យដឹងថា អ្នកភូមិពីរនាក់សុទ្ឋសឹងជាស្ត្រីបានស្លាប់ជាបន្តបន្ទាប់គ្នា ក្រោយពីពួកគាត់ទាំងពីរនាក់ក្នុងចំណោមបីនាក់បាននាំគ្នាហូបស្រាដែលលក់នៅតៀមស្រាមួយកន្លែងក្នុងឃុំស្វាយជ្រះ ស្រុកស្នួល កាលពីថ្ងៃទី១២ កក្កដា ។ ក្រោយពីហូបរួច បានបណ្តាលឲ្យស្ត្រីរងគ្រោះម្នាក់ឈ្មោះព្រិច ណាត អាយុ៣៦ឆ្នាំ កើតអការៈពុលរហូតស្លាប់។ រហូតដល់ថ្ងៃទី១៣ កក្កដា រំលងបាន១ថ្ងៃក៏មានស្ត្រីម្នាក់ទៀតដែលបានហូបស្រាជាមួយគ្នាឈ្មោះ ឡៃ អាយុ៣៥ឆ្នាំ ក៏កើតអការៈពុលស្លាប់ដូចគ្នា។
ក្រោយស្ត្រីជាអ្នកភូមិទាំងពីរនាក់បានស្លាប់ និងបានយកសពមកធ្វើបុណ្យនៅក្នុងភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ក៏មានការចូលរួមកំដរបុណ្យសពពីអ្នកនៅក្នុងភូមិ។ ការកំដរបុណ្យសពនៅយប់នោះ អ្នកភូមិក៏បាននាំគ្នាទទួលទានស្រា.សដូចតាមទម្លាប់។ ស្រាដែលពួកគាត់នាំគ្នាទិញមកទទួលទានកំដរបុណ្យនោះ ជាស្រាដែលគេសង្ស័យថា មានសារធាតុពុល ព្រោះស្រានោះបានទិញពីតៀមលក់ស្រាមួយកន្លែងនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ជាតៀមលក់ស្រាដែលស្ត្រីរងគ្រោះទាំងពីរនាក់នាំគ្នាទិញទៅហូបបណ្តាលឲ្យពុលស្លាប់កាលពីថ្ងៃមុន ។
ជាមួយនឹងបាតុភាពពុលដែលត្រូវបានផ្ទុះឡើងសាជាថ្មី រហូតបង្កឲ្យមានអ្នកភូមិស្លាប់ និងធ្លាក់ខ្លួនឈឺ ដែលអាជ្ញាធរសន្និដ្ឋានថា អាចបណ្តាលមកពីពុលស្រានេះ នៅថ្ងៃទី១៤ និង១៥ កក្កដានេះ អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តក្រចេះ ដឹកនាំដោយលោក ជា សុភក្ត្រ បានចុះ ធ្វើការត្រួតពិនិត្យតាមផ្ទះផលិតស្រានៅតាមគោលដៅមួយចំនួន។
បើតាមលោកព្រះរាជអាជ្ញារងបានប្រាប់ឲ្យដឹងថា មានស្រា.ស និងស្រាថ្នាំជាច្រើនរយលីត្រ មានទាំងដាក់លក់ និងច្រកក្នុងប៊ីដុង គឺត្រូវបានអាជ្ញាធរចុះដកហូតតាមតៀមលក់ និងតាមផ្ទះដែលផលិត។ លោកថា ក្រៅពីនោះមានផ្ទះផលិតស្រា.សធំៗចំនួន៣ទីតាំង មាននៅស្រុកស្នួល ស្រុកសំបូរ និងក្រុងក្រចេះ ដែលផលិតនិងចែកចាយ គឺត្រូវបានសមត្ថកិច្ចចុះហាមឃាត់ការធ្វើអាជីវកម្មបណ្តោះអាសន្ន។

អភិបាលស្រុកស្នួល លោកគង់ គឹមនី បានឲ្យដឹងថា បាតុភាពរបស់ពលរដ្ឋនេះត្រូវបានអាជ្ញាធរសន្និដ្ឋានថា បណ្តាលមកពីពុលស្រា.ស។ លោកបញ្ជាក់ថា ពលរដ្ឋរងគ្រោះត្រូវបានអាជ្ញាធរបញ្ជូនមកសង្គ្រោះទាន់ពេល និងបានធូរស្រាល ហើយត្រឡប់ទៅលំនៅឋានខ្លះៗ ខណៈការពុលស្រាបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់៕
ចែករំលែកព័តមាននេះ