ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ធ្វើ​សំណង់​នៅ​ថៃ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​បាន​អះអាង​ថា ក្រុម​កម្មករ​ទៅ​ធ្វើការ​ផ្នែក​សំណង់​នៅ​ប្រទេស​ថៃ គឺ​ប្រឈម​ជាមួយ​បញ្ហា​គ្រោះថ្នាក់​ខ្លាំង​បំផុត ដោយសា​តែ​មេការ ឬ​អ្នកម៉ៅការ​សំណង់​នោះ​តម្រូវ​ឲ្យ​ធ្វើការ​ងារ​ណា​ដែល​លំបាក​ៗ និង​ប្រថុយប្រថាន​ជាមួយ​គ្រោះថ្នាក់ ។ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​បាន​អះអាង​ថា ក្រុម​កម្មករ​ទៅ​ធ្វើការ​ផ្នែក​សំណង់​នៅ​ប្រទេស​ថៃ គឺ​ប្រឈម​ជាមួយ​បញ្ហា​គ្រោះថ្នាក់​ខ្លាំង​បំផុត ដោយសា​តែ​មេការ ឬ​អ្នកម៉ៅការ​សំណង់​នោះ​តម្រូវ​ឲ្យ​ធ្វើការ​ងារ​ណា​ដែល​លំបាក​ៗ និង​ប្រថុយប្រថាន​ជាមួយ​គ្រោះថ្នាក់ ។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប ផ្ទាល់​ជាមួយ​កម្មករ​សំណង់​មួយ​ក្រុម​ដែល​ជា​ជនជាតិ​ខ្មែរ ក្នុង​ពេល​សម្រាក​ពី​ការងារ​សំណង់ កំពុង​អង្គុយ​ផ្ទាល់​ដី ហូប​បាយ​ជុំ​គ្នា​នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ដែល​កំពុង​សាងសង់​បាន​ប្រមាណ​៩០% របស់​អគារ​ព្រះ​រាម​ចិត្រ ឬ​ក្បែរ​ផ្សារ​ទំនើប​ប៊ិ​ច​ស៊ី ចំ​កណ្តាល​ទីក្រុង​បាងកក​តែ​ម្តង ដោយ​មាន​ទឹកមុខ​ក្រៀមក្រំ​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំង​ណាស់ ។ នៅ​ពេល​ភ្នាក់ងារ​កោះសន្តិភាព​ចូល​ទៅ​ជួប​ក្នុង​ន័យ​សួរនាំ​សំណេះសំណាល និង​សួរសុខទុក្ខ​ធម្មតា ពួក​គាត់​បាន​នាំ​គ្នា​ផ្អាក​ហូប​បាយ និង​ក្រោកឈរ​រៀបរាប់​ដោយ​មិន​ទាន់​ទាំង​សួរ​ផង​នោះ ។

កម្មករ​ម្នាក់​ឈ្មោះ ដា​វី បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​លំបាក​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​ការដ្ឋាន​សំណង់​ណា​ដែល​មានការ​លំបាក ដូច​ជា ពេល​សំណង់​បុក​គ្រឹះ ឬ​ការដ្ឋាន​ហាលថ្ងៃ និង​ការងារ​ឡើង​ខ្ពស់​ៗ ឬ​ប្រថុយ​ជាមួយ​គ្រោះថ្នាក់​ជាដើម គឺ​មេការ​ឲ្យ​កម្មករ​ខ្មែរ​ធ្វើ​តែ​ម្តង ដល់​ពេល​សាងសង់​បាន​ខ្ពស់ និង​មាន​ម្លប់​ស្រួល ហើយ​គេ​ដេញ​កម្មករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើ​សំណង់​មួយទៀត ដើម្បី​ដាក់​កម្មករ​ថៃ​ចូល​ជំនួស​វិញ ដែល​ការងារ​បែប​នេះ មាន​ជាក់ស្តែង​ស្ទើរ​គ្រប់កន្លែង​តែ​ម្តង ។

ជាក់ស្តែង​ក្នុង​ពេល​នេះ មេការ​សំណង់​បាន​ឲ្យ​ពួក​គាត់​ជា​កម្មករ ឡើង​លាបថ្នាំ ជូត​កញ្ចក់ និង​សម្អាត​ជញ្ជាំង​អគារ​ផ្នែក​ខាងក្រៅ​ដែល​មានកំ​ពស់​ប្រមាណ​២០​ជាន់ ដោយ​គ្រាន់តែ​ចងខ្សែ​រ៉ូ​ត​ជាប់​ចង្កេះ គឺ​មិន​មាន​កន្ត្រក​យោង​នោះ​ទេ ទម្លាក់​ខ្លួន ដើម្បី​លាប ជូត និង​សំអាត​តាំងពី​ជាន់​លើ​ដល់​ក្រោម ហើយ​នៅ​ពេលធ្វើការ​ងារ​ណា​ដែល​លំបាក​ៗ​រួច ត្រូវ​មេការ​ថៃ​ឲ្យ​ទៅ​ធ្វើ​សំណង់​នៅ​ទីតាំង​មួយ​ផ្សេង​ទៀត ។ ចំណែក​កម្មករ​ថៃ ពួក​គេ​ធ្វើការ​ណា​ដែល​ស្រួល​ៗ​ទេ ដូច​ជា​រៀប​ការ៉ូ ប៊ៀ​ក​ឬ​បូកជញ្ជាំង​ផ្នែក​ខាងក្នុង​អគារ ឬ​ការងារ​ក្នុង​ម្លប់​តែ​ប៉ុណ្ណោះ ។

ក្រុម​កម្មករ​ទាំងនោះ​បាន​រៀប​រាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ទៀត​ថា ទោះ​ការងារ​លំបាក និង​ប្រថុយប្រថាន​គ្រោះថ្នាក់​បែប​នេះ​ក្តី ក៏​ចេះ​តែ​ស៊ូទ្រាំ មិន​តែ​ប៉​ណ្ណោះ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សំណង់​នោះ បើក​ប្រាក់ខែ​មិន​ទៀងទាត់​ទៀត​ផង និង​បើក​ឲ្យ​ម្តង​បន្តិច​ៗ ព្រោះ​ខ្លាច​កម្មករ​រត់​នៅ​ពេល​ដែល​បើក​លុយ​អស់ ។ កម្មករ​ក្រុម​នោះ​បាន​បញ្ជាក់​ថា សម្រាប់​ក្រុម​របស់​គាត់​ធ្វើការ បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ​តែ​ជាង​២០០​បាត បើជា​កម្មករ​ជំនាញ អាច​ទទួល​បាន​ពី​៣០០​ឬ​ជាង​៣០០​បាត ចំណែក​កម្មករ​ជនជាតិ​ថៃ​វិញ ទទួល​បាន​ពី​៤០០​ទៅ​៥០០​បាត​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​តែ​ការងារ​ណា​ដែល​ស្រួល​ៗ​ទៀត​ផង ។

ក្រុម​កម្មករ​ដដែល​បាន​ឲ្យ​ដឹង​បន្ត​​​ថា ពួក​គេ​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ផ្នែក​សំណង់​នេះ ពិតជា​មានការ​លំបាក​ខ្លាំង មាន​ពេល​ខ្លះ​អត់​លុយ​ទៅ​ស្រុក​កំណើត​ដោយសារ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឲ្យ និង​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ទៀត ភាគច្រើន​កម្មករ​ខ្ចី​ឬ​ជំពាក់​មេការ​ដែល​ម៉ៅ​ការ​សំណង់ គឺ​នៅ​ពេល​បើក​ប្រាក់ខែ​សង​មេការ​វិញ​ស្ទើរ​គ្មាន​សល់ ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​បើក​ប្រាក់ខែ​ទៀងទាត់ តែ​មាន​តិច​ណាស់ ។ កម្មករ​ទាំងនោះ​បាន​រៀបរាប់​ថា ពួក​គាត់​បាន​ចាញ់បោក​មេខ្យល់ ដោយ​បាន​សន្យា​ថា ទៅ​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ បាន​ប្រាក់ខែ​ច្រើន គឺ​ក្នុង​មួយ​ថ្ងៃ នឹង​ទទួល​បាន​ប្រាក់​ពី​៧០០​ទៅ​១​ពាន់​បាត​ឯណោះ ទើប​ពួក​គាត់ បាន​សម្រេចចិត្ត​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​នេះ ដឹង​អី​លំបាក​យ៉ាងនេះ បើ​កម្មករ​ក្រៅពី​សំណង់​គួរសម​បន្តិច បើ​កម្មករ​ធ្វើ​សំណង់​ពិតជា​ពិបាក​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ