ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​នឹង​ស្រូប​កម្លាំង​ពលកម្ម​2​លាន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ទន្ទឹម​នឹង​កំណើន​ទេសចរ​អន្តរជាតិ​ចូល​មក​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ វិស័យ​នេះ​នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​ដោយ​ផ្ទាល់​២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខាង​មុខ​នេះ ។ លោក ប៉ាក សុខុម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ទន្ទឹម​នឹង​កំណើន​ទេសចរ​អន្តរជាតិ​ចូល​មក​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ វិស័យ​នេះ​នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​ដោយ​ផ្ទាល់​២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខាង​មុខ​នេះ ។

លោក ប៉ាក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ក្នុង​វិស័យ​នេះ នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ថា វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ ស្មើនឹង​១២,៣%​នៃ​ការងារ​សរុប ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​ជិត​១​លាន​នាក់​, ឆ្នាំ​២០២៥ ជិត​១,២​លាន​នាក់ និង​ឆ្នាំ​២០៣០ បាន​ចំនួន​២​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​ទៀត ។

លោក​បន្ត​ថា ៖« ការ​ចូលរួម​ចែករំលែក​ចំណេះ​របស់​គ្រូ​បង្គោល​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​អភិវឌ្ឍន៍​អាជីព​ក្នុង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​ប្រកួតប្រជែង​ការងារ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ » ។

លោក​បន្ថែម​ថា គ្រូ​បង្គោល​ទាំងនេះ ជា​គ្រូ​បង្គោល​ដែល​នឹង​ចូលរួម​បណ្តុះបណ្តាល រួម​មាន ម្ចាស់​អាជីវកម្ម ថ្នាក់​គ្រប់គ្រង​ក្នុង​មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​គរុកោសល្យ​, ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស​​ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ អ្នកជំនាញ​ទេសចរណ៍ តាម​រយៈ​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​ក្លិប​គ្រូ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ (Tourism Trainers Club) ។

លោក​បន្ថែម​ទៀត​ថា មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើ​ដំណើរ អាច​ទំនាក់ទំនង​គ្រូ​ចល័ត​ខាងលើ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​សម្រប​សម្រួលការ​បណ្តុះបណ្តាល​ជំនាញ​អាស៊ាន ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ។

លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដា និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួងទេសចរណ៍​បាន​ដាក់ចុះ ជា​ពិសេស បាន​គិតគូរ​ដល់​ការ​ពង្រឹង និង​ទទួលស្គាល់​ជំនាញ​របស់​អ្នក​កំពុង​បម្រើ​ការងារ​សេវាកម្ម​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ទេសចរណ៍ តាម​រយៈ​ការ​បណ្តុះបណ្តាល និង​វាយតម្លៃ​សមត្ថភាព​ជាក់ស្តែង ដោយ​សកម្មភាព​នេះ​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចុះ រួម​មាន នៅ​ឆ្នាំ​២០២០ ទេស​ចរណ៍​​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ការងារ ដោយ​ធ្វើការ​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នក​ជំនាញ​ទេសចរណ៍​កម្ពុជា​បាន​ចំនួន​៥០% ហើយ​នៅ​ឆ្នាំ​២០២៥ ទេសចរណ៍​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ការងារ ដោយ​ធ្វើការ​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេស​ចរណ៍​​កម្ពុជា​បាន​ចំនួន​១០០% ដោយ​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញមួយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ