ទីក្រុងវៀងចន្ទន៍៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី១២ ខែមិថុនានេះ អាជ្ញាធរឡាវបានបើកប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងក្តៅគគុកនៅតាមបណ្តាខេត្តនិងរដ្ឋធានីធំៗ ដោយនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ១៩ នាក់ ដែលបានប្រើប្រាស់ល្បិចឡាយវីដេអូលើហ្វេសប៊ុកលក់ឆ្នោតកោសក្លែងក្លាយ និងបង្កើតទំព័រហ្វេសប៊ុកលក់ទំនិញបោកប្រាស់ ដោយបង្ខំឱ្យជនរងគ្រោះវេរលុយថ្លៃសេវា ឬថ្លៃទំនិញឱ្យមុន រួចក៏កាត់ផ្តាច់ការទាក់ទងស៊ីដាច់លុយតែម្តង ខណៈក្រុមនេះដំណើរការក្រោមការបញ្ជារបស់មេខ្លោងជនជាតិចិន។
ទន្ទឹមនឹងនោះ ប៉ូលិសក៏បានពង្រីកការបង្ក្រាបទៅខេត្តសៈវណ្ណខេត ដោយបានឆ្មក់ចូលទីតាំងចំនួន ២ កន្លែង និងឃាត់ខ្លួនមនុស្សបានចំនួន ៩៤ នាក់ មកពី ៧ សញ្ជាតិផ្សេងៗគ្នា ក្នុងនោះមានជនជាតិចិន ៧២ នាក់ និងមានជនជាតិខ្មែរម្នាក់ផងដែរ ព្រមទាំងបានបន្តបង្ក្រាបទីតាំងឆបោកមួយកន្លែងទៀតនៅខេត្តចំប៉ាសាក់ ដោយចាប់ខ្លួនមនុស្សចំនួន ៥០ នាក់បន្ថែមទៀត។
នៅក្នុងប្រតិបត្តិការសហការគ្នាដ៏ធំនេះ សមត្ថកិច្ចឡាវរឹបអូសបានឧបករណ៍សម្ភារៈបច្ចេកវិទ្យា រួមមានកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនសន្ធឹកសន្ធាប់ ហើយបច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងត្រូវឃុំខ្លួនដើម្បីបន្តការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត៕
ចែករំលែកព័តមាននេះ