ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ប្រវត្តិ​កម្សត់​របស់​ក្រុមបាល់ទាត់​ក្រូ​អាស៊ី និង​វិស័យ​កីឡា​ក្នុង​ប្រទេស​មួយ​នេះ

5 ឆ្នាំ មុន

ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​នៅ​ក្នុង​ម៉ោង​បន្ថែម​ដោយ​លទ្ធផល​ ២-១ ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zlatko Dalic ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​World Cup ដោយ​ជោគជ័យ​ក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ទី​១១ កក្កដា…

ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​នៅ​ក្នុង​ម៉ោង​បន្ថែម​ដោយ​លទ្ធផល​ ២-១ ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zlatko Dalic ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​World Cup ដោយ​ជោគជ័យ​ក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ទី​១១ កក្កដា ។

ជ័យជម្នះ​របស់​ក្រូ​អាស៊ី​ជា​រឿង​មួយ​ស្មាន​មិន​ដល់​ដោយសារ​អង់គ្លេស​គ្រាន់តែ​ចាប់ផ្ដើមភ្លាម​​រកបាន​១​គ្រាប់​កៅឆាយ​មុន​នៅ​នាទី​ទី​៥ដោយ​កីឡាករ Kieran Trippier ធ្វើ​ឱ្យ​អ្នកគាំទ្រក្រុម​​ដែល​មាន​រហស្សនាម​ថា​តោ​កំណាច​ស្រែកហ៊ោ​អបអរ​យ៉ាង​កងរំពង ។ នៅ​តង់​ទី​២​ស្ថានការណ៍​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​វាលស្មៅ​កាន់តែ​ឡើង​កម្ដៅ​ដោយសារ​ក្រុម​ដែល​មាន​រហស្សនាមថា​ក្រឡា​អុក​ចាប់ផ្ដើម​លេង​សម្រុក​ខ្លាំង​រហូតរកបាន​១​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៦៨​ដោយកីឡា​ករ ​Ivan Perisic ​និង​១​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​ទី​១០៩​ដោយ​កីឡាករ ​Mario Mandzukic​ ។

ទោះបី​យ៉ាងណា ក្រូ​អាស៊ី​មិន​ទាន់​ចប់​បេសកកម្ម​នៅឡើយ​ទេ​ព្រោះ​ត្រូវ​ត្រៀមកម្លាំង​ជា​ថ្មី​ប្រយុទ្ធ
នឹង​ក្រុម​មាន់គក​បារាំង​នៅ​ថ្ងៃ​ទី​១៥ កក្កដា ជា​ថ្ងៃ​កាត់សេចក្តី​រក​ម្ចាស់​ពាន​ជើងឯក​ប្រចាំ​ព្រឹត្តិ​ការណ៍ World Cup ២០១៨ ។ តាម​រយៈ​ជ័យជម្នះ​លើក​នេះ ធ្វើ​ឱ្យ​គេ​មើលឃើញ​កំណត់​ត្រា​ល្អ​ៗ​ជា​ច្រើន​របស់​ក្រុម​ក្រូ​អាស៊ី​ដូច​ជា​៖

-​នេះ​គឺជា​ជំហាន​ដំបូង​របស់​ក្រូ​អាស៊ី​ដែលឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ World Cup ក្នុង​ចំណោម​ការ​បង្ហាញខ្លួន​ទាំង​៥​លើក​ក្នុង​ព្រឹត្តិការណ៍​ធំ​នេះ ។

-​គិត​មក​ទល់​ពេល​នេះ ក្រូ​អាស៊ី​បាន​បំបាក់​អង់គ្លេស​៣​លើក​ហើយ ។

-​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Mario Mandzukic​ ជា​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​អង់គ្លេស​ទទួល​នៅ​នាទី​ទី​១០៨ និង​៣វិនាទី ។

-​កីឡាករ Ivan Perisic បាន​រួមចំណែករកបាន​១០​គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ​ខ្លួនក្នុង​នោះ​៦​គ្រាប់​រកបាន​ដោយ​ខ្លួនឯង និង៤​គ្រាប់​ទៀត​តាម​រយៈ​ការ​បញ្ជូន​បាល់​(Assist) ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​​ទី​គូប្រកួត​ ។

-​ក្រូ​អាស៊ី​បាន​ក្លាយជា​ក្រុមបាល់ទាត់​ដំបូង​គេ​ដែល​លេង​ក្នុង​ម៉ោង​បន្ថែម​នៅ World Cup ៣​លើក​ជាប់​ៗ​គ្នា ។

*​ក្រុមបាល់ទាត់​កម្សត់
បើ​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​នៃ​ការ​បង្កើត​ក្រុមបាល់ទាត់​ក្រូ​អាស៊ី​បានដឹង​ថា​កម្សត់​វេទនា​យ៉ាង​ណា ពោល​ក្រុមបាល់ទាត់​មួយ​នេះ​បាន​លេង​ជា​ផ្នែក​មួយ​របស់​ប្រទេស​យូ​ហ្គោ​ស្លា​វី​ហើយ​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ធ្វើ​ឡើង​មុន​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩០ ។ ៣​ឆ្នាំ​ក្រោយមក​ទើប​ក្រុម​បាល់ទាត់​ក្រូ​អាស៊ី ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA និង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ។

ចាប់តាំងពី​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ​មក ក្រូ​អាស៊ី​បាន​កត់ត្រា​រឿងរ៉ាវ​ល្អ​ៗ​ជា​ច្រើន​ដូច​ជាចំណាត់ថ្នាក់​លេខ​៣​នៅ World Cup ១៩៩៨ ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពីរ​ដង​នៅ​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប​ឆ្នាំ​១៩៩៦ និង ២០០៨ ។

ជាប់​ឈ្មោះ «Best Mover Of The Year» ទាំង​ក្នុង​ឆ្នាំ​១៩៩៤ និង​១៩៩៨ ។ ប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង​៣៦​លើក ក្រុម​ក្រូ​អាស៊ី​មិន​ទាន់​ភ្លក់​រសជាតិ​ចាញ់​សោះ​រហូត​ដល់​ឆ្នាំ​២០០៨ ចាញ់​ក្រោម​ដៃ​អង់គ្លេស ។

*​ប្រទេស​ចូល​ចិត្ត​កីឡា

ក្រូ​អាស៊ី​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប​ដែល​មាន​ផ្ទៃក្រឡា​៥៦.៥៩៤​គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​ចំនួន​៤,២៨​លាន​នាក់​ដែល​ភាគច្រើនកាន់សាសនា​គ្រិស្ត​នី​កាយ​កាតូលិក ។ បើ​និយាយពី​វិស័យ​កីឡា​ក្នុង​ប្រទេស​នេះ​វិញ​ពិតជា​មិនធម្មតា​ឡើយ ។ ជាក់ស្ដែង​ច្រើន​ជាង ៤០០.០០០ នាក់​ជា​អត្ត​ព​លិ​ក ហើយ​២៧៧.០០០​នាក់​ផ្សេង​ទៀត​គឺជា​សមាជិក​នៃ​សមាគម​កីឡា និង​ជិត ៤.០០០​នាក់​ទៀត​ជា​សមាជិកសមាគម​កីឡា​អុក ។

សហព័ន្ធ​បាល់ទាត់​ក្រូ​អាស៊ី​ហៅ​កាត់​ថា «CFF» បច្ចុប្បន្ន​មាន​កីឡាករ​អាជីព​ចុះ​ឈ្មោះ​លេង​ចំនួន​១១៨.០០០​នាក់​ និង​ត្រូវ​ចាត់ទុកជា​សហព័ន្ធ​កីឡា​ធំ​ជាងគេ​ក្នុង​ប្រទេស ។ ក្របខ័ណ្ឌ​ក្រូ​អាស៊ី​ប្រឺ​មី​ញេ​លី​គ Prva HNL​បាន​ស្រូប​ទាញ​ទស្សនិកជន​ច្រើន​ជាងគេ​ក្នុង​ចំណោម​លី​គ​អាជីព​ផ្សេង​ទៀត ជាក់ស្តែង​កាលពី​រដូវ​កាល​ ២០១០-១០១១​ មាន​អ្នក​ទស្សនា​ជាង​៤​សែន​នាក់​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ