ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​ឡើង​ខ្ពស់​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​ជើងឯក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​នៅ​តំបន់​បឹង​ជើងឯក ដែល​សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​សិក្សា ដោយ​បាន​សហការ​ជាមួយ​សាលា​ក្រុងប៉ារីស ប្រទេស​បារាំង​នោះ បាន​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​ស្រឺ​ត​ៗ ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​វិនិយោគ​នៅ​តំបន់​នេះ ។ អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បៃតង​នៅ​តំបន់​បឹង​ជើងឯក ដែល​សាលា​រាជ​ធានី​ភ្នំពេញ​កំពុង​សិក្សា ដោយ​បាន​សហការ​ជាមួយ​សាលា​ក្រុងប៉ារីស ប្រទេស​បារាំង​នោះ បាន​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​នោះ​ហក់​ឡើង​ខ្ពស់​ស្រឺ​ត​ៗ ដែល​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​វិនិយោគ​នៅ​តំបន់​នេះ ។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​តាម​​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​៦ កក្កដា ថា តំបន់​បឹង​ជើងឯក និង​បឹង​ទំពុន​មាន​ភាព​ទាក់ទាញ និង​ជា​តំបន់​ល្អ​សម្រាប់​ការ​អភិវឌ្ឍ ប៉ុន្តែ​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​មិន​ទាន់​មាន​ជា​ដុំ​កំភួន​ទេ តែ​តម្លៃ​ដី​បាន​កើន​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បុរី​មិន​អាច​ធ្វើ​បាន​ទេ នៅ​ពេល​តម្លៃ​ដី​កើនឡើង​ខ្ពស់​ដល់​កម្រិត​នេះ ។

អ្នក​នាង​បន្ត​ថា ៖« តម្លៃ​ដី​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ភាព​សម​ស្រប តែ​តម្លៃ​ដី​លំនៅ​ឋាន​មាន​តម្លៃ​ខ្ពស់ មិន​អាច​សាងសង់​បុរី​បាន​ទេ » ។ អ្នក​នាង​ថា ៖«​តំបន់​មួយ​មិន​អាច​មាន​តែ​សកម្មភាព​ពាណិជ្ជកម្ម ឬ​សាងសង់​តែ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះទេ ព្រោះ​សកម្មភាព​ពាណិជ្ជកម្ម​ត្រូវការ​ការ​គាំទ្រ​ពី​ប្រជាជន និង​ពី​អ្នក​អភិវឌ្ឍន៍​លំនៅឋាន » ។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភព​ថ្មី បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា តម្លៃ​ដី​នៅ​តំបន់​នោះ​ពិតជា​ឡើងថ្លៃ​ខ្ពស់​ពេក ដែល​ធ្វើ​ឲ្យ​មិន​អាច​សាងសង់​លំនៅ​ឋាន​លក់​បាន ដោយសារ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ដី​ខ្ពស់​រួច​ទៅ​ហើយ ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ជួប​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​ដី​ដើម្បី​អភិវឌ្ឍន៍ ឬ​សាងសង់​បុរី​ណាស់ ដោយសារ​តម្លៃ​ដី​កើនឡើង​ខ្ពស់​ពេក » ។

ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ និង​ផែនការ​អនាគត លោក ឃួ​ង ស្រេង បាន​ថ្លែង​ក្នុង​សិក្ខាសាលា​រួម​មួយ​ជាមួយ​ភាគី​ប្រទេស​បារាំង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់​ស្អាត សាលា​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងប៉ារីស ក្នុង​ការ​អភិវឌ្ឍ​តំបន់​ជើងឯក​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ដោយ​យក​គំរូ​តាម​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធា​រណៈ សំណង់​គ្រឹះស្ថាន និង​អគារ​ពាណិជ្ជកម្ម​នានា​ក្នុង​តំបន់​នេះ​នា​ពេល​ខាង​មុខ។

គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សាលា​ក្រុងប៉ារីស លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​តំបន់​ភាគ​ខាងត្បូង​ជាទី​តាំង​ដែល​មាន​ទំហំ​ធំ​ទូលាយ​មួយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេស សំណង់​ពាណិជ្ជកម្ម ជាដើម​ចមនាំ​ឱ្យ​សាលា​ក្រុងប៉ារីស ដែល​ជាទី​ក្រុង​មានបទពិសោធន៍​ក្នុង​ការ​រៀបចំ​ទីក្រុង​ឱ្យ​មាន​ភាព​ស្រស់បំព្រង ចង់ឱ្យ​តំបន់​នោះ​ក្លាយជា​តំបន់​បៃតង​មាន​បរិស្ថាន​ល្អ ជា​ពិសេស ចៀស​ផុត​ពី​គ្រោះ​ទឹកជំនន់ ។

លោកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលា​ក្រុងប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង បាន​ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុង ដែល​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​ជួប​ប្រទះ គឺ​មាន​ការងារ​អាទិភាព​ចំនួន​២ ត្រូវ​បាន​ដាក់​ឱ្យ​សិក្សា​ដូច​ជា ការ​រៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង និង​ការ​ពង្រឹង​ការ​រំដោះ​និង​ការ​គ្រប់គ្រង​ច្រាំង​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ ។

លោកស្រី​បន្ត​ថា ៖« ភាគី​បារាំង​តែងតែ​ជួយ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ដល់​សាលា​រាជ​ធានី​ភ្នំពេញ និង​បាន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​ពី​ការ​អភិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត នៃ​កិច្ច​ប្រតិបត្តិការ​លើ​ការ​រៀបចំ​អភិវឌ្ឍន៍ ជា​ពិសេស តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ