ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ផ្តាច់ព្រ័ត្រ​មក​ដល់​ហើយ បារាំង​ឬ​ក្រូ​អាស៊ី ជា​អធិរាជ World Cup នៅ​រុ​ស្ស៊ី

6 ឆ្នាំ មុន

សមរភូមិ​បៃតង​ដ៏​ក្តៅ​គគុក នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​លំដាប់​ពិភពលោក​ (World Cup) ២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​ប្រើ​រយៈពេល​មួយ​ខែ​ចាប់តាំងពី​វគ្គ​ចែក​ពូ​ល​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា មក ។…

សមរភូមិ​បៃតង​ដ៏​ក្តៅ​គគុក នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​លំដាប់​ពិភពលោក​ (World Cup) ២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​ប្រើ​រយៈពេល​មួយ​ខែ​ចាប់តាំងពី​វគ្គ​ចែក​ពូ​ល​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា មក ។ ចំពោះ​សមាសភាព​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​ស៊ីសាច់​ហុតឈាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ លោក​អ្នក​ច្បាស់​ជា​បានដឹង​រួច​ហើយ គឺ​ក្រុម​មក​ពី​ទ្វីបអឺរ៉ុប​ដូច​គ្នា​បារាំង និង​ក្រូ​អាស៊ី ។

ក្រុម​បារាំង​ដែល​មាន​រហស្សនាម​ថា​“​មាន់គក​”​មួយ​នេះ ប្រិ​យ​មិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ ។ ចាប់តាំងពី​វគ្គ​ចែក​ពូ​លម​ក បារាំង​មិនទាន់​​បរាជ័យ​ម្តង​ឡើយ ពោល​គឺ​ឈ្នះ​៥​ដង និង​ស្មើ​តែ​ម្តង​ប៉ុណ្ណោះ ដោយ​ស៊ុត​បាន​១០​គ្រាប់ និង​របូត​វិញ​តែ​៤​គ្រាប់ ។ មុន​នឹង​ឡើង​មក​ដល់​វគ្គ​នេះ បារាំង​បាន​ទម្លាក់​ក្រុម​ខ្លាំង​ៗ​ដូច​ជា អា​ហ្ស​ង់ទី​ន​(​វគ្គ​១៦​ក្រុម​), អ៊ុយ​រូ​ហ្គា​យ​(​វគ្គ​៨​ក្រុម​) និង​បែ​ល​ហ្ស៊ិ​ក​(​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​) ។

វា​ជា​លើក​ទី​៣​នៃ​ការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​មាន់គក ប៉ុន្តែ​ពួក​គេ​គ្រង​ជើងឯក​ពានរង្វាន់​តែ​ម្តង​គត់​នា​ឆ្នាំ​១៩៩៨ ខណៈ​ឆ្នាំ​២០០៦​បាន​ត្រឹម​ជា​ជើងឯក​រង ។ បារាំង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្រុម​ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ៗ ហើយ​មាន​សមត្ថភាព​ខ្ពស់​ដូច​គ្នា​ទាំង​ខ្សែការពារ បម្រើ និង​ប្រយុទ្ធ ។ សម្រាប់​ជំនួប​ប៉ះ​ក្រូ​អាស៊ី​នា​យប់​ស្អែក​នេះ បារាំង​មាន​ទំនុកចិត្ត​រឹតតែ​ខ្លាំង​ថា​នឹង​អាច​បង្កើត​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​សម័យកាល​គ្រូបង្វឹក Didier Deschamps ស្រប​ពេល​កូនក្រុម​នីមួយ​ៗ​ពុំ​មាន​រង​របួស​នោះ​ទេ ។

វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​យ៉ាង​ខ្លាំង ដែល​ក្រុម​ក្រូ​អាស៊ី​អាច​ព័ទ្ធ​ស៊ី និង​ទម្លាក់​ក្រុម​អង់គ្លេស​កាលពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​ដោយ​ជោគជ័យ ធ្វើ​ឱ្យ​ពិភពលោក​វាយតម្លៃ​ពួក​គេ​ក្នុង​កម្រិត​មួយ​ផ្សេង​ទៀត ។ ទោះជា​ការ​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​ដែល​មាន​រហស្សនាម​“​ក្រឡា​អុក​”ហាក់​ប្រផិតប្រផើយ​ជាង​គូប្រកួត​ក្តី ប៉ុន្តែ​បើ​មើល​ឱ្យ​ដិត​ដល់​ទៅ ពួក​គេ​ក៏​ខ្លាំង​មិនធម្មតា​ដែរ ។

ជាក់ស្តែង ក្រូ​អាស៊ី​បាន​ទម្លាក់​ក្រុម​ដា​ណឺ​ម៉ាក(​វគ្គ​១៦​ក្រុម​), រុ​ស្ស៊ី​(​វគ្គ​៨​ក្រុម​) និង​អង់គ្លេស (​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​) ហើយ​អ្វី​រឹតតែ​ពិសេស​នោះ​គឺ​ពួក​គេ​ក៏​ធ្លាប់​លត់​អា​ហ្ស​ង់​ទី​ន​កាលពី​វគ្គ​ចែក​ពូ​ល​ក្នុង​លទ្ធផល​៣​ទល់​០​ផងដែរ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិ World Cup របស់​ក្រូ​អាស៊ី ដែល​មាន​វាសនា​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ការ​បង្ហាញខ្លួន​សរុប​វិញ ពួក​គេ​ទើបតែ​បាន​ចូលរួម​៥​លើក​ប៉ុណ្ណោះ ។

សមាសភាព​កូនក្រុម​ពួក​គេ​បច្ចុប្បន្ន ក៏​សុទ្ធតែ​ខ្លាំង និង​កំពុង​លេង​ឱ្យ​ក្លិប​ធំ​ៗ​នៅ​ទ្វីបអឺរ៉ុប​ដូច​បារាំង​ដែរ ។ យ៉ាងណាមិញ ជំនួប​ប៉ះ​បារាំង​នា​រាត្រី​នេះ ក្រូ​អាស៊ី​នឹង​ត្រូវ​ធ្វើការ​រឹតតែ​ធ្ងន់​បន្ថែម​ទៀត ព្រោះ​សត្រូវ​នៅ​ចំពោះ​មុខ​មិនមែន​ជា​ក្រុម​អង់គ្លេស​ដែល​គ្រាន់តែ​ខ្លាំង​ពី​សំបក​ក្រៅ​នោះ​ទេ ។

ក្រុម​ខ្លាំង​ទាំង​ពីរ​ខាងលើ ធ្លាប់​ប៉ះ​គ្នា​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៩៨ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​គ្រានោះ​បារាំង​យកឈ្នះ​២​ទល់​១ ហើយ​ក៏​ជា​ពេល​បារាំង​ឈ្នះ​ពាន​លើក​ទី​១​របស់​ខ្លួន​ផង​ដែរ ។ ចំពោះ​ប្រវត្តិ​ជួប​គ្នា​៣​លើក​ក្នុង​លក្ខខណ្ឌ​ប្រកួត​មិត្តភាព បារាំង​ឈ្នះ​២​និង​ស្មើ​១ ខណៈ​ប៉ះ​គ្នា​ម្តង​នៅ​យូ​រ៉ូ​ឆ្នាំ​២០០៤ ពួក​គេ​ទទួល​បាន​លទ្ធផល​ស្មើ​២-២ ។

នា​រាត្រី​នេះ គេ​សង្កេត​ឃើញ​ថា បារាំង​នឹង​អាច​គ្រង​ពាន​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ ផ្អែក​តាម​បច្ចេកទេស​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​គ្រូបង្វឹក គួប​ផ្សំ​នឹង​សមត្ថភាព​ដ៏​ជំនាញ​របស់​កីឡា​ក​រ​នីមួយ​ៗ គឺ​សុទ្ធតែ​មាន​ប្រៀប​ជាង​ក្រូ​អាស៊ី ។ នេះ​បើ​យោង​តាម​ការ​ទាយ​របស់​គេហទំព័រ​ទស្សន៍​​ទាយ​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ