អន្តរជាតិ ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានបញ្ជាក់ថា គំនិតនៃការបង្កើនចំនួនក្រុមប្រកួតព្រឹត្តិការណ៍ World Cup ដល់ទៅ ៦៤ ក្រុម នឹងត្រូវយកមកពិភាក្សា បន្ទាប់ពីចប់ការប្រកួតព្រឹត្តិការណ៍ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក្លាយជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបង្កើនចំនួនក្រុមប្រកួតដល់ ៤៨ ប៉ុន្តែ FIFA ស្រាប់ចង់បានចាប់ផ្តើមពិចារណាពីការផ្លាស់ប្តូរច្រើនជាងនេះទៅទៀត បន្ទាប់ពីលោក Infantino បានបញ្ជាក់ថា FIFA នឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើនចំនួនក្រុមចូលរួមព្រឹត្តិការណ៍ World Cup ដល់ ៦៤ ក្រុម បន្ទាប់ពីការប្រកួតនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានបញ្ចប់។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស្វីស Bluewin លោក Infantino បានថ្លែងថា សំណើនេះ នឹងត្រូវយកទៅពិភាក្សានៅក្នុងស្ថាប័នប្រតិបត្តិរបស់ FIFA។ ប្រសិនបើត្រូវបានអនុម័ត នោះ World Cup នឹងពង្រីកបន្ថែមចំនួន ១៦ ក្រុមទៀត បើធៀបនឹងទម្រង់ប្រកួតបច្ចុប្បន្ន។ ប្រមុខ FIFA បានឱ្យដឹងថា «មានការផ្តល់យោបល់ឱ្យពង្រីកការប្រកួតរហូតដល់ ៦៤ ក្រុម។
ប្រធានបទនេះ នឹងត្រូវយកមកពិចារណាយ៉ាងពិតប្រាកដ បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup 2026 ហើយនឹងត្រូវយកទៅពិភាក្សាដោយស្ថាប័នគ្រប់គ្រងរបស់ FIFA»។ លោកចាត់ទុកការបង្កើនចំនួនក្រុម World Cup ពី ៣២ ដល់ ៤៨ ក្រុមថា គឺជាភាពជោគជ័យដ៏អស្ចារ្យ។
បើតាមលោក Infantino ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតលើលោកមួយនេះ មិនគួរផ្តល់ប្រយោជន៍តែបណ្តាប្រទេសមហាអំណាចបាល់ទាត់នៅអឺរ៉ុប ឬអាមេរិកខាងត្បូងនោះទេ ប៉ុន្តែក៏ត្រូវបង្កើតឱកាសសម្រាប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍវិស័យបាល់ទាត់ នៅជុំវិញពិភពលោកផងដែរ។
គំនិតនៃការបង្កើត World Cup ដែលមាន ៦៤ ក្រុមនេះ ត្រូវបានស្នើឡើងដំបូងដោយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) កាលពីឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការកកើតឡើងនៃព្រឹត្តិការណ៍ប្រកួតនេះ។ ដ្បិត World Cup ឆ្នាំ ២០៣០ ត្រូវបានបញ្ជាក់ថា នឹងរៀបចំឡើងនៅក្នុងប្រទេសចំនួន ៦ នៃទ្វីបចំនួន ៣ រួមមានប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក។
យោងតាមផែនការនេះ ប្រសិនបើត្រូវបានអនុម័តមែននោះ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣០ នឹងមានរហូតដល់ ១៦ ពូល ដោយក្នុង១ពូលមាន៤ក្រុម ហើយក្រុមឈរលេខ១ និងលេខ២ នឹងត្រូវឡើងទៅវគ្គចាញ់ធ្លាក់ (Knockout)។ ទម្រង់ថ្មីនេះក៏នឹងលុបចោលការជ្រើសរើសក្រុមលេខចំណាត់ថ្នាក់លេខ៣ល្អបំផុត ដែលត្រូវបានអនុវត្តរួចហើយនៅ World Cup ឆ្នាំ ២០២៦។
ទោះជាយ៉ាងណាក៏ដោយ ផែនការនេះ នៅតែប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំង។ តួយ៉ាងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) គឺជាអ្នកប្រឆាំងខ្លាំងជាងគេ ដោយបារម្ភថា សម្ពាធលើការរៀបចំកាលវិភាគប្រកួត និងបញ្ហាប្រឈមក្នុងការរៀបចំ នឹងមានទំហំធំខ្លាំង។ រីឯ សហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការីបៀន (CONCACAF) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ក៏ហាក់ដូចជាមិនគាំទ្រសំណើនេះដែរ៕ ប្រភព ៖ Aljazeera, Znews និងប្រភពផ្សេងទៀត



ចែករំលែកព័តមាននេះ