ខេត្តក្រចេះ ៖ រថយន្តកាមរីកញ្ចាស់មួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តរបស់បុគ្គលិកអង្គការការពារបរិស្ថាន និងជាអ្នកកាសែតដែលមានស្នាក់ការប្រចាំការតាមផ្លូវជាតិ បានបើកបោះពួយក្នុងល្បឿនលឿន ទំនងជាបើកដេញរថយន្តដឹកឈើ ក៏ជ្រុលទៅបុកលាន់ឮដូចរន្ទះ ជាមួយនឹងរថយន្តរបស់លោកអនុប្រធានមន្ទីរកសិកម្មខេត្ត នៅពេលត្រឡប់មកពីឃោសនាបោះឆ្នោត ។
អ្នកបើករថយន្តរបស់អង្គការនេះឈ្មោះ ញាត់ វ៉ុល អាយុ៣២ឆ្នាំ ដែលគេស្គាល់ថាជាបុគ្គលិកអង្គការបរិស្ថាន និងអួតថាជាអ្នកកាសែតដែរនោះ ។ អង្គការនេះមានស្នាក់ការជាប់ផ្លូវជាតិលេខ៧ ក្នុងឃុំសំបុក ស្រុកចិត្របុរី បានរងរបួសធ្ងន់ ក្រោយពីបង្កហេតុបើករថយន្តជ្រុលទៅបុកបង្គោលចម្រឹងចិញ្ចើមផ្លូវ និងជ្រុលទៅបុករថយន្តរបស់លោកអនុប្រធានមន្ទីរកសិកម្ម ។
សេចក្តីរាយការណ៍ឱ្យដឹងថា នៅថ្ងៃកើតហេតុ (៧ កក្កដា) បុគ្គលិកអង្គការរូបនេះបានបើករថយន្តរបស់ខ្លួនទំនងជាប្រដេញរថយន្តដឹកឈើ ទើបជ្រុលទៅបុករថយន្តរបស់លោក ភោគ សុធារឹទ្ឋ ដែលជាអនុប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលដែលលោកវិលត្រឡប់ពីការចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ហើយបានធ្វើដំណើរទៅចម្ការរបស់លោកនៅតាមផ្លូវជាតិលេខ៧ក្នុងឃុំចង្ក្រង់ ។ ក្នុងហេតុការណ៍នោះបានបង្កឱ្យភាគីទាំងសងខាងរងរបួសធ្ងន់ដូចគ្នា ។
សេចក្តីរាយការណ៍ឱ្យដឹងថា សព្វថ្ងៃសកម្មភាពនៃការដាក់កុងត្រូលជជុះរបស់អ្នកកាន់កាតកាសែត និងបុគ្គលិកអង្គការដែលនាំគ្នាចងអង្រឹងដេកសំដិលសំកុកចាំប្រដេញរថយន្តដឹកឈើ យកលុយតាមផ្លូវជាតិនិងតាមតំបន់នានាក្នុងខេត្ត គឺនៅតែកើតមានយ៉ាងពេញបន្ទុកដដែល ទោះបីមានការបង្ក្រាបអស់ជាច្រើនដងក្តី ។ ការបើករថយន្តប្រដេញជាហ្វូងៗពីក្រុមកុងត្រូលជជុះទាំងនេះ ទៅលើរថយន្តឬរ៉ឺម៉កដឹកឈើ គឺនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភពីអ្នកធ្វើដំណើរតាមដងផ្លូវជាតិនេះ ខណៈអាជ្ញាធរហាក់ដូចជានៅសម្ងំស្ងៀមមិនទាន់មានចំណាត់ការក្តៅណាមួយនៅឡើយ ដើម្បីលុបបំបាត់បាតុភាពអសកម្មទាំងនេះ ៕
ចែករំលែកព័តមាននេះ