ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​រង​ការ​រិះគ.ន់​ខ្លាំង ក្រោយ​ថា ក្រុម​ជម្រើសជាតិ​បារាំង​គ្មាន​ជនជាតិ​បារាំង​សូ​ម្បី​ម្នាក់

1 ម៉ោង មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ អតីត​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Mariano Rajoy កំពុង​រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ដែល​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ គ្មាន​កីឡាករ​ជនជាតិ​បារាំង​សូ​ម្បី​ម្នាក់​។ ការ​លើក​ឡើង​នេះ បង្កើត​រលក​យក្ស​នៃ​រិះគន់​ពី​មហាជន និង​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​បារាំង និង​អេ​ស្ប៉ា​ញ​បាន​ថ្កោលទោស​ថា ការ​រើសអើង​ពូជសាសន៍​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦​។

លោក Mariano Rajoy សមាជិក​គណបក្ស​ប្រជាជន​របស់​អេ​ស្ប៉ា​ញ បាន​ធ្វើការ​អត្ថាធិប្បាយ​បែប​នេះ នៅ​ក្នុង​អត្ថបទ​មួយ​សម្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Debate មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០២៦ រវាង​ក្រុម​មាន់គក​បារាំង និង​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ នៅ​វេលា​ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​)​។ លោក Rajoy បាន​សរសេរ​កាលពី​ថ្ងៃ​ទី​១០ កក្កដា ថា «​ពួក​គេ​បាន​ឈ្នះ​រាល់​ប្រកួត​ដែល​ពួក​គេ​បាន​លេង​នៅ World Cup នេះ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​ចំណាត់ថ្នាក់​ពិភពលោក (FIFA Ranking)​។ ពួក​គេ​ក៏​មាន​ក្រុម​កីឡាករ​ដ៏​ខ្លាំងពូកែ​មួយ​ផង​ដែរ​។ ទោះ​យ៉ាងណា​ក៏​ដោយ អ្វី​ដែល​ពួក​គេ​មិន​មាន​នោះ គឺ​កីឡាករ​ជាតិ​បារាំង​»​។

ពាក់ព័ន្ធ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក Jean-Noël Barrot បាន​ប្រាប់​ទូរទស្សន៍​បារាំង BFM TV ថា ប្រទេស​បារាំង​គ្មាន​ពណ៌​សម្បុរ​ឡើយ​។ ការ​អះអាង​ណាមួយ​ដែល​ផ្ទុយ​ពី​នេះ គឺ​កើត​ចេញពី​ភាព​ល្ងង់ខ្លៅ ការ​រើសអើង​ពូជសាសន៍ ឬ​ការ​រួម​បញ្ចូល​គ្នា​នៃ​ចំណុច​ទាំង​ពីរ​នេះ​»​។

១​ថ្ងៃមុន​នេះ ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង លោក Philippe Diallo បាន​សរសេ​នៅ​លើ​បណ្តាញ​សង្គម X ដែរ​ថា «​សម្តី​លោក Rajoy អំពី​ក្រុម​ជម្រើសជាតិ​បារាំង មាន​ក្លិន​ភាយ​នៃ​ការ​រើសអើង​ពូជសាសន៍​ដែល​មិន​អាច​អត់ឱន​បាន​។ កីឡាករ​របស់​យើង​មិន​ត្រូវការ​វិញ្ញាបនបត្រ​បញ្ជាក់​សញ្ជាតិ​ពី​អតីត​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​នោះ​ទេ​។

រដ្ឋាភិបាល​សង្គមនិយម​កំពុង​តែ​កាន់​អំណាច​របស់​ប្រទេស​អេ​ស្ប៉ា​ញ ក៏​បាន​ថ្កោលទោស ចំពោះ​ការ​លើក​ឡើង​របស់​លោក Rajoy ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៨ ផង​ដែរ​។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក Pedro Sánchez បាន​យោង​លើ​ការ​អត្ថាធិប្បាយ​នោះ ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​លោក Rajoy ដោយ​បាន​សរសេរ​លើ​បណ្តាញ​សង្គម X ថា «​មាន​អ្នកខ្លះ​នៅ​តែ​វាស់វែង​ភាព​ជា​ម្ចាស់​ស្រុក​ដោយ​ផ្អែក​លើ​នាមត្រកូល ទីកន្លែង​កំណើត ឬ​ពណ៌​សម្បុរ​។ បារាំង យើង​នឹង​ជួប​អ្នក​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សូម​ឱ្យ​ក្រុម​ដែល​ល្អ​បំផុត​ជា​អ្នក​ឈ្នះ ហើយ​សូម​ឱ្យ​ការ​រើសអើង​ពូជសាសន៍​ជា​អ្នក​ចាញ់​»​។

ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អេ​ស្ប៉ា​ញ លោក José Manuel Albares បាន​ឡើង​ផង​ដែរ​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​អេ​ស្ប៉ា​ញ ចាំបាច់​ត្រូវ​តែ​បដិសេធ​មិន​ទទួលស្គាល់​ចំពោះ​ការ​លើក​ឡើង​ទាំងនោះ​។ វា​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ជម្រើសជាតិ​បារាំង​បាន​ប្រឈម​មុខ​នឹង​ការ​រើសអើង​ពូជសាសន៍ អំឡុង​ពេល​ការ​ប្រកួត World Cup ឆ្នាំ​នេះ​។

គួរ​រំលឹក​ថា កាលពី​ដើមខែ​នេះ ប្រធាន​ក្រុម​បារាំង Kylian Mbappé បាន​ថ្កោលទោស​សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី បន្ទាប់​ពី​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​ចាញ់​បារាំង​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​។ លោកស្រី Celeste Amarilla សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សេរីនិយម Liberal Radical បាន​បង្ហោះ​មតិ​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម X ដោយ​ចំអក និង​បង្អាប់​ពី​ដើម​កំណើត ការ​ចិញ្ចឹម​បីបាច់ ការ​អប់រំ និង​រូបរាង​កាយ​របស់​កីឡាករ​បារាំង​រូប​នេះ បន្ទាប់​ពី​បារាំង​ឈ្នះ​ការ​ប្រកួត​ក្នុង​លទ្ធផល ១-០ ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Mbappé៕