ប្រព័ន្ធផ្សព្វផ្សាយនានាទទួលរងការរិះគន់លើបណ្តាញសង្គមរឿង«ភេទនិយម»ដោយតម្រង់កាណុងកាមេរ៉ាថតតែស្រីស្អាតៗ អំឡុងការប្រកួតWorld Cup នៅរុស្ស៊ី ។
លោក Federico Addiechi ប្រធានជាន់ខ្ពស់ផ្នែកយេនឌ័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA និយាយថា បណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបានបញ្ជាឱ្យបញ្ឈប់ទង្វើថតតែស្រីស្អាតៗក្នុងការប្រកួតនានានៅ World Cup ២០១៨ ។

លោក Addiechi បន្តថា គណៈកម្មាធិការត្រូវតែដោះស្រាយរឿងរើសអើងភេទនៅ World Cup ។ ទន្ទឹមគ្នានេះដែរ ក្រុមប្រយុទ្ធប្រឆាំងការរើសអើងភេទ Fare Network ក៏បានលើកឡើងថា ភេទនិយមបានក្លាយជាបញ្ហាធំនៅព្រឹត្តិការណ៍ World Cup ។ អង្គការមួយនេះបានតាមដានស្ទើរតែគ្រប់ការប្រកួតទាំងអស់ហើយបានរកឃើញថាមានជាង ៣០ករណីរឿងភេទនិយម ។

គួរបញ្ជាក់ថា រូបភាពស្រីស្អាតរាប់រយសន្លឹកត្រូវបានទីភ្នាក់ងារប្រមាញ់រូប Getty Images បានចែកចាយដោយដាក់ចំណងជើងថា «The hottest fans at the World Cup» ឬ «អ្នកគាំទ្រសិចស៊ីបំផុតនៅ World Cup» ដែលរូបថតគ្រប់សន្លឹកសុទ្ធតែស្រីក្មេងៗទាំងអស់ ៕
ចែករំលែកព័តមាននេះ