ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ក្ដៅ​ស្លឹក​ត្រចៀក​នឹង​អាមេរិក​លក់​អា.វុ.ធ​តម្លៃ​ជិត​៣​រយ​លាន​ដុល្លារ​ឱ្យ​កូរ៉េ​ខាង​ត្បូង​

2 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​ប្រកាស​ថ្កោល​ទោស​អាមេរិក​យ៉ាង​ចាស់​ដៃ​ដោយ​សារ​ការ​លក់​មីស៊ីល​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ឱ្យ​កូរ៉េ​ខាង​ត្បូង​។ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ប្រកាស​ថ្កោល​ទោស​អាមេរិក​ដែល​អនុ​ម័ត​លក់​មីស៊ីល​ដ៏​ទំនើប​បាញ់​ពី​អាកាស​ទៅ​អាកាស​ និង​គ្រឿង​បរិក្ខារ​យោធា​ជា​ច្រើន​ប្រភេទ​ទៀត​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​។ ទី​ក្រុង​ព្យុង​យ៉ាង​ព្រមាន​ថាភាព​តាន​តឹងដែល​មាន​ស្រាប់​​នៅ​ឧប​ទ្វីប​កូរ៉េ​​នឹង​​រឹត​តែតាន​តឹង​បន្ថែម​ទៀត​​​ដោយ​សារ​ទង្វើ​​របស់​អាមេរិក​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA)។

អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​កិច្ច​ការ​បរទេស​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​កំពុង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​ជា​មួយ​គ្នា​ជា​ខ្សែ​សង្វាក់​ទោះ​បី​សហ​គមន៍​អន្តរ​ជាតិ​ព្រួយ​បារម្ភ​អំពី​ការ​ឡើង​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​ និង​ទី​តាំង​ភូមិ​សាស្ត្រ​ជុំ​វិញ​នោះ​យ៉ាង​ណា​ក្ដី​។ មន្ត្រី​កូរ៉េ​ខាង​ជើង​ខាង​លើ​​នេះ​បាន​និយាយ​យោង​ទៅ​លើ​​ករណី​ដែល​ក្រសួង​ការ​បរទេស​អាមេរិក​អនុ​ម័ត​លក់​មីស៊ីល និង​គ្រឿង​បរិក្ខារ​ដទៃ​ទៀត​ទៅ​ឱ្យ​កូរ៉េ​ត្បូង​​​នៅ​ក្នុង​តម្លៃ​២៩២​​លាន​ដុល្លារ​ធ្វើ​ជា​ឧទាហរណ៍​។

មន្ត្រី​ដដែល​នេះ​សរ​សេរ​រៀបរាប់​បន្ត​ទៀត​ថា​ការ​នាំ​ចេញ​អាវុធ​របស់​អាមេរិក​ប្រៀប​បាន​នឹង​ការ​នាំ​ចេញ​សង្គ្រាម​យ៉ាង​ដូច្នោះ​ដែរ​។ កូរ៉េ​ខាង​ជើងថា​ខ្លួន​​នឹង​បន្ត​ពង្រឹង​សមត្ថ​ភាព​ទប់​ទល់​របស់​ខ្លួន​ដើម្បី​ថែ​រក្សា​តុល្យ​ភាព​អំណាច​នៅ​ក្នុង​តំបន់​។ តាម​ពិត​ ការ​រិះ​គន់​លើក​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​។ របប​ក្រុង​ព្យុង​យ៉ាង​តែង​តែ​រិះ​គន់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ដោយ​ចាត់​ទុកថា​ប្រទេស​ទាំង​២​ត្រៀម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ខ្លួន​។ ប៉ុន្តែ​របប​នេះ​ភ្លេច​​គិត​ថា​ខ្លួន​ក៏​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​រុស្ស៊ី​ផង​ដែរ​។ ​សង្គ្រាម​អ៊ុយ​ក្រែន​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ខ្លួន​សោះ​ក៏​ខ្លួន​បញ្ជូន​កង​ទ័ព និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​ឱ្យ​រុស្ស៊ី​ដែរ​។ បែប​នេះ​គេ​ហៅ​ថា​មនុស្ស​មើល​ឃើញ​តែ​កំហុស​អ្នក​ដទៃ​។

គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​នោះ​មាន​មីស៊ីល​ម៉ាក 70 AIM-120C-8 AMRAAM សម្រាប់ពង្រឹង​សមត្ថ​ភាព​កា​រពារ​ខ្លួន​របស់​កូរ៉េ​ខាង​ត្បូង​។​ ក្រៅ​ពី​នេះ មានមីស៊ីល​ AIM-120C-8​​​ សម្រាប់​បាញ់​ពី​អាកាស​ទៅ​អាកាស​ដូច​គ្នា។ មីស៊ីល​នេះ​ផលិត​ឡើង​សម្រាប់​ផ្សំ​ជា​មួយ​ប្រភេទ​យន្ត​ហោះ​ប្រដេញ​ដ៏​ទំនើប​ម៉ាក​ F-35។ មីស៊ីល​ទាំង​នេះ​មាន​វង់​ប្រតិ​បត្តិ​ការ​លើស​ពី​កម្រិត​ធម្ម​តា​ ហើយអាច​រត់​លឿន​ជាង​សំឡេង​រហូត​ដល់​៤​ដង​ មាន​ប្រព័ន្ធ​រ៉ា​ដា​សម្រាប់​នាំ​ផ្លូវ​។ ​ក្រៅពី​នេះ ក៏​មាន​មីស៊ីល​ F3R ដែល​បំពេញ​មុខ​ងារ​ដោយ​ឯក​រាជ្យ​ ហើយ​អាច​អនុញ្ញាត​ឱ្យ​អាកាស​យានិក​បាញ់​ចេញ​ពី​យន្ត​ហោះ​ ហើយ​បណ្ដោយ​ឱ្យ​រត់​ទៅ​តាម​ផ្លូវ​របស់​វា៕ ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​