ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វាគមន៍​ដាក់​ដំណើរការ​ក្រុម​មិត្ត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានៅ​UN

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​ឱ្យ​ដំណើរការ​ក្រុម​មិត្ត​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​អង្ក​ការ​សហប្រជាជាតិ​ ។​ នេះ​បើ​តាម​តំណាង​អ​ន្ត្រិ​យ៍​កម្ពុជា​ប្រចាំ​នៅ​UN​ ។

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត​/​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហ ប្រជា ជាតិ (​អ​.​ស​.​ប​.) បាន​ចូលរួម​ពិធី​ដាក់​ឱ្យ​ដំណើរការ​ក្រុម​មិត្ត​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Group of Friends for Combating Technology-Facilitated Trafficking in Persons ) ដែល​ផ្តូ​ច​ផ្តើម​ដោយ​សាធារណរដ្ឋ​កូរ៉េ នៅ​ទី​ស្នាក់ការ​កណ្តាល​អ​.​ស​.​ប​. នៅ​ទីក្រុង​ញូ​វ​យ៉​ក​ ។

ក្នុង​សេចក្តីថ្លែងការណ៍ ឯកអគ្គរាជទូតបាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ក្រុម​មិត្ត​នេះថា ​ជា​គំនិត​ផ្តួចផ្តើម​ទាន់​ពេលវេលា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ​ ដើម្បី​ដោះស្រាយ​ការ​ប្រើប្រាស់​ខុស​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​ដោយ​ក្រុម​ជនល្មើស​សម្រាប់​ការ​ជួញដូរ​មនុស្ស​ ។

តំណាង​អចិន្ត្រៃយ៍​បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ទាំងនេះ រួម​ទាំងតាមរយៈ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កាលពីដើមឆ្នាំ​២០២៦ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ក្របខណ្ឌ និង​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ ។

ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​ចំនួន​២៤​ផ្សេង​ទៀត​ ក្នុង​ការ​បង្កើត​ក្រុម​មិត្ត​នេះ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចសហការ​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​៕