ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ក្រុម​យុវជន​ឆ្លងខេត្ត៧​នាក់ សំងំ​ជួបជុំ​គ្នា​ប្រើប្រាស់​គ្រឿ.ងញៀ.ន​ក្នុង​រី​សត​មួយនៅ​ក្រុង​សែន​មនោ​រម្យ

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​បើក​ប្រតិបត្តិការ​ឡោម​ព័ទ្ធ និង​បង្ក្រាប​សំបុក​លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ (​ស្រី​៣​នាក់​) កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​រី​សត​ហៃ​ឡេ​ន (Highland Resort) ក្នុងភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ ។ ក្រុម​ជនសង្ស័យ​ទាំងនេះ ត្រូវ​បានដឹង​ថា ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​-​រាជធានី​ផ្សេង​ៗ​គ្នា​មក​ជួបជុំ​គ្នា​នៅ​ទីនោះ​។

លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ជា ចិ​ត្រា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ។

នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​កើតហេតុ កម្លាំង​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​ខុសច្បាប់ រួម​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន (Ketamine) ចំនួន ១​កញ្ចប់​តូច ។​រថយន្ត ១​គ្រឿង និង​ទូរ​សព្ទ​ដៃ ៦​គ្រឿង​។ កុំព្យូទ័រ​យួរដៃ ១​គ្រឿង និង​បាស JBL ១​គ្រឿង​។​ ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជួបជុំ (​អំ​ពូ​ល​ភ្លើង​វិល ៣​គ្រឿង​, ក្តារ​ដាក់​តែ ១, បារី​អេ​ឡិច​ត្រូ​និក ២​គ្រឿង​) ព្រមទាំង​ចិញ្ចៀន​លោហៈធាតុ​ពណ៌​លឿង​៣​វង់​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​នេះ មិនមែន​ជា​អ្នកស្រុក​ក្នុង​តំបន់​នោះ​ទេ ពោល​គឺ​ពួក​គេ​បាន​ណាត់គ្នា​ធ្វើ​ដំណើរ​មក​លេង​ខេត្តមណ្ឌលគិរី ដោយ​ខ្លះ​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ព្រះ​វិហារ កណ្តាល និង​ខេត្តសៀមរាប​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕