ទីក្រុងហាណូយ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នគរបាលវៀតណាមបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងសិស្សថ្នាក់ទី១០ អាយុ ១៦ឆ្នាំ ម្នាក់ នៅក្នុងខេត្តញ៉ែអាន ពីបទលួចចូលប្រព័ន្ធបច្ចេកវិទ្យាដោយខុសច្បាប់ បន្ទាប់ពីរូបគេបានរកឃើញចន្លោះប្រហោងសន្តិសុខ រួចលុកលុយចូលប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំងជាតិរបស់ក្រសួងសុខាភិបាល។
យុវជនរូបនេះមិនដែលបានរៀនផ្នែកព័ត៌មានវិទ្យាពីសាលានោះឡើយ ពោលគឺរូបគេបានស្វ័យសិក្សាយល់យល់ពីការសរសេរកូដតាមអនឡាញ រហូតបង្កើតកម្មវិធីផ្ទាល់ខ្លួនដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋប្រមាណ ២០ លាននាក់ ទៅផ្សព្វផ្សាយលក់ក្នុងក្រុមសម្ងាត់អនាមិក ដោយរកប្រាក់ចំណេញបានប្រហែលជិត៤ពាន់ដុល្លារអាម៉េរិក។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន និងកំពុងបន្តការស៊ើបអង្កេតលើករណីនេះយ៉ាងតឹងរ៉ឹង៕
ចែករំលែកព័តមាននេះ