ខេត្តស្ទឹងត្រែង ៖ តាមរបាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកសៀមប៉ាង ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មីនា ២០១៣ នេះថា មានប្រជាជនខ្មែរម្នាក់ត្រូវទាហានការពារព្រំដែនឡាវចាប់ខ្លួន ខណៈកំពុងឆ្លងដែនចូលទៅកាន់ដីឡាវ ។ រីឯប្រជាជនឡាវម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ ចាប់ខ្លួន បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធក្នុងការជួញដូរថ្នាំញៀន ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ ស្រុកសៀមប៉ាង ឱ្យដឹងថា ប្រជាជនខ្មែរម្នាក់ដែលត្រូវទាហានការពារព្រំដែនឡាវចាប់ខ្លួនឈ្មោះធឹន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ត្រូវទាហានការពារព្រំដែនឡាវចាប់ខ្លួននៅរសៀលថ្ងៃទី១៦ មីនា២០១៣ ស្ថិតក្នុងចន្លោះបង្គោលសីមាលេខ៦៤ និង៦៥ ក្នុងភូមិសាស្ត្រខាងលើ ។ បច្ចុប្បន្នកំពុងជាប់ឃុំនៅប៉ុស្តិ៍ទាហានការពារព្រំដែនឡាវ ។
ចំណែកបុរសជនជាតិឡាវម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ ធ្វើការចាប់ខ្លួន បន្ទាប់ពីតាមដាន និងស៊ើបអង្កេតឃើញមានជាប់ពាក់ព័ន្ធក្នុងជួញដូរគ្រឿងញៀន ។ មន្ត្រីនគរបាលស្រុកសៀមប៉ាង ឱ្យដឹងថា ជនជាតិឡាវដែលកម្លាំងនគរបាលឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ មីនា ២០១៣ មានឈ្មោះថៅ ស៊ុត អាយុ៤៥ឆ្នាំ ទើបតែមកយកប្រពន្ធខ្មែររស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង បានជិត១០ថ្ងៃប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ