សហរដ្ឋអាមេរិក ៖ កសិករដាំដុះសណ្តែកសៀងនៅសហរដ្ឋអាមេរិកអាចនឹងរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធ២៥% លើផលិតផលចិនប្រមាណ៣៤ប៊ីលានដុល្លារ រួមមាន គ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ។
ប្រទេសចិននិយាយថា សណ្តែកសៀងនឹងស្ថិតក្នុងចំណោមផលិតផលរបស់អាមេរិក ដែលពួកគេនឹងដាក់ពន្ធឆ្លើយតបវិញ បន្ទាប់ពីអាមេរិកបានអនុម័តពន្ធរបស់ខ្លួន ។
រដ្ឋ Illinois គឺជារដ្ឋផលិតសណ្តែកសៀងធំជាងគេនៅសហរដ្ឋអាមេរិក ។ រដ្ឋនេះមានកសិករប្រមាណ៤ម៉ឺន៣ពាន់នាក់ដែលដាំដុះសណ្តែកសៀង ។ កសិករទាំងនេះនិយាយថា សណ្តែកសៀងមិនចំណាយច្រើនក្នុងការដាំដុះទេ ហើយវាមានតម្រូវការខ្ពស់ពីបរទេសទៀតផង ។
ទោះជាយ៉ាងណា ការដាក់ពន្ធពីប្រទេសចិនអាចនឹងប៉ះពាល់ដល់តម្លៃសណ្តែកសៀង ដែលបានចាប់ផ្តើមធ្លាក់ចុះតាំងពីខែឧសភាមក ។ សមាគមសណ្តែកសៀងអាមេរិកបានជំរុញដល់កសិករឲ្យនិយាយនៅលើបណ្តាញសង្គម ដោយសង្ឃឹមថា ពន្ធនេះអាចនឹងលុបបំបាត់វិញក្នុងរយៈពេលខ្លី ។
លើសពីនេះ រាល់ផលប៉ះពាល់សេដ្ឋកិច្ចអាចបង្កជាផលលំបាកដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ ព្រោះសណ្តែកសៀងភាគច្រើនបានដាំដុះក្នុងរដ្ឋដែលបោះឆ្នោតគាំទ្រលោក កាលពីឆ្នាំ២០១៦ ។
រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ជឿជាក់ថា ពន្ធនេះពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើឲ្យប្រទេសចិនទទួលខុសត្រូវការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌របស់ពួកគេជាមួយសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មអាមេរិកជាមួយប្រទេសចិន បានកើនឡើងដល់ចំនួន៣៧៥,២ប៊ីលានដុល្លារកាលពីឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ