ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

KOICA​បង្កើត​ផែនការមេ​លើកកម្ពស់​សាលា​ជាតិ​កសិកម្ម​កំពង់ចាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ដែល​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល បាន​បើក​ការ​បណ្ដុះបណ្ដាល​តាំងពី​ឆ្នាំ​១៩៩៥​មក ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ហៅ​កាត់​ថា KOICA បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ដែល​ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល បាន​បើក​ការ​បណ្ដុះបណ្ដាល​តាំងពី​ឆ្នាំ​១៩៩៥​មក ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ហៅ​កាត់​ថា KOICA បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ប្រមូលផ្ដុំ​គំនិត និង​អនុសាសន៍​នានា​បង្កើត​ផែនការមេ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អប់រំ​ដែល​មាន​ស្រាប់ និង​ដើម្បី​អភិវឌ្ឍន៍​សាលា​នេះ​ឲ្យ​ក្លាយជា​គ្រឹះស្ថានឧត្តមសិក្សា​មួយ​ដែល​មាន​សមត្ថភាព និង​មានការ​ទទួលស្គាល់​នៅ​ក្នុង​តំបន់ និង​ជាស​កល ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​KOICA ។

លោក ចុង យ៉ុ​ន​ហ្គិ​ល (Jeong Yun Gil) នាយក​ទីភ្នាក់ងារ​KOICA​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ផែនការ​មេនេះ មិន​ត្រឹមតែ​ជា​ឯកសារ​គោលនយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ឧបសគ្គ​ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ផែនទី​ចង្អុល​បង្ហាញផ្លូវ​ចំពោះ​សាលា​ជាតិ​កសិកម្ម​មួយ​នេះ ដើម្បី​ដឹង​ពី​គោលដៅ​ដែល​សាលា​គួរតែ​បន្ដដំណើរ​ទៅ​មុខ​នៅ​ថ្ងៃ​អនាគត ។

ថ្លែង​បន្ទាប់​ពី​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​បូក​សរុប​លទ្ធផល​របាយការណ៍​ពាក់កណ្ដាល​ដំណើរការ​នៃ​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា លោក ចុង យ៉ុ​ន​ហ្គិ​ល បាន​បញ្ជាក់​ថា ៖« កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​KOICA​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា ហើយ​សាលា​ជាតិ​កសិកម្ម​កំពង់ចាម គឺជា​គោលដៅ​នៃ​ក្រុម​អ្នក​ទទួលផល​របស់​គម្រោង​នេះ ។ ដូច្នេះ​ហើយ​បានជា​យើង​កំពុង​រៀបចំ​ផែនការមេ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​សាលា​ជាតិ​មួយ​នេះ​»​។ យ៉ាងណា​ក្ដី ដើម្បី​ឲ្យ​ផែនការ​មេនេះ​ដំណើរការ ត្រូវ​តែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ។

លោក​ថ្លែង​ថា ៖« ការ​រៀបចំ​ផែនការ វា​គ្រាន់តែ​ជា​ឯកសារ និង​គោលនយោបាយ​តម្រង់​ទិស​ទេ អីចឹង ដើម្បី​ឲ្យ​ផែនការ​នេះ​ដំណើរការ លុះត្រាតែ​មាន​ឆន្ទៈ ឬ​ក៏​ការ​ប្ដេជ្ញា​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​KOICA​នឹង​ពិចារណា​បន្ដ​ការ​គាំទ្រ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​មានការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​អនុត្ត​ផែនការ​មេនេះ » ។ ស្ថិត​ក្រោម​គម្រោង​លើកកម្ពស់​គុណភាព និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​នេះ បច្ចុប្បន្ន មន្ត្រី​របស់​សាលា​ចំនួន​៥​រូប​កំពុង​តែ​បន្ដ​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ ហើយ​ពួក​គេ​នឹង​ត្រឡប់​មក​វិញ​នៅ​ចុងឆ្នាំ​២០១៨​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​ផែនការមេ ក៏​ដូច​ជា​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចសហការ​រវាង​អ្នក​ជំនាញការ​កូរ៉េ និង​កម្ពុជា ។

លោក ឱម គឹ​ម​ស្រ៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា ៖« សាលា​ជាតិ​កសិកម្ម​កំពង់ចាម​មាន​បង្រៀន​ជំនាញ​ឯកទេស​ចំនួន​៥​រួម​មាន វិទ្យាសាស្ត្រ​កសិកម្ម​, វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​សត្វ​, វិទ្យា​សាល​ជលផល​, វិទ្យាសាស្ត្រ​ដំណាំ​កៅស៊ូ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ » ។ លោក​បន្ដ​ថា ៖« ដោយសារ​តែ​សាលា ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ យើង​ឃើញ​ថា បាន​ជួប​ការ​លំបាក ខ្វះ​មុខ ខ្វះ​ក្រោយ​ដូច​ជា ខ្វះ​ធនធានមនុស្ស​, ថវិកា​, សម្ភារ​សិក្សា និង​ពិសោធន៍​ស្រាវជ្រាវ​, ការ​ចូលរួម​គាំទ្រ​ពី​បណ្ដា​អង្គភាព​ពាក់ព័ន្ធ និង​អ្នកជំនាញ​សំខាន់​ៗ​ក្នុង​វិស័យ​កសិកម្ម ដែល​ជា​បញ្ហា​ដ៏​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។ ដោយ​មើលឃើញ​បែប​នេះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ ដែល​មាន​ទីភ្នាក់ងារ KOICA ជា​ដៃគូ​អភិវឌ្ឍន៍​មិន​អាច​ខ្វះ​បាន » ។

លោក​បន្ថែម​ថា ៖« ទីភ្នាក់ងារ​KOICA បាន​ជួយ​ឧបត្ថម្ភ​នូវ​ស្មារតី​, សម្ភារ និង​ថវិកា​ដើម្បី​បង្កើត​បានជា​គម្រោង​លើកកម្ពស់​គុណភាព​អប់រំ និង​នវានុវត្តន៍​សាលា​ជាតិ​កសិកម្ម​កំពង់ចាម​នេះ ហើយ​កំពុង​រៀបចំ​ផែនការមេ​រយៈពេល​មធ្យម និង​វែង ដើម្បី​តម្រង់​ទិស និង​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​លក្ខណៈ​វិទ្យាសាស្ត្រ និង​សរសេរ​សៀវភៅ​ថ្មី ដែល​សម​សម្រប​ទៅ​នឹង​បរិបទ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​នេះ ហើយ​ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការ​បណ្ដុះបណ្ដាល​ចេញពី​សាលា​ជាតិ​កសិកម្ម​របស់​យើង​ទាំងអស់​មាន​លក្ខណៈ​ស្ដង់ដា​មួយ ដែល​សព្វ​ថ្ងៃនេះ យើង​កំពុង​តែ​ធ្វើ​សមាហរណកម្ម​ជាមួយ​អាស៊ាន សមាហរណកម្ម​ក្នុង​តំបន់ ក៏​ដូច​ជា​ពិភពលោក » ។ យោង​តាម​លោក សួន សេរី នាយក​សាលា​ជាតិ​កសិកម្ម​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ សាលា​ជាតិ​កសិកម្ម​កំពង់ចាម​មាន​បញ្ហា​ប្រឈម​ខ្លាំង​ជាងគេ គឺ​ធនធានមនុស្ស​នៅ​មាន​កម្រិត ហើយ​ចំនួន​ដែល​មាន​នេះ ក៏​នៅ​មិន​ទាន់​សម​ស្រប​ទៅ​នឹង​តម្រូវការ​នៃ​ការ​បណ្ដុះបណ្ដាល ។ ដូច្នេះ​ហើយ​បានជា​រយៈពេល​២​ឆ្នាំ​នេះ សាលា​បាន​បញ្ជូន​មន្ត្រី​៥​នាក់​ឲ្យ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​កូរ៉េ ដោយ​មានការ​គាំទ្រ​ពី​គម្រោង​របស់ KOICA ។

លោកនាយក​ថ្លែង​ថា ៖« បច្ចុប្បន្ន​នេះ សាលា​មាន​និស្សិត​ចំនួន​៦៣៨​នាក់​កំពុង​សិក្សា​លើ​មុខ​ជំនាញ​ចំនួន​៥ ហើយ​ក្នុង​ចំណោម​មុខ​ជំនាញ​ទាំង​៥​នេះ អ្វី​ដែល​ថ្មី​ជាងគេ គឺ​គោលការណ៍​គ្រឹះ​ចលនា​ភូមិ​ថ្មី ដែល​ជា​សៀវភៅ​មួយ​បណ្ដុះ​ឆន្ទៈ បណ្ដុះ​មនសិការ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មានគំនិត​ក្នុង​ការ​អភិវឌ្ឍ​នៅ​ជនបទ ដែល​ប្រទេស​កូរ៉េ​បាន​អនុវត្ត​ទទួល​ជោគជ័យ​កន្លង​មក ហើយ​យើង​ចង់​យក​ទស្សនៈ​នៅ​ក្នុង​គោលការណ៍​នេះ​មួយ​ចំនួន​ដែល​សម​ស្រប​នឹង​លក្ខខណ្ឌ​ក្នុង​ប្រទេស​យើង យក​មក​បណ្ដុះ​មនសិការ​ដល់​យុវជន​ដែល​រៀន​វិស័យ​កសិកម្ម​ឲ្យ​បាន​យល់ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​នៅ​ជនបទ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ